COVID-19
អន្តរជាតិ
មូលដ្ឋានទ័ព​អាមេរិក​២​នៅ​ជប៉ុន បិទ​ក្រោយ​ផ្ទុះ​ជំងឺ COVID-19
13, Jul 2020 , 9:59 pm        
រូបភាព
មូលដ្ឋានទ័ពអាមេរិក Marine Corps Air Station Futenma ក្នុងកោះ Okinawa (រូបពីវេបសាយ stripes.com)
មូលដ្ឋានទ័ពអាមេរិក Marine Corps Air Station Futenma ក្នុងកោះ Okinawa (រូបពីវេបសាយ stripes.com)
ដោយ:
​មូលដ្ឋានទ័ព​អាមេរិក​ចំនួន​២​ក្នុង​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ត្រូវបាន​បិទ​ក្រោយ​ផ្ទុះ​ករណី COVID-19 ច្រើន​។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ជប៉ុន​បាន​រិះគន់​កិច្ចប្រឹងប្រែង​ទប់ស្កាត់ COVID-19 របស់​យោធា​អាមេរិក​។

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga នៅ​ថ្ងៃទី​១៣ ខែកក្កដា បាន​បញ្ជាក់ថា ជំងឺ COVID-19 ចំនួន ៦២ ករណី ត្រូវបាន​រកឃើញ​ក្នុង​មូលដ្ឋានទ័ព​ចំនួន​៣​។ លោក​បន្តថា ៣៨​នាក់​គឺ​មកពី​មូលដ្ឋានទ័ព Marine Corps Air Station នៅ Futenma, ២២​នាក់​ក្នុង​មូលដ្ឋានទ័ព Camp Hansen និង​ម្នាក់​ក្នុង​មូលដ្ឋានទ័ព Camp Kinser ។ ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ចន្លោះ​ពីថ្ងៃ​ទី​៧ ខែកក្កដា​ដល់​ថ្ងៃទី​១២ ខែកក្កដា​។ 
 
​ឆ្លើយតប​នឹង​ការផ្ទុះ​រាលដាល​នេះ ការធ្វើដំណើរ​ចេក​ចេញពី​មូលដ្ឋានទ័ព​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ផ្អាក ចាប់ពី​ថ្ងៃទី ១២ ខែកក្កដា ខណៈ​មូលដ្ឋាន​អាកាស Futenma និង Camp Hansen ត្រូវបាន​បិទ​សិន​។ 
​នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ ទាំង​កងទ័ព​និង​ជន​ស៊ីវិល អាចធ្វើ​ដំណើរ​ដោយ​សេរី​នៅក្នុង​មូលដ្ឋានទ័ព​ទាំងពីរ​នេះ តែ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​ចាកចេញ រួមមាន ការ​ណាត់ជួប​ផ្នែក​វេជ្ជសាស្ត្រ​ជាដើម​។ 
 
«​ជប៉ុន និង​សហរដ្ឋអាមេរិក កំពុង​ចែករំលែក​ព័ត៌មាន​អំពី​ប្រវត្តិ​នៃ​សកម្មភាព​របស់​កងទ័ព​ដែល​ឆ្លង COVID-19»​។ លោក Suga អះអាង​ដូច្នេះ នៅ​សន្និសីទ​ព័ត៌មាន​មួយ​។ 
 
​ការ​ហក់​ឡើង​នៃ​ករណី​ឆ្លង COVID-19 នេះ បាន​បង្ក​ជា​ភាព​តានតឹង​ជាមួយ​មន្ត្រី​តំបន់​ជប៉ុន​។ ក្នុងនោះ​អភិបាលខេត្ត Okinawa លោក Denny Tamaki នៅ​ថ្ងៃទី​១១ ខែកក្កដា បាន​និយាយថា លោក​មិនសូវ​ទុកចិត្ត​តួលេខ​ដែល​ផ្ដល់​ឲ្យ​ដោយ​ភាគី​យោធា​អាមេរិក ហើយ​ទាមទារ​ឲ្យ​ពួកគេ​បញ្ចេញ​តួលេខ​ពិតប្រាកដ​។ 
 
«​ប្រជាជន​រស់នៅក្នុង​ខេត្ត Okinawa តក់​ស្លុក​ចំពោះ​អ្វីដែល​យោធា​អាមេរិក​បាន​ប្រាប់​ពួកគេ​»​។ លោក​អភិបាល Tamaki បញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​បែបនេះ ដោយ​បន្ថែមថា លោក​មាន​មន្ទិលសង្ស័យ​ខ្លាំង​ចំពោះ​វិធានការ​បង្ការ​ជំងឺ COVID-1៩ ដែល​ដាក់ចេញ​ដោយ​យោធា​អាមេរិក​។ 
 
​ត្រង់ចំណុច​នេះ លោក Tamaki បានទាមទារ​តម្លាភាព​ក្នុង​ការវិវត្ត​ចុងក្រោយ​ក្នុង​សំណុំ​រឿងនេះ ហើយ​និយាយថា លោក​មាន​គម្រោង​ស្នើសុំ​កិច្ចសន្ទនា​រវាង​មន្ត្រី​របស់​ខេត្ត Okinawa និង​យោធា​អាមេរិក​។ ទន្ទឹមនេះ លោក​អភិបាលខេត្ត​រូបនេះ និយាយថា មន្ត្រី​លោក​ក៏បាន​ស្នើសុំ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​អាមេរិក​ផ្ដល់ព័ត៌មាន​លម្អិត រួមមាន ចំនួន​ករណី​ឆ្លង បិទ​មូលដ្ឋានទ័ព Futenma និង​មូលដ្ឋានទ័ព Camp Hansen ហើយ​ដាក់ចេញ​វិធានការ​បង្ការ​ជំងឺ​លើ​មូលដ្ឋាន​ទាំងនេះ​។ 
 
​កងទ័ព​អាមេរិក​ជាង​២​ម៉ឺន​នាក់ កំពុង​ប្រចាំការ​នៅ​មូលដ្ឋានទ័ព​ពួកគេ​ក្នុង​កោះ Okinawa ។ ក្នុងប្រទេស​ជប៉ុន អាមេរិក​មាន​កងទ័ព​សរុប​ប្រមាណ​៥​ម៉ឺន​នាក់ ដែល​ធ្វើការ​ក្រោម​កតិកាសញ្ញា​សន្តិសុខ​ទ្វេភាគី ។ ប្រជាជន​ជប៉ុន​ដែល​រស់នៅ​តំបន់​ក្បែរ​មូលដ្ឋានទ័ព​អាមេរិក មិនសូវ​ពេញចិត្ត ហើយ​តែង​រអ៊ូ​ទាំង​ពាក់ព័ន្ធ​នឹង​រឿង​បំពុល សំឡេង​រំខាន និង​ឧក្រិដ្ឋកម្ម​ជាដើម ៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com