អន្តរជាតិ
យន្តហោះ​ចម្បាំង​ចិន J-20 ត្រូវ​ផលិត​ទ្រង់ទ្រាយ​ធំ ក្រោយ​ដំឡើង​ទៅ​ជំនា​ន់ទី​៥
14, Jul 2020 , 8:29 am        
រូបភាព
យន្តហោះចម្បាំង J-20 របស់ចិន អំឡុងកម្មវិធីពិព័រណ៍មួយកាលពីឆ្នាំ២០១៨ ដើម្បីអបអរខួបទី៦៩ឆ្នាំ នៃកងទ័ពអាកាសចិន។ រូបភាព Xinhua
យន្តហោះចម្បាំង J-20 របស់ចិន អំឡុងកម្មវិធីពិព័រណ៍មួយកាលពីឆ្នាំ២០១៨ ដើម្បីអបអរខួបទី៦៩ឆ្នាំ នៃកងទ័ពអាកាសចិន។ រូបភាព Xinhua
ដោយ:
​យន្តហោះ​បំបាំងកាយ​ដំបូង​របស់​ចិន ស៊េរី J-20 បាន​ចូល​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​ជា​ផ្លូវការ​ហើយ ក្រោយ​បច្ចេកវិទ្យា​របស់​យន្តហោះ​នេះ​ឡើង​ថ្នាក់​ជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​។ នេះ​បើតាម​ប្រភព​យោធា​ចិន​ដែល​ដឹង​ពី​គម្រោង​នេះ ប្រាប់​កាសែត​ហុងកុង South China Morning Post ។

 
 
«​ការផលិត​ទ្រង់ទ្រាយ​ធំ​របស់​យន្តហោះ​ចម្បាំង J-20B បានចាប់ផ្ដើម​ហើយ កាលពី​ថ្ងៃទី​៨ ខែកក្កដា​។ ចុងក្រោយ វា​បានក្លាយ​យន្តហោះ​បំបាំងកាយ​ពេញលេញ ដោយ​សមត្ថភាព​វា​ត្រូវ​តាម​លក្ខណៈវិនិច្ឆ័យ​ត្រឹមត្រូវ​»​។ ប្រភព​យោធា​ចិន អះអាង​បែបនេះ​។ 
 
​ការប្រកាស​ពី​ដំណឹង​នេះ បានធ្វើ​ឡើង​នៅ​ពិធី​ដាក់​បង្ហាញ​យន្តហោះ J-20B ដែល​ទើប​ត្រូវបាន​ដំឡើង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ជាង​មុន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ ក្នុង​កម្មវិធី​នេះ ក៏មាន​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​យោធា​ចិន​ជាច្រើន​នាក់ រួមមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ Zhang Youxia អនុប្រធាន​គណៈកម្មកា​រ​យោធា​មជ្ឈិម ហើយក៏​ជា​អ្នកទទួលបន្ទុក​កម្មវិធី​អភិវឌ្ឍន៍​សព្វាវុធ​សម្រាប់​កងទ័ព​រំដោះប្រជាជន​ផងដែរ​។ នេះ​បើតាម​ប្រភព​យោធា​ចិន​ដដែល ដោយ​ចុះផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​១២ ខែកក្កដា​។ 
 
«​ការផ្លាស់ប្តូរ​ដ៏​សំខាន់បំផុត​មួយ​របស់​យន្តហោះ​ចម្បាំង J-20B នេះ គឺថា ឥឡូវនេះ វា​បំពាក់​ទៅដោយ​ប្រព័ន្ធគ្រប់គ្រង​វិក​ទ័​រ​រុញ (Thrust Vector Control)»​។ ប្រភព​យោធា​ចិន បញ្ជាក់​បែបនេះ​។ ប្រព័ន្ធ​បច្ចេកវិទ្យា Thrust vector control (TVC) អនុញ្ញាត​ឲ្យ​អ្នកបើកបរ​គ្រប់គ្រង​យន្តហោះ​ចម្បាំង​ពួកគេ​ប្រសើរ​ជាង​មុន ដោយ​ការផ្លាស់ប្ដូរ​ទិសដៅ​កម្លាំង​រុញ​របស់​ម៉ាស៊ីន​។ 
 
​ខណៈ​បច្ចេកវិទ្យា TVC ត្រូវបាន​បំពាក់​ទៅ​ឲ្យ​យន្តហោះ​ចម្បាំង​ទំនើប​ជាងគេ​របស់​ចិន​នេះ យន្តហោះ​យោធា J-20B នឹង​នៅតែ​បន្ត​ប្រើប្រាស់​ម៉ាស៊ីន​យន្តហោះ​ដែល​ផលិត​ដោយ​រុស្ស៊ី Saturn AL-31 ព្រោះថា ម៉ាស៊ីន​ចិន WS-15 ដែល​គ្រោង​បំពាក់​ឲ្យ​យន្តហោះ J-20B ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​។ នេះ​បើតាម​ប្រភព​យោធា​ចិន​ដដែល​។​
 
​តាម​កាសែត South China Morning Post បច្ចុប្បន្ន ក្រុម​វិស្វករ​ចិន​កំពុង​អភិវឌ្ឍ​ម៉ាស៊ីន WS-15​សម្រាប់​យន្តហោះ​ចម្បាំង​ត្រកូល J-20 ក៏ប៉ុន្តែ​ការងារ​នេះ មាន​ភាពយឺតយ៉ាវ​ជាង​ផែនការ​។ ត្រង់ចំណុច​នេះ ប្រភព​ដដែល​និយាយ​ដូច្នេះ​ថា​៖«​ម៉ាស៊ីន​យន្តហោះ​ចិន​ដែល​អភិវឌ្ឍ​សម្រាប់​ត្រកូល J-20 នៅតែ​ពុំទាន់​ជោគជ័យ​ជា​ស្ថាពរ ក៏ប៉ុន្តែ​ការអភិវឌ្ឍ​របស់​វា ដំណើរការ​ទៅមុខ​ដោយ​រលូន ហើយ​វា​ប្រហែលជា​រួចរាល់​ក្នុង​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ខាងមុខ​»​។ 
 
​គិត​ត្រឹម​ចុងឆ្នាំ​២០១៩ ចិន ត្រូវបាន​គេ​ប៉ាន់​ស្មានថា​ផលិត​យន្តហោះ​ត្រកូល J-20 ប្រមាណ ៥០​គ្រឿង​ហើយ ក៏ប៉ុន្តែ​បញ្ហា​ជាមួយ​ការអភិវឌ្ឍ​ម៉ាស៊ីន​របស់​យន្តហោះ​នេះ បាន​ពន្យារពេល​គម្រោង​ផលិត​។ យន្តហោះ​ចម្បាំង​ស៊េរី J-20 ជុំ​ទី​១ របស់​ចិន បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៧ ។ 
 
​យន្តហោះ​ចម្បាំង J-20 ត្រូវបាន​ជាប់​ឈ្មោះ​ជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ ដែល​ដូចគ្នា​នឹង​យន្តហោះ​ចម្បាំង F-22 Raptor និង​យន្តហោះ​ចម្បាំង F-35 របស់​ក្រុមហ៊ុន​អាមេរិក Lockheed ។ យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ គឺ​សំដៅលើ​បច្ចេកវិទ្យា​បំបាំងកាយ (​គេច​ផុតពី​ការ​តាម​ចាប់​របស់​រ៉ា​ដា​) ល្បឿន​លឿន​ជាង​សំឡេង ភាពបត់បែន​គ្រប់​កាលៈទេសៈ​ដោយ​ងាយស្រួល និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ផុត​លេខ​៕
 
 

Tag:
 ចិន​
  យន្តហោះ​ចម្បាំង​
  J-20
© រក្សាសិទ្ធិដោយ thmeythmey.com