កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​ល្បុក្កតោ រំលឹក​ពី​ការឯកភាព​ផ្ទៃក្នុង​បើ​ចង់​ឲ្យ​គុន​នេះ​ជាប់​ក្នុង​បញ្ជី​យូណេស្កូ​
14, Jul 2020 , 7:59 am        
រូបភាព
លោកទេសរដ្ឋមន្ត្រី_ច័ន្ទ_សារុន_ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
លោកទេសរដ្ឋមន្ត្រី_ច័ន្ទ_សារុន_ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ដោយ:
​ការឯកភាព​ផ្ទៃក្នុង ជា​ផ្នែក​មួយ​ស្ថិតក្នុង​ការវាយតម្លៃរ​បស់​អង្គការ​យូណេស្កូ​(UNESCO) ដើម្បី​ឈានទៅ​សម្រេច​ក្នុងការ​ចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ជំរុញ​ឲ្យ​ក្លិប សមាគម និង​សមាជិក​ប្រតិបត្តិ ត្រូវមាន​ការឯកភាព​គ្នា​ជា​ធ្លុង​មួយ ដ្បិត​អ្នកជំនាញ​របស់​អង្គការ​នេះ នឹង​ចុះមក​វាយតម្លៃ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ 

 
​ទាំង​លោក ច័ន្ទ សារុន និង​លោក វ៉ា​ត់ ចំរើន ប្រធាន​និង​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​បន្ត​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​មានការ​ឯក​ផ្ទៃក្នុង​រវាង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ និង​ក្លិប​សមាគម​ជា​សមាជិក​។ ដ្បិត លោក ទាំងពីរ​អះអាងថា ការឯកភាព​ផ្ទៃក្នុង​ក្នុង​មហា​គ្រួសារ​គុន​ល្បុក្កតោ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​វាយតម្លៃ​របស់​អង្គការ UNESCO ដើម្បី​ចុះ​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​នេះ​។ 
 
​សម្រាប់​លោក វ៉ា​ត់ ចំរើន ល្បុក្កតោ​អាច​សម្រេច​បំណង​ក្នុងការ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ទៅបាន ទាល់តែ​មហា​គ្រួសារ​ល្បុក្កតោ​បង្ហាញ​ការឯកភាព​ជា​ធ្លុង​មួយ គ្មាន​ការទាស់ទែង ឬ​ឈ្លោះប្រកែក​គ្នា​។ ការលើកឡើង​នេះ មិនមែន​មានន័យថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កំពុងមាន​ទំនាស់​ផ្ទៃក្នុង​នោះទេ​។ 
 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​មកពី​ក្លិប​-​សមាគម​នានា​ទូទាំងប្រទេស​លោក វ៉ា​ត់ ចំរើន បានលើកឡើង​ដូច្នេះ​ថា​៖«​អង្គការ UNESCO ក៏ដូចជា​ខាង​ក្រសួង​វប្បធម៌ អ្នកកាន់ការ​ផ្ទាល់​គេ​ថា ដើម្បី​ឲ្យ​យើង​ជាប់​ក្នុងការ​ចុះបញ្ជី ទាល់តែ​យើង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​គ្រួសារ​ល្បុក្កតោ​យើង បង្ហាញ​គេ​ថា យើង​អត់​ឈ្លោះ​គ្នា យើង​កំពុង​ខិតខំ​ធ្វើ​សកម្មភាព​ក្នុងការ​ផ្តល់​តម្លៃ​ជា​សកល​របស់​ក្បាច់គុន​ក្នុងប្រទេស​របស់​យើង ឲ្យ​ក្លាយជា​ធ្លុង និង​សំឡេង​តែមួយ​»​។ 
 
​ជាមួយគ្នានេះ​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​បានដាក់​ចេញ​គោលការណ៍​ចំនួន​៦​ចំណុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ក្នុង​គោលការណ៍​ទាំង​៦​ចំណុច មាន​១​ចំណុច​មាន​ចំណុច​មួយ លោក ជំរុញ​ឲ្យ​មានការ​ឯកភាព​ផ្ទៃក្នុង និង​កា​រប​ង្រួ​បង្រួម​។ 
 
​លោក​បាន​បញ្ជាក់ថា​៖«​យើង​នៅទីនេះ​ទាំងអស់គ្នា​ចាំបាច់ ត្រូវ​តាំងចិត្ត​បង្រួបបង្រួម ព្រឹទ្ធាចារ្យ គ្រូបង្វឹក កីឡាករ កីឡាការិនី សិស្ស​គុន​ល្បុក្កតោ​នៅ​ទូទាំងប្រទេស ដោយ​បើកចំហ​វិសាលភាព​ការងារ ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ បើក​សាលា​គុន ការចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា ដើម្បី​ស្វែងរក​គុណភាព​កីឡាករ កីឡាការិនី​ឆ្នើម​ប្រកបដោយ​ទេពកោសល្យ​»​។ 
 
​ការជំរុញ​បែបនេះ​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ ធ្វើឡើង​ក្រោយ​ទទួលដំណឹង​មក​ថា អ្នកជំនាញការ​របស់​អង្គការ UNESCO នឹង​មក​ស៊ើបអង្កេត​ក្នុងពេល​ឆាប់​ខាងមុខនេះ ដើម្បី​ពិនិត្យ​ពី​ភាពត្រឹមត្រូវ​តាម​ឯកសារ ដែល​កម្ពុជា​បានដាក់​ឲ្យ​អង្គការ​នេះ​។ ក្នុងការ​ចុះមក​ត្រួតពិនិត្យ និង​អង្កេត​នេះដែរ អង្គការ​នេះ​នឹង​វាយតម្លៃ​លើ​ការឯកភាព​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​តាម​ក្លិប​សមាគម​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន អង្គការ UNESCO នឹង​ផ្តល់ដំណឹង​ឲ្យ​កម្ពុជា​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ពាក់ព័ន្ធ​នឹង​លទ្ធភាព​ត្រូវ​បន្ត​ទៅមុខ ឬ​ត្រូវ​កែប្រែ​បន្ថែមទៀត​។ អង្គការ​នេះ នឹង​ប្រកាស​លទ្ធផល​ជាប់ ឬ​ធ្លាក់​ក្នុងការ​ចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នោះដែរ កម្ពុ​ជាមាន​ការងារ​ពីរ ដែល​ត្រូវធ្វើ គឺ​ត្រៀម​ទូងស្គរ​នៅតាម​វត្ត​អារាម​ទូទាំងប្រទេស​នៅពេល​ជាប់ និង​ត្រៀម​បកស្រាយ​ការរិះគន់​របស់​មហាជន​នៅពេល​ធ្លាក់​។ 
 
​ក្រៅពី​ការងារ​ចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ការងារ​ជាច្រើន ដែល​សហព័ន្ធ​ត្រូវធ្វើ​នៅ​ឆ្នាំនេះ ដើម្បី​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការងារ​ទាំងនោះ​រួមមាន​ការបញ្ជូន​គ្រូបង្វឹក និង​មន្ត្រី​អាជ្ញាកណ្តាល​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ និង​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដល់​កីឡាករ​របស់​ពួកគេ​។ 


 
​ការងារ​សំខាន់​មួយទៀត​នោះ គឺ​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម និង​ការត្រៀម​សម្តែង​ក្នុង​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវការ​អ្នក​ហាត់គុន​ល្បុក្កតោ​ចន្លោះ​ពី​៥​ពាន់​ទៅ​១​ម៉ឹ​ន​នាក់​។ នៅ​ឆ្នាំនេះ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ជំនួប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ដល់​បណ្តា​ប្រទេស​ទាំងនោះ និង​ការត្រៀម​រៀបចំ​ការប្រកួត Pre-SEA Games ជាដើម​។ 
 
​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នេះដែរ លោក ច័ន្ទ សារុន បានដាក់​ចេញ​នូវ​គោលការណ៍​៦​ចំណុច ដើម្បី​អភិវឌ្ឍ​ន័​កីឡា​គុន​ល្បុក្កតោ​។ គោលការណ៍​ទាំងនោះ​រួមមាន​ទី​១, ពង្រឹង​យន្តការ​ច្បាប់ ពង្រឹង​ការគោរព​លក្ខន្តិកៈ​បទ​បញ្ជា​ផ្ទៃក្នុង និង​សេចក្តីណែនាំ​របស់​សហព័ន្ធ ហើយ​ពិនិត្យ​កែសម្រួល​ឡើងវិញ​ក្នុងករណី​ចាំបាច់ ឲ្យ​អនុលោមភាព​តាម​បទ​ប​ញ្ញ​តិ្ត ក្រមសីលធម៌​កីឡា និង​គោលការណ៍ Fair Play ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​ទី​២,​យើង​នៅទីនេះ​ទាំងអស់គ្នា​ចាំបាច់ ត្រូវ​តាំងចិត្ត​បង្រួបបង្រួម ព្រឹទ្ធាចារ្យ គ្រូបង្វឹក កីឡាករ កីឡាការិនី សិស្ស​គុន​ល្បុក្កតោ​នៅ​ទូទាំងប្រទេស ដោយ​បើកចំហ​វិសាលភាព​ការងារ ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ បើក​សាលា​គុន ការចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា ដើម្បី​ស្វែងរក​គុណភាព​កីឡាករ កីឡាការិនី​ឆ្នើម​ប្រកបដោយ​ទេពកោសល្យ​។ 
 
​ទី​៣, លើកតម្កើង​កិត្តិយស​សេចក្តីថ្លៃថ្នូរ និង​ការគោរព​ដឹងគុណ​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ទាំងអស់ ឲ្យ​មានគុណ​តម្លៃ​ជាការ​អប់រំ​សិស្ស​គុន​ល្បុក្កតោ​គ្រប់​ជំនាន់​តទៅ​អនាគត​។ ទី​៤, ពង្រឹង​ឥទ្ធិពល ដោយ​ពង្រឹង​ការផ្សព្វផ្សាយ​គុន​ល្បុក្កតោ​ទូទាំងប្រទេស និង​ពិភពលោក​តាមរយៈ​គ្រូបង្វឹក​គុន​ល្បុក្កតោ​ខ្មែរ​ទាំង​ក្នុង​និង​នៅក្រៅ​ប្រទេស​។ 
 
​ទី​៥, ពង្រឹង​ការងារ​បណ្ឌិតសភា​គុន​ល្បុក្កតោ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​អប់រំ​គុន​ល្បុក្កតោ និង​កីឡា​ល្បុក្កតោ​សម្រាប់​ទាំងអស់គ្នា និង​ទី​៦​ពង្រឹងគុណភាព គុណ​ផល​កីឡា​គុន​ល្បុក្កតោ​កម្រិត​ខ្ពស់ ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នោះដែរ លោក កែវ រ៉េមី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ខិតខំ​ហ្វឹកហាត់ និង​គោរព​ពេលវេលា​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស លោក​សង្កត់ធ្ងន់ថា កីឡាករ​ជំនាន់​ក្រោយ​ត្រូវគោរព ឲ្យ​តម្លៃ​រៀមច្បង ទោះ​ខ្លួន​មាន​សមត្ថភាព​ខ្លាំង​ជាង​យ៉ាងណាក៏ដោយ​។ ព្រោះ​ការធ្វើ​បែបនេះ​ជាការ​បង្ហាញ​ទង្វើ​មួយ​ដ៏​ត្រឹមត្រូវ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​។ 
 
 

Tag:
 គុន​ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  ច័ន្ទ សារុន​
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com