ជាតិ
សង្គមជាតិ
ខ្មែរ​ម្នាក់ សម្លាប់​ខ្មែរ​គ្នាឯង លើ​ទូក​នេសាទ​ប្រទេស​ថៃ
13, Jul 2020 , 4:50 pm        
រូបភាព
រូបពីសារព័ត៌មាន The Thaiger របស់ថៃ
រូបពីសារព័ត៌មាន The Thaiger របស់ថៃ
​បុរស​ខ្មែរ​ម្នាក់ ជា​កម្មករ​នេសាទ ក្នុងប្រទេស​ថៃ បានសម្លាប់​បុរស​ខ្មែរ​គ្នាឯង​ម្នាក់ ជា​កម្មករ​នេសាទ​ដែរ នៅលើ​ទូក​នេសាទ ដែល​ស្ថិត​លើ​សមុទ្រ​នៃ​ភាគខាងត្បូង​ខេត្ត ណា​ខុន ស៊ីថា​ម៉ា​រ៉ាត់ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍របស់​ថៃ​។

 
 
​ជនល្មើស​ឈ្មោះ ឡុង ណៃ អាយុ​៤១ ឆ្នាំ ត្រូវបាន​ប្រគល់​ឲ្យ​ប៉ូលីស​ហើយ ចំណែក ជនរងគ្រោះ​ឈ្មោះ វ៉ាន់ វិឆៃ អាយុ​៤៨​ឆ្នាំ​។ បាងកក​ប៉ុស្តិ៍ បាន​ស្រង់​សម្តី​របស់លោក Methi Pachuenjai អធិការរង​ស្រុក ថា សាឡា ក្នុង​ខេត្ត​ណា​ខុន ស៊ីថា​ម៉ា​រ៉ាត់ យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ទាំងពីរ មាន​ជម្លោះ​ផ្ទាល់ខ្លួន​យ៉ាងខ្លាំង​។ ពេល​កំពុងស្ថិត​លើ​ទូក​នេសាទ អ្នក​ទាំងពីរ ក៏បាន​វាយតប់​គ្នា​ដែរ​»​។
   
​ពេល​ឃាតកម្ម​កើតឡើង​ភ្លាម អ្នកបើក​ទូក​នេសាទ បានដាក់​ជនល្មើស ឲ្យ​នៅក្នុង​បន្ទប់ ជាមួយនឹង​សាកសព (​ជនល្មើស​) ហើយ​ចាក់សោ បន្ទាប់មក ក៏បាន​រាយការណ៍​ទៅ​ប៉ូលិស តាម​វិទ្យុទាក់ទង​។ បើតាម​បាងកក​ប៉ុស្តិ៍ ជនល្មើស សារភាពថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នេះ​មែន​។​
 
​បាងកក​ប៉ុស្តិ៍ សរសេរថា សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវបាន​យកទៅ​ទុក​នៅ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​នេសាទ​ដូចគ្នា ពេល​ទូក​នេសាទ​នោះ ដល់​ច្រាំង​វិញ​។ យ៉ាងណា គេ មិនទាន់​ដឹងថា មកដល់ពេលនេះ សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​ហើយ ឬក៏​នៅ​នោះទេ​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ពី​រឿងនេះ​បានឡើយ ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ​៕ 
 

Tag:
 កម្មករ​នេសាទ​ខ្មែរ​
  ឃាតកម្ម​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com