ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ឯកភាព​ឲ្យ​សម្រាក​ពីថ្ងៃ​១៧ ដល់​ថ្ងៃ​២១​សីហា ជំនួស​ថ្ងៃ​ចូលឆ្នាំ ដែល​មិនបាន​ឈប់​
13, Jul 2020 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្នើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដាក់ចេញ​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​ឈប់​ចូលឆ្នាំ​ខ្មែរ ដែល​រដ្ឋាភិបាល​ហាម​ពលរដ្ឋ​ឈប់សម្រាក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចារ​យល់ព្រម​លើ​សំណើ​នោះ​ហើយ​។



​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ផ្ញើ​សំណើ​នេះ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ជា​អ្នកសម្រេច ក្រោយពី​បើក​កិច្ចប្រជុំ​ជាមួយនឹង​សមាគម​កាត់ដេរ​កម្ពុជា សហព័ន្ធ​ទេសចរណ៍ សភាពាណិជ្ជកម្ម​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ លោក ជម្រាប់​សម្តេច​ថា ការយក​ថ្ងៃទី ១៧-២១ ខែសីហា​នេះ ជា​ថ្ងៃ​សង​ឈប់សម្រាក ដោយសារតែ​ពេលវេលា​នោះ ស្ថិតនៅ​ចន្លោះ​ថ្ងៃ​ឈប់សម្រាក​មួយខែ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៦-១៨ ខែកញ្ញា​។ ជាពិសេស ជា​ថ្ងៃ​ដែល​កម្មករ កម្មការិនី ទទួលបាន​ប្រាក់ខែ​មុន​ថ្ងៃ​ឈប់សម្រាក ដែល​អាច​ឲ្យ​ពួកគេ​មានលទ្ធភាព​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​នានា​។ 
 
​បើតាម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​រូបនេះ ថ្ងៃ​ឈប់​នៅ​ខែសីហា​នោះ ក៏​ជា​ពេលវេលា​មួយ ដែល​សហគ្រាស បញ្ចប់​ចង្វាក់​ផលិតកម្ម និង​អាច​នាំចេញ​ទំនិញ ទៅតាម​ការបញ្ជា នៅមុន​ថ្ងៃទី​១២ ខែសីហា  ដែលជា​កាលបរិច្ឆេទ​នៃ​ការចូល​ជា​ធរមាន នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ លើកលែងតែ​អាវុធ (Everything But Arms)​។ លើសពីនេះ ក៏​ជា​ពេល​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់​ផ្ទះសំណាក់ នៅតាម​តំបន់​ទេសចរណ៍​នានា ត្រៀម​រៀបចំ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។  
 
​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​យក​ថ្ងៃ​ឈប់សម្រាក​នោះ ជា​ថ្ងៃ​ពន្យារពេល​នៃ​ការដាក់​លិខិត​ប្រកាស​ពន្ធ សម្រាប់​ប្រចាំ​ខែសីហា ព្រមទាំង​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ អាជ្ញាធរ​ដែនដី រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត  សហការគ្នា​ពង្រឹង​ការអនុវត្ត និង​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕ 
 
 

Tag:
 ឈប់សម្រាក​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com