កីឡាអន្តរជាតិ
អន្តរជាតិ
Man City បាន​លេង Champions League រដូវ​កាល​ក្រោយ​វិញ ក្រោយ​ឈ្នះ​ឧទ្ធរណ៍​
13, Jul 2020 , 10:39 pm        
រូបភាព
​ក្រុម Manchester City បាន​រួច​ផុតពី​ការហាមឃាត់​លេង​ក្នុង​ក្របខណ្ឌ UEFA Champions League រយៈពេល​២​ឆ្នាំ​ហើយ ក្រោយ​ឈ្នះក្តី​នៅឯ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្នុងប្រទេស​ស្វ៊ី​ស នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ​។ CAS បានប្រកាសថា ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ បានបង្ហាញ​ទិន្នន័យ​ច្បាស់លាស់​អស់ហើយ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី UEFA កន្លងមក​។​


​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ធ្លាប់បាន​ចោទប្រកាន់ និង​ដាក់ពិន័យ Man City មិន​ឲ្យ​លេង Champions League ២​រដូវ​កាល ក្រោយ​ពួកគេ​រកឃើញថា​ក្លិប​អង់គ្លេស​មួយ​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​ហិរញ្ញវត្ថុ «Financial Fair Play» ដោយ​ចោទថា​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ដើម្បី​ទិញដូរ​កីឡាករ​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​។ UEFA ថែមទាំង​បាន​ពិន័យ​ក្លិប​មេឃ​ខៀវ​ជា​ប្រាក់​៣១,៦០ លាន​ដុល្លារ​ទៀតផង​។​
 
​យ៉ាងណាក៏ដោយ ក្លិប​ដែលមាន​ម្ចាស់​ជា​សេដ្ឋី​លោក Sheikh Mansour មិន​ទទួលយក​ការពិន័យ​នេះឡើយ ហើយ​បាន​ប្តឹង​ឧ​ទ្ធ​ប្រឆាំងនឹង​ការសម្រេច​របស់ UEFA នេះ​។​
 
​ជា​លទ្ធផល បណ្ដឹងឧទ្ធរណ៍​របស់ Man City ទទួលបាន​ជោគជ័យ​។ លើសពីនោះ តុលាការ​អាជ្ញាកណ្តាល​កីឡា ត្រូវ​បន្ថយ​ការពិន័យ​ជា​ប្រាក់ Man City នៅត្រឹម ១១,៣១​លាន​ដុល្លារ​វិញ​។ 
 
​ក្រោយ​ឈ្នះក្តី ក្លិប Man City រៀបរាប់ថា​ការសម្រេចចិត្ត​នេះ គឺ​ដោយសារ​ខ្លួន​មាន​ភស្តុតាង​ច្បាស់លាស់​សម្រាប់​បង្ហាញ​ទៅកាន់ CAS ។ «​ក្លិប​សូម​ថ្លែងអំណរគុណ​ដល់​សមាជិក​គណៈកម្មាធិការ​ចំពោះ​ការប្រឹងប្រែង និង​ដំណើរការ​ដ៏​ត្រឹមត្រូវ​របស់ CAS»​។ Man City បន្ថែម​ដូច្នេះ​។​
 
​ក្នុងករណី​នេះដែរ UEFA ក៏បាន​គោរព​តាម​សេចក្តីសម្រេច​របស់ CAS ដោយ​បញ្ជាក់ថា ស្ថាប័ន​ខ្លួន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ការពារ​ក្លិប​កីឡាបាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​លើ​ការចំណាយ​ហួសកំណត់​លើស​ប្រាក់ចំណូល ដែល​នាំ​ឲ្យ​ក្លិប​ទាំងនោះ​ប្រឈម​នឹង​ជំពាក់​បំណុល​គេ​៕

Tag:
 Champions League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com