លោក Roland ច្នៃ​កង់​កម្ពស់​ជិត​២​ម៉ែត្រ​ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​មើល​កម្សាន្ត​
ជាតិ
លោក Roland ច្នៃ​កង់​កម្ពស់​ជិត​២​ម៉ែត្រ​ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​មើល​កម្សាន្ត​
13, Jul 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ លោកអ្នក​ប្រហែលជា​ធ្លាប់​ឃើញ​ហើយ កង់​មួយ​ដ៏​ចម្លែក​ដែលមាន​កម្ពស់​ជិត ២​ម៉ែត្រ ពេល​លោក​-​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ​។ កង់​មួយ​នេះ​ត្រូវបាន​ច្នៃ​ឡើង​ដោយ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​គឺ​លោក Roland Uly ។ បុរស​រូបនេះ​អះអាងថា មូលហេតុ​ដែល​លោក​ច្នៃ​កង់​នេះ​ឡើង គឺ​ដើម្បី​គយគន់​ទេសភាព​តាមផ្លូវ​បាន​ងាយស្រួល​ពេលធ្វើ​ដំណើរ និង បម្រើ​ជា​ចំណី​ចក្ខុ​ដ៏​ប្លែក​សម្រាប់​ពលរដ្ឋ​កម្ពុជា​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​MOJO ដែល​ផលិត​ដោយ​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖

 
 
​រស់នៅ​កម្ពុជា​អស់ ១១​ឆ្នាំ បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ ៣៩​ឆ្នាំ Roland បាន​រៀបរាប់ថា លោក​បាន​ចំណាយ​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ច្នៃ​កង់​ពណ៌​ទឹកក្រូច​មួយគ្រឿង​ដែលមាន​កម្ពស់​ជិត​២​ម៉ែត្រ​នេះ​ឡើង​។ លោក​បាន​រៀបរាប់​ដូច្នេះ​៖ «​ដំបូង​ឡើយ ខ្ញុំ​មាន​កង់​ខូច​ពីរ ខ្ញុំ​គិតថា បើសិនជា ជួសជុល​ជា​កង់​ធម្មតា វា​នឹងមាន​រូបភាព​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ខ្ញុំ​យក​វា​ភ្ជាប់​គ្នា​ជា​កង់​ខ្ពស់​មួយ ហើយ​សាកល្បង​ជិះ​វា វា​ក៏​ជា​បទពិសោធ​ថ្មី​សម្រាប់​ខ្ញុំ​ដែរ​។ ម្យ៉ាង​បើសិនជា គេ​[​ចូលចិត្ត​]​មើល​កង់​នេះ វា​ក៏​ល្អ​ម្យ៉ាងដែរ​»​។​
 
​ជា​គ្រូបង្រៀន​ភាសា​ឥណ្ឌូណេស៊ី​ផង លោក Roland តែងតែ​ចំណាយពេល​ជិះ​កង់​ខ្ពស់​របស់ខ្លួន​ដើម្បី​កម្សាន្ត​នៅតាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ម្ដងម្កាល​លោក​ក៏​ជិះ​កង់​នេះ​ទៅកាន់​ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ​ដែរ​។​


 
Roland បាន​អះអាងថា លោក​ទស្សនា​ទេសភាព​ច្បាស់ៗ​ពី​ទី​ខ្ពស់​ពេល​កំពុង​ជិះ​កង់ ហើយ​ពេល​អ្នកដំណើរ​ឃើញ​លោក​ជិះ​កង់​ដ៏​ចម្លែក​នេះ គេ​តែង​នាំគ្នា​សើច​សប្បាយ​។ លោក​អះ​អា​ថា លោក​សប្បាយចិត្ត​ដូចគ្នា ដែល​អាចធ្វើឱ្យ​ប្រជាជន​ខ្មែរ​រីករាយ​តាមរយៈ​ការច្នៃប្រឌិត​នេះ​។ 
 
​រាល់ពេល​ទៅណា​មក​ណា​ម្តងៗ បុរស​ឥណ្ឌូនេស៊ី​រូបនេះ​បញ្ជាក់ថា លោក​បាន​ដោត​ទង់ជាតិ​ខ្មែរលើ​កង់​ដ៏​ចម្លែក ហើយ​វា​ទំនងជា​ធ្វើ​ឱ្យគេ​ច្រឡំ​ថា លោក​ជា​ជនជាតិខ្មែរ​ដែរ​។ លោក Roland បាន​ពន្យល់​ពី​មូល​ហេតុដែល​លោក​ដោត​ទង់ជាតិ​ខ្មែរលើ​កង់​ខ្លួន​ដូច្នេះ​ថា​៖« រយៈពេល​១១​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​រស់នៅ​ខ្មែរ​។ ខ្ញុំ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី តែ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្មែរ ខ្ញុំ​រស់នៅ​ប្រទេស​នេះ​យ៉ាង​សុខ​សប្បាយ​។ ខ្ញុំ​ដាក់​ទង់ជាតិ​ខ្មែរ​នេះ ដើម្បីឱ្យ​បងប្អូន​ខ្មែរ​មើល ហើយ​លើកទឹកចិត្ត​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​ស្រលាញ់​ប្រទេស​ខ្មែរ​ថែមទៀត​»​។​
 
​មាន​ពិសោធន៍​ជិះ​កង់​ខ្ពស់ រយៈពេល​ពេល​ជាង​១​ឆ្នាំ លោក Roland បាន​អះអាងថា នៅពេល​ជិះ​កង់​នេះ​ម្តងៗ លោក​ត្រូវ​ប្រុងប្រយ័ត្ន​ជាង​ពេល​ជិះ​កង់​ធម្មតា ដ្បិតថា វា​ខ្ពស់​ជាងកង​ដទៃ​រហូតដល់​ពីរដង ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជិះ​ពិបាក​ឡើង​ជិះ និង​ពិបាក​ឈប់​ផង​។​
 
«​ពេល​ឡើង​ជិះ​លំបាក ដោយសារ​យើង​ត្រូវ​រុញ និង​ទប់​លំនឹង​ឱ្យ​ស្មើ បើសិន​ទប់​លំនឹង​មិន​ស្មើ​ទេ យើង​នឹង​ដួល ហើយ​ពេល​ឈប់​ក៏​ពិបាក ព្រោះ​ត្រូវ​លោត​ចុះ​ពីលើ​កង់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Roland ដោយ​លោក​បាន​បន្ថែមថា ពេល​ស្ទះចរាចរណ៍ លោក​ត្រូវ​ចុះបណ្ដើរ ឬ ផ្អែក​ក្បែរ​ឡាន​ខ្ពស់ៗ ដើម្បី​សុវត្ថិភាព និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​
 
​ដោយសារ​ឃើញ​ប្រជាជន​ខ្មែរ​ចាប់អារម្មណ៍​ច្រើន បុរស​ឥណ្ឌូណេស៊ី​ដែលមាន​ចំណូលចិត្ត​ច្នៃ​របស់​ប្លែកៗ Roland បាន​បង្ហើប​ថា ក្នុងករណី​មាន​អ្នក​ចង់​ជិះ​កង់​ប្រភេទ​ខ្ពស់​នេះដែរ លោក​អាចជួយ​ច្នៃ​ឱ្យបាន​។ យ៉ាងណាមិញ​លោក​រៀបរាប់​ពី​បញ្ហា​បច្ចេកទេស​ខ្លះ​ថា ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកជិះ វា​ជា​រឿង​ចាំបាច់​ដែល​លោក​ត្រូវ​មើល​ឲ្យ​បាន​ជាក់ច្បាស់​ពី​ដងខ្លួន​របស់​អ្នកជិះ ដើម្បី​អាច​ដឹងថា គេ​សាក​សម​នឹង​កង់​កម្ពស់​ប៉ុន្មាន​៕
 
 
 

Tag:
 កង់​
  បុរស​
 ​ឥណ្ឌូណេស៊ី​
 MOJO
© រក្សាសិទ្ធិដោយ thmeythmey.com