COVID-19
ជាតិ
សុខភាព
កម្ពុ​ជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៩​នាក់​ទៀត ដែល​កើន​ឡើង ១៦៥​ករណីហើយ​
14, Jul 2020 , 8:58 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បន្តរកឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) លើ​បុរស​ជនជាតិខ្មែរ​៩​នាក់ទៀត ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​អារ៉ាប៊ីសា​អូ​ឌីត ដោយ​បន្ត​ជើងហោះហើរ ពី​ប្រទេស​ម៉ាឡេស៊ី ​ម​កកម្ពុជា កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ​កក្កដា។



ក្រសួងបានបញ្ជាក់ថា ​អ្នក​ជំងឺ​កូ​វីដ​-១៩ ថ្មីទាំង​នោះ ត្រូវបានរកឃើញក្រោយពី​ក្រសួង​បាន​យក​សំណាក​របស់​ពួកគេ​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​លើក​ទីពីរ ដោយបង្ហាញលទ្ធវិជ្ជមាន កាលពីយប់​ថ្ងៃទី​១៣ ​កក្កដា ឆ្នាំ​២០២០​។​ អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​៩​នាក់​ខាងលើ​នោះ មាន​៦​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​, ១​នាក់ នៅ​រាជធានី​ភ្នំពេញ​, ១​នាក់ នៅ​​ខេត្តកណ្តាល និង​១​នាក់​ទៀត នៅ​ខេត្តកំពង់ធំ​។​

បច្ចុប្បន្ន្ន អ្នកជំងឺថ្មីទាំង៩នាក់នោះ ត្រូវបានក្រសួង ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែក អ្នកធ្វើដំណើរជាមួយអ្នកទាំង៩នាក់នោះ ដែលនៅសល់៧០នាក់ទៀត ក្រោយធ្វើតេស្តចេញលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានក្រសួង ដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន។ 

គិតត្រឹមថ្ងៃទី១៤ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៦៥នាក់ ដោយក្នុងនោះជាសះស្បើយ១៣៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com