អន្តរជាតិ
ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​អាច​បង្ក​ការលំបាក​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅ​ជប៉ុន កូរ៉េខាងត្បូង​
14, Jul 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ យន្តហោះ MV-22 Osprey របស់​កង​ម៉ារីន​របស់​អាមេរិក​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ទ័ព​អាកាស Futenma របស់​កង​ម៉ារីន​អាមេរិក នៅ​ក្នុង​ក្រុង Ginowan ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
រូប​ឯកសារ៖ យន្តហោះ MV-22 Osprey របស់​កង​ម៉ារីន​របស់​អាមេរិក​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ទ័ព​អាកាស Futenma របស់​កង​ម៉ារីន​អាមេរិក នៅ​ក្នុង​ក្រុង Ginowan ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
ដោយ: VOA
​អ្នកវិភាគ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​មិនអាច​គ្រប់គ្រង​បាន​នូវ​ការបន្ត​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ដែល​បង្ក​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​បាន​កំពុង​ចាប់ផ្តើម​មាន​ផលប៉ះពាល់​កាន់តែខ្លាំង​ដល់​បេសកកម្ម​យោធា​អាមេរិក​នៅក្រៅ​ប្រទេស ខណៈដែល​ការឆ្លង​ក្នុងចំណោម​បុគ្គលិក​យោធា​ដែល​ប្រចាំការ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​មានការ​កើនឡើង​។​

 
​មន្ត្រី​ជប៉ុន​នៅ​កោះ Okinawa បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មានការ​ឆ្លង​កូ​វីដ​១៩​ថ្មី​៦០​ករណី​ត្រូវបាន​រាយការណ៍​ពី​មូលដ្ឋាន​យោធា​ម៉ា​រី​ន​អាមេរិក​ពីរ​កន្លែង​កាលពី​សប្តាហ៍​កន្លងទៅនេះ​។ កាលពី​ថ្ងៃ​ចន្ទ កាសែត Asahi Shimbun របស់​ជប៉ុន​ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​៣២​ទៀត​នៅ​មូលដ្ឋាន​យោធា Futenma​។​
 
​ជាការ​ឆ្លើយតប យោធា​សហរដ្ឋអាមេរិក​បាន​តម្រូវ​ឲ្យ​ទាហាន​ម៉ា​រី​ន​របស់ខ្លួន​និង​ក្រុមគ្រួសារ​ត្រូវដាក់​ឲ្យ​នៅក្រោម​វិធានការ​រឹតត្បិត​មិនអាច​ចេញពី​មូលដ្ឋាន​យោធា​បាន​។​
 
​ការឆ្លង​ក្នុងចំណោម​បុគ្គលិក​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​ហាក់​មានការ​ធូរស្រាល​ជាង ដោយ​ករណី​ឆ្លង​ថ្មី​ជា​ទាហាន​ទើប​មកដល់​ថ្មី​ពី​សហរដ្ឋអាមេរិក​។ យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​និយាយថា ទាហាន​និង​អ្នកធ្វើដំណើរ​៣៤​នាក់​ធ្វើតេស្ត​ឃើញ​កូ​វីដ​១៩​ក្រោយពី​ពួកគេ​បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​។ នេះ​ជាការ​កើនឡើង​ខ្លាំង​សម្រាប់​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង​ដែល​កន្លងមក​មាន​ករ​ណី​ឆ្លង​តិចតួច​ប៉ុណ្ណោះ​។​
 
​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​លុបចោល​សមយុទ្ធ​រួមគ្នា​មួយ​កាលពីដើម​ឆ្នាំនេះ​ដោយសារ​កូ​វីដ​១៩ ហើយ​ការ​កើន​ឆ្លង​ថ្មី​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​មួយទៀត​។​
 
​នៅ​ទូទាំង​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ វីរុស​កូ​រ៉ូ​ណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១២,៩​លាន​នាក់ ហើយ​ជំងឺ​កូ​វីដ​១៩​បានសម្លាប់​មនុស្ស​ជិត​៥៧០.០០០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com