COVID-19
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ម្ចាស់ KTV ដែល​ជ្រក​ក្រោម​ផ្លាក​ភោជនីយដ្ឋាន ឱ្យ​ប្រយ័ត្ន​ខ្លួន​
14, Jul 2020 , 10:51 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ព្រមាន​ម្ចាស់​ខារ៉ាអូខេ (KTV) ដែល​ជ្រក​ក្រោម​ផ្លាក​ភោជនីយដ្ឋាន ឱ្យ​មានការ​ប្រយ័ត្ន​ខ្លួន ដោយសារ​ធ្វើ​ផ្ទុយ​ពី​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​។ សម្ដេច​ព្រមាន​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១៤ កក្កដា​។​



​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ខារ៉ាអូខេ​ឡើងវិញ ដោយ​ត្រូវ​កែប្រែ​ទៅជា​ភោជនីយដ្ឋាន សម្រាប់​ឱ្យ​ភ្ញៀវ​ចូល​ពិសារ​អាហារ កម្សាន្ត​អារម្មណ៍ ប៉ុន្តែ​មិនមែន​ឱ្យ​បើក​ជា​លក្ខណ​ខារ៉ាអូខេ​ដូច​មុន​ឡើយ​។ «​ខារ៉ាអូខេ​ឱ្យក្លាយ​ទៅជា​ភោជនីយដ្ឋាន ប៉ុន្តែ​អ្នកខ្លះ វា​មិន​ទៅជា​ភោជនីយដ្ឋាន វា​នៅតែ​ជា​ខារ៉ាអូខេ​លួចលាក់​ទៅទៀត ជ្រក​ក្រោម​ផ្លាក​(​ភោជនីយដ្ឋាន​) អាហ្នឹង​ប្រយ័ត្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​កាលពី​យប់​ថ្ងៃទី​១៣ កក្កដា អាជ្ញាធរ​ក៏បាន​ចុះបង្ក្រាប​កន្លែង​កម្សាន្ត KTV ពីរកន្លែង នៅ​ម្ដុំ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​លួច​បើក KTV ជ្រក​ក្រោម​ផ្លាក​ភោជនីយដ្ឋាន​ផងដែរ​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល ដែល​ព្រមាន​ទៅ​ម្ចាស់ KTV ផ្សេងទៀត ឱ្យ​អនុវត្តតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​។​
 
​ក្រៅ​កន្លែង​កម្សាន្ត KTV រដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យ​បើក​កាស៊ីណូ ដែល​មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ ចំណែក​សាលារៀន​វិញ សម្ដេច ក៏​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ត្រូវអនុវត្ត​ជា​ដំណាក់កាល​៕

Tag:
 KTV
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com