សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង​
14, Jul 2020 , 2:35 pm        
រូបភាព
រូបភាពបង្ហាញកោះមួយនៅសមុទ្រចិនខាងត្បូង។ រូបភាព Xinhua
រូបភាពបង្ហាញកោះមួយនៅសមុទ្រចិនខាងត្បូង។ រូបភាព Xinhua
​ការទាមទារ​ធនធាន​ធម្មជាតិ​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​សកម្មភាព​ខុសច្បាប់​។ ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​អះអាង​បែបនេះ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ដោយ​បន្ថែមថា អាមេរិក នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង និង​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​។ ការបង្ហាញ​ជំហរ​ចំៗ​របស់​អាមេរិក​បែបនេះ ត្រូវ​ចិន​វាយបក​វិញ​ថា គឺជា​អំពើ​ជ្រៀតជ្រែក​ចូលមកក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទាំង​ខ្លួន មិនមែនជា​ភាគី​នៃ​ជម្លោះ​។


​នៅក្នុង​ខួប​៤​ឆ្នាំ ដែល​ចិន​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់ (Permanent Court of Arbitration) ប្រមុខ​ការទូត​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ស្របពេល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុងមាន​ភាព​តានតឹង​ជាមួយគ្នា​ទៅលើ​បញ្ហា​ជាច្រើន​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ខែកក្កដា លោក ប៉ុ​ម​ប៉េ​អូ បានបង្ហាញ​ជំហរ​អាមេរិក​យ៉ាងច្បាស់ៗ​ថា​៖ «​អាមេរិក ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ដៃគូ ដើម្បី​ការពារ​សិទ្ធិ​អធិបតេយ្យ ការពារ​ធនធានធម្មជាតិ​នៅក្នុង​សមុទ្រ (​សមុទ្រ​ចិន​ខាងត្បូង​) ដោយមាន​ភ្ជាប់​ជាមួយ​សិទ្ធិ និង​កាតព្វកិច្ច ដែល​មានចែង​ក្រោម​ច្បាប់​អន្តរជាតិ​»​។ 
 
​ក្នុងន័យនេះ លោក​ប្រមុខ​ការទូត បានប្រកាសថា អាមេរិក សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ នឹង​ឈរ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងការ​ការពារ​សេរីភាព​នៃ​ការធ្វើដំណើរ​នៅលើ​សមុទ្រ គោរព​អធិបតេយ្យ និង​ទាត់ចោល​រាល់​ការគ្រប់គ្រង​តែ​ចិត្ត​ឯង​ពី​សំណាក់​ប្រទេស​មហាអំណាច នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ តាម​ការទាមទារ​រប​ស់​ចិន ដែនទឹក​ទាំងអស់ ដែល​ស្ថិតនៅក្នុង​បន្ទាត់​គំនូស​ទាំង​៩(Nine-dash-line) ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនទឹក​របស់ខ្លួន​។ 
 
​ក្រៅពី​បង្ហាញ​ជំហរ​ក្នុង​បញ្ហា​ជម្លោះ លោក ប៉ុ​ម​ម៉េ​អូ បាន​រិះគន់ថា ការទាមទារ​ធនធាន​ធម្មជាតិ​របស់​ចិន គឺ​ខុសច្បាប់ ហើយ​ចិន បាន​រករឿង​ប្រទេសជិតខាង ដើម្បី​គ្រប់គ្រង​តំបន់​សមុទ្រ​។  
 
​ឆ្លើយតប​វិញ ស្ថានទូត​ចិន​ប្រចាំ​នៅ​អាមេរិក នៅ​ថ្ងៃទី​១៤ ខែកក្កដា ចាត់ទុក​ការលើកឡើង​របស់​អាមេរិក ដែលថា​ចិន​រករឿង​ប្រទេសជិតខាង គឺ​មិន​យុត្តិធម៌​ទាល់តែសោះ​។ បន្ថែម​ពីលើ​នេះ បេសកកម្ម​ចិន​បន្ថែមទៀតថា អាមេរិក មិនមែនជា​ភាគី​នៃ​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ប៉ុន្តែ​ប្រទេសមួយ​នេះ នៅតែ​បន្ត​ជ្រៀតជ្រែក​ចូលមក​។ នៅពេល​ប្រទេស​ក្នុង​តំបន់ កំពុង​រក្សា​ស្ថិរភាព​ក៏ដោយ អាមេរិក​បែរជា​ដំឡើង​សាច់ដុំ បង្កបញ្ហា​ចម្រូងចម្រាស និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​នៅក្នុង​តំបន់​។ 
 
​កន្លងមក​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី បាន​លើកឡើងថា ចិន​និង​សហរដ្ឋអាមេរិក គួរតែ​រួមគ្នា​ស្វែងរក​វិធីសាស្ត្រ​ឆ្ពោះទៅរក​សន្តិ​សហ​វិជ្ជមាន ហើយ​បញ្ចេញ​ថាមពល​វិជ្ជមាន​បន្ថែមទៀត ជាពិសេស ប្រទេស​មហាអំណាច​ទាំងពីរ ពុំគួរ​ព្យាយាម​ផ្លាស់ប្ដូរ​របប​គ្នា​ទៅវិញទៅមក​នោះទេ​។​
 
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន​៥ គឺ ចិន វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ឥណ្ឌូណេស៊ី មិនមែនជា​ភាគី​ជម្លោះ​ដែនដី​ឡើយ តែ​មិនត្រូវ​គ្នា​ជាមួយ​ចិន​ដែល​ទាមទារ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន​ដែរ​៕
 

Tag:
 ចិន​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com