COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អភិបាលក្រុង​តូ​ក្យូ​៖ អូឡាំពិក​តូ​ក្យូ​ត្រូវធ្វើ​ដាច់ខាត ព្រោះ​ជា​និមិត្តរូប​ជ័យជម្នះ​លើ COVID-19
14, Jul 2020 , 4:43 pm        
រូបភាព
អ្នកស្រី Yuriko Koike អភិបាលក្រុងតូក្យូ
អ្នកស្រី Yuriko Koike អភិបាលក្រុងតូក្យូ
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ត្រូវតែ​បន្តធ្វើ​នៅ​ឆ្នាំក្រោយ​ជាដាច់ខាត ព្រោះ​វា​ជា​និមិត្តរូប​នៃ​ឯកភាព​ពិភពលោក​ក្នុងការ​យកឈ្នះ​លើ​ជំងឺ COVID-19 ។ លោកស្រី Yuriko Koike អភិបាលក្រុង​តូ​ក្យូ ចេញមុខ​អះអាង​ដូច្នេះ​នៅ​ថ្ងៃទី​១៣ ខែកក្កដា បើ​ទោះ​ទីក្រុង​មួយ​នេះ​កំពុង​រីក​រាលដាល​ខ្លាំង​ឡើងជា​ថ្មី​នៃ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​ក៏ដោយ​។​

 
​មកទល់​សព្វថ្ងៃ ជប៉ុន​មិន​មានការ​ផ្ទុះឡើង​នៃ​មេរោគ​ឆ្លង COVID-19 ច្រើន​នៅ​ទីក្រុង​ផ្សេងទៀត​នោះទេ ប៉ុន្តែ​ការកើនឡើង​ករណី​ឆ្លង​ថ្មី​នៅក្នុង​ក្រុង​តូ​ក្យូ ដែលមាន​ចំនួន​ច្រើន​លើសគេ​ជាង​មួយ​ភាគបី​នៃ​ចំនួន​សរុប​ជាង ២០០០០ នាក់​នោះ បានធ្វើ​ឲ្យ​ជប៉ុន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពីរ​លក​ឆ្លង​លើក​ទី​២​។​
 
​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា​នេះ ប៉ុន្តែ​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ ២០២១ វិញ​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ​។ ក្រោយ​សម្រេច​ពន្យារពេល​១​ឆ្នាំ​រួចហើយ ក៏​នៅតែ​មានការ​លើកឡើងថា ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ​ទំនងជា​មិនអាច​រៀបចំ​បាន​ដដែល ប្រសិនបើ COVID-19 នៅតែ​មិនទាន់​អាច​រលាយ​ពី​ផែនដី​ទាន់ពេល​ទេនោះ​។​
​បើ​ទោះ​មានការ​លើកឡើង​យ៉ាងនេះ​ក្តី​លោកស្រី Koike សន្យាថា នៅតែ​គាំទ្រ​ជា​សាធារណៈ​សម្រាប់​ការ​បន្តធ្វើ​ព្រឹត្តិការណ៍​កីឡា​នេះ បើទោះជា​ការស្ទង់មតិរ​បស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា ភាគច្រើន​ចង់​ឲ្យ​មានការ​លុបចោល ឬ​ពន្យារពេល​ម្តងទៀត​។​
 
​អ្នកស្រី​អភិបាលក្រុង​តូ​ក្យូ​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅក្នុង​បទ​សម្ភាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា លោកស្រី​ចង់​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ ដ្បិត​វា​ជា​និមិត្តរូប​នៃ​ពិភពលោក​ក្នុងការ​រួមគ្នា​ដើម្បី​ជម្នះ​ស្ថានការណ៍​ដ៏​លំបាក​នេះ និង​ពង្រឹង​ចំណងទាក់ទង​រវាង​មនុស្សជាតិ​ឡើងវិញ​។​
 
​យ៉ាងណាក៏ដោយ លោកស្រី Koike បាន​បដិសេធ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ជា​កើ​លាក់​ណាមួយ​សម្រាប់​ការសម្រេច​ថា តើ​ព្រឹត្តិការណ៍​កីឡា​នេះ​គួរ​ដំណើរការ​ទៅមុខ​បាន​ពេល​នោះទេ​។​
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា​នេះ ជប៉ុន​បាន​កើន​ករណី​ឆ្លង​ច្រើន​គួរកត់សម្គាល់​រហូតដល់​ជាង ២១០០០​នាក់​ហើយ ក្នុងនោះ​ស្លាប់​ជិត​១​ពាន់​នាក់ និង​សះស្បើយ​ជាង ១៨០០០​ករណី​៕
 

Tag:
 COVID-19
  Yuriko Koike
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com