ជាតិ
១៨​ខែ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ជួរ​ភ្នំក្រវាញ រឹបអូស​កាំភ្លើង​កែច្នៃ​បាន​១៦៥​ដើម​
14, Jul 2020 , 9:29 pm        
រូបភាព
​កោះកុង​៖ រយៈពេល​១៨​ខែ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន​១៦៥​ដើម ពី​ព្រានព្រៃ​ដែល​បរបាញ់​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ ស្ថិតក្នុង​ខេត្តកោះកុង កំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់​។

 
​លោក នេត្រ ភ​ក្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ប្រាប់ ThmeyThmey25 ថា​៖ «​កាំភ្លើង​កែច្នៃ​គឺជា​អាវុធ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ ហើយ​អ្នក​កែច្នៃ​និង​អ្នកប្រើប្រាស់ សុទ្ធតែ​មានទោស​ដូចគ្នា​។ អាជ្ញាធរ​មូលដ្ឋាន និង​ឧ​ទ្យា​នុ​រក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចុះ​អប់រំ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ការពារធម្មជាតិ​ឲ្យ​យល់ច្បាស់​ពី​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ត្រូវ​ប្រឈមមុខ​ច្បាប់​»​។​
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ដើម្បី​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​នោះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​មន្ត្រី​សម្ព័ន្ធមិត្ត​សត្វព្រៃ បានដាក់​វេន​គ្នា​ចុះ​ល្បាត​ព្រៃ​ជា​រៀងរាល់ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​។ ជាមួយនឹង​គ្នា​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់​ចាប់​សត្វ​នានា ដើម្បី​ដោះចេញ និង​បំផ្លាញចោល​ផងដែរ​។​
 
​តាមរយៈ​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បង្ហាញ​ក្នុង​ដំណើរ​ទស្សន​កិច្ចដឹកនាំ​ដោយ​លោក នេត្រ ភ​ក្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន និង​អ្នកកាសែត​ទៅកាន់​តំបន់ការពារធម្មជាតិ​ខេត្តកោះកុង កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ កាំភ្លើង​កែច្នៃ​ចំនួន​៤៩២​ដើម ត្រូវបាន​ដកហូត​ពី​ពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ហើយ​កាំភ្លើង​ដែល​ដកហូត​ពី​ព្រានព្រៃ ក្នុង​រយៈពេល​១៨​ខែ បាន​ចំនួន​១៦៥​ដើម​។ កាំភ្លើង​កែច្នៃ​ទាំងអស់នោះ មិន​ត្រឹមតែ​បាញ់​សត្វព្រៃ​ទេ តែ​វា​ក៏បាន​គំរាម​គំហែង​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងពេល​ចុះ​បំពេញ​បេសកម្ម​ផងដែរ​។​
 
​បញ្ជាក់​ផងដែរ​ថា តំបន់​ដែល​ប្រើប្រាស់​អាវុធ​កែច្នៃ​ច្រើនជាងគេ​នៅ​កម្ពុជា​រួមមាន ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ពោធិ៍​សាត និង​កំពង់ស្ពឺ​៕
 

Tag:
 កាំភ្លើង​កែច្នៃ​
 ​តំបន់​ជួរ​ភ្នំក្រវាញ​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com