COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង នឹង​ចំណាយលុយ​១៣៣​ពាន់​លាន​ដុល្លារ​លើ​គម្រោង​បៃតង​ដើម្បី​សា្តរ​សេដ្ឋកិច្ច​
14, Jul 2020 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោកHong Nam-ki  ។រូបភាព៖ Yonhap
រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោកHong Nam-ki ។រូបភាព៖ Yonhap
​កូរ៉េខាងត្បូង នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ ១៣៣​ពាន់​លាន​ដុល្លារ រហូតដល់​ឆ្នាំ​២០២៥ ដើម្បី​បង្កើត​ការងារ ១,៩​លាន​កន្លែង ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​រងគ្រោះ​ដោយសារ COVID-19 និង​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​ប្រេងឥន្ធនៈ​ទៅជា​ឧស្សាហកម្ម​បៃតង​វិញ​។ លោក Hong Nam-ki រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១៤ ខែកក្កដា បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។

 
​គម្រោង «Digital and Green New Deals» របស់​កូរ៉េខាងត្បូង នឹងត្រូវ​ចំណាយ​ទឹកប្រាក់​យ៉ាងហោចណាស់ ១៣៣​ពាន់​លាន​ដុល្លារ​ដែលមាន​ការចូលរួម​ទាំង​រដ្ឋាភិបាល និង​ដៃគូ​ឯកជន​ផង​។ បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Hong Nam-ki  ទឹកប្រាក់​ប្រមាណ​ជា ៩៤,៦ ពាន់​លាន​ដុល្លារ នឹងត្រូវ​ចំណាយ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ខណៈ​រដ្ឋាភិបាល​តំបន់​នឹង​ទទួលបន្ទុក​ជិត ២១​ពាន់​លាន​ដុល្លារ​ផ្សេង​។ ចំណែក​ទឹកប្រាក់​ជាង ១៧​ពាន់​លាន​ដុល្លារ នឹងត្រូវ​ចូលរួម​ដោយ​ដៃគូ​ឯកជន​។ នេះ​បើតាម​ការចុះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍ ដែលមាន​រយៈពេល​ត្រឹម​ឆ្នាំ​២០២៥​នេះ ធ្វើឡើង​ដើម្បី​ព​ន្លឿ​ង​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​, ស្តារ​សេដ្ឋកិច្ច​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយសារ COVID-19 ក៏ដូចជា​ការកែប្រែ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​ប្រេងឥន្ធនៈ​ទៅជា​ឧស្សាហកម្ម​បៃតង ហើយ​ពឹង​ផ្អែកលើ​អគ្គិសនី​។ លើសពីនេះ កូរ៉េខាងត្បូង ក៏​គ្រោង​បង្កើន​ការវិនិយោគ​របស់​រដ្ឋ​ទៅក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត សេវា​ទូរគមនាគមន៍​ជំនា​ន់ទី​៥ និង​ការពង្រឹង​ធនធានមនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បាន​បន្តថា បើទោះបីជា​គម្រោង​នេះ មានការ​ដឹកនាំ​ពី​រដ្ឋាភិបាល​ក៏ពិតមែន ប៉ុន្តែ​កូរ៉េខាងត្បូង នឹងធ្វើ​កំណែទម្រង់​លើ​បទ​បញ្ញា​ត្តិ​មួយចំនួន ដើម្បី​លើទឹក​ចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ដៃគូ​ឯកជន​បន្ថែមទៀត​។​
 
​សូមបញ្ជាក់ថា កន្លងមក កូរ៉េខាងត្បូង បាន​បញ្ចេញ​កញ្ចប់​គាំទ្រ​សេដ្ឋកិច្ច​សរុប​ប្រមាណ​ជា ២២៣​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​១៥​ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ដោយសារ​ជំងឺឆ្លង​សកល COVID-19៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com