សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ផលិត​អាវុធ​ដ៏​ល្បី​របស់​អាមេរិក Lockheed Martin
14, Jul 2020 , 10:59 pm        
រូបភាព
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៤ ខែកក្កដា បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​ដ៏​ល្បី​របស់​អាមេរិក Lockheed Martin​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​យល់ព្រម​លក់​ជា​កញ្ចប់​នៃ​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល​Patriot មក​ឲ្យ​តៃវ៉ាន់ ហើយ​ក្រុមហ៊ុន Lockheed Martin គឺជា​អ្នកផ្គត់ផ្គង់​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល​នេះ​ផ្ទាល់​។​


​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៤ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បានទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន ជាពិសេស គឺ​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​។ 
 
​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បានផ្តល់​ភ្លើង​បៃតង​លក់​គ្រឿង​បង្គុំ​នៃ​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​តៃវ៉ាន់​។ ក្រុមហ៊ុន​ផលិត​អាវុធ Lockheed Martin ជា​ភាគី​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​របស់​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៦២០​លាន​ដុល្លារ​។ 
 
​ទន្ទឹមនេះ លោក Zhao បាន​បន្តថា ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រទេស ចិន​សម្រេច​ចាត់វិធានការ​មួយចំនួន និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ មិនបាន​លំអិត​ពី​ទណ្ឌកម្ម និង​វិធានការ​របស់​ចិន ដែល​ត្រូវដាក់​លើ​ក្រុមហ៊ុន Lockheed Martin នោះទេ​។ 
 
​កន្លងមក ចិន​ក៏​ធ្លាប់​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក​ក្នុង​ទម្រង់​បែបនេះ​ដែរ ប៉ុន្តែ​មិនបាន​បញ្ជាក់​ទេ ថា​តើ​ជា​ទណ្ឌកម្ម​បែបណា​។ តាម​ការចុះផ្សាយ​របស់​ទស្សនាវដ្ដី Time ចិន​ធ្លាប់​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក General Dynamics Corp និង Honeywell International Inc បន្ទាប់ពី​លក់​អាវុធ​ឲ្យ​តៃវ៉ាន​។ 
 
​សូមបញ្ជាក់ថា Lockheed Martin គឺជា​ក្រុមហ៊ុន​ផលិត​អាវុធ​ដ៏​ល្បី​មួយ​របស់​អាមេរិក ដែល​ផ្គត់ផ្គង់​អាវុធ​ជាច្រើន​ប្រភេទ ទៅ​ឲ្យ​បណ្តាល​ប្រទេស​មួយចំនួន​។ នៅក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​មួយ​នេះ អាច​រកប្រាក់​ចំនូល​បាន​រហូតដល់​ទៅ ៥៩,៨​ពាន់​លាន​ដុល្លារ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com