សម្តេច ហ៊ុន សែន ក៏​សួររក​យុត្តិធម៌ សម្រាប់​ខ្លួនឯង​ដែរ​!
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សម្តេច ហ៊ុន សែន ក៏​សួររក​យុត្តិធម៌ សម្រាប់​ខ្លួនឯង​ដែរ​!
14, Jul 2020 , 5:39 pm        
រូបភាព
ពិធីដង្ហែសពប្អូនថ្លៃរបស់សម្តេច ហ៊ុន សែន ឈ្មោះកូវ សាមុត ដែលត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ រូបក្នុងរង្វល់ គឺ សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩០។ រូបពី AFP
ពិធីដង្ហែសពប្អូនថ្លៃរបស់សម្តេច ហ៊ុន សែន ឈ្មោះកូវ សាមុត ដែលត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ រូបក្នុងរង្វល់ គឺ សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩០។ រូបពី AFP
ដោយ: ថ្មីៗ
​មិនមែន​តែ​ក្រុមប្រឆាំង ឬ​អង្គការ​ជាតិ​-​អន្តរជាតិ​នោះទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រក​យុត្តិធម៌ ជូន​អ្នកស្លាប់​ដោយសារ​ការ​បំផ្ទុះ​អាវុធ​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ នៅ​ភ្នំពេញ សូម្បីតែ​ប្រមុខ​រដ្ឋាភិបាល ក៏​ចង់បាន​យុត្តិធម៌ ឲ្យ​ខ្លួនឯង​ដែរ ដ្បិត​មាន​សាច់ញាតិ បាន​បង់ជីវិត ដោយសារ​ការ​បំផ្ទុះ​អាវុធ​នោះ រួមទាំង​ខ្លួនឯង​ផ្ទាល់ ក៏​ធ្លាប់​ត្រូវគេ​លួច​បាញ់ប្រហារ ហើយ​ប៊ិះ​នឹង​បាត់​បង់ជីវិត​។



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ បាន​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ត្រី ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ ហើយ​ក៏បាន​និយាយ​ដល់​ព្រឹត្តិការណ៍​ខ្លះៗ​នៃ​ការ​បំផ្ទុះ​អាវុធ​ក្នុង​អតីតកាល នៅ​ភ្នំពេញ​។ សម្តេចនាយក​រដ្ឋមន្ត្រី រម្លឹកថា នៅ​ឆ្នាំ​១៩៩៦ ប្អូនថ្លៃ​​របស់​សម្តេច ត្រូវគេ​បាញ់​ឲ្យ​ស្លាប់ នៅ​កណ្តាល​ភ្នំពេញ​។ 
 
​សម្តេច ដាក់​ជា​សំណួរ​ថា​៖«​អ្នកណា បាន​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្ញុំ ពេល​គេ​បាញ់​ប្អូនថ្លៃ​ខ្ញុំ​ម្នាក់​ឲ្យ​ស្លាប់​?»​។

សម្តេច មិនបាន​បញ្ចេញ​ឈ្មោះ​ប្អូនថ្លៃ​នោះទេ តែ​កន្លងមក មាន​ការសរសេរ​លើ​សារព័ត៌មាន​និង​គេហទំព័រ​មួយចំនួន​ថា លោក កូវ សាមុត ជា​ប្អូនថ្លៃ​របស់​សម្តេច ត្រូវគេ​បាញ់សម្លាប់ នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦​។ គេ មិនសូវមាន​ព័ត៌មាន​ច្រើន​ពី​លោក កូវ សាមុត ឡើយ​។ 
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា រហូតដល់​ឆ្នាំ​១៩៩៨ ខ្លួន ក៏ត្រូវ​គេ​ប៉ង​ធ្វើឃាត ដោយ​ការបាញ់​អា​បេ​ប្រភេទ​៤០ (B40) ដល់​ទៅ​៤​គ្រាប់ តែ​សំណាង មិន​ផ្ទុះ​ត្រូវ​រថយន្ត​ដែល​ខ្លួន​ជិះ​។ ប្រមុខ​រដ្ឋាភិបាល និយាយថា​៖«​កុំ​អី​រក​ឆ្អឹង​មិនឃើញ​ទេ​»​។   
 
​ប្រមុខ​រដ្ឋាភិបាល ដាក់​សំណួរ​ទី​ពីរ​ថា​៖«​អ្នកណា ខ្វល់ខ្វាយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ឬថា ជីវិត​នាយករដ្ឋមន្ត្រី មិនមាន​តម្លៃ បានជា​មិន​រក​យុត្តិធម៌​?»​។​

​យ៉ាងណា មេដឹកនាំ​រូបនេះ ប្រកាសថា នឹងមិន​ចងកម្ម​ពៀរ​ជាមួយ​អ្នក ដែល​ប៉ង​ធ្វើឃាត​នោះឡើយ។  
 
​ក្រោយ​របប​ខ្មែរក្រហម ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​ក្តី តែ​កម្ពុជា មិនទាន់មាន​សន្តិភាព​ពេញលេញ​ឡើយ។ ពេល​ខ្មែរក្រហម​ដួលរលំ​ភ្លាមៗ រដ្ឋាភិបាល​កម្ពុជា នៅមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ខ្មែរក្រហម​នៅឡើយ​ទេ ដោយ​កាលនោះ ពួក​គេ បន្ត​លាក់ខ្លួន នៅ​តាមតំបន់​ផ្សេងៗ ដូចជា នៅ​អន្លង់វែង​ជាដើម​។ 
 
​តម​កទៀត ទោះ​ជាមេដឹកនាំ​ខ្មែរក្រហម មាន នួន ជា និង ខៀវ សំផន ជាដើម បាន​ផ្តាច់ខ្លួន​ចេញ​ពី​ទ័ព​ខ្មែរក្រហម ​មក​ចុះចូល​ជា​រដ្ឋាភិបាល​ ហើយរដ្ឋាភិបាល បានយកជ័យជម្នះទាំងស្រុង លើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏ កម្ពុជា មិនទាន់អស់ការបំផ្ទុះអាវុធដែរ។

សូម្បីតែមាន​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក៏​ដោយ ក៏​កម្ពុជា នៅតែមានការបំផ្ទុះអាវុធ។ តែការបំផ្ទុះទាំងនោះ មិនមែនជាមួយទ័ពខ្មែរក្រហមដូចលើកមុនទេ គឺជាការបំផ្ទុះអាវុធ ដាក់ក្រុមបាតុករ និងការបំផ្ទុះអាវុធក្នុងជួរកងកម្លាំងរដ្ឋាភិបាលខ្លួនឯង​។  
 
​ជាក់ស្តែង នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ មានការ​បំផ្ទុះ​គ្រាប់បែក នៅមុខ​រដ្ឋសភា​ចាស់ (​បច្ចុប្បន្ន​ជា​តុលាការ​កំពូល​) ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​របួស​ជាង​១០០​នាក់ ខណៈ​ជនរងគ្រោះ​ទាំងនោះ ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ 
 
​រហូតដល់​ថ្ងៃទី​៥-​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ដដែល ក៏មាន​ការបំផ្ទុះ​អា​វុ​ធម្ត​ង​ទៀត ដែល​គេ អះអាងថា បង្កឡើង​ដោយ​កងទ័ព​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) សរសេរថា  មាន​យុទ្ធជន​ប្រមាណ​២០០​នាក់ បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ រួមទាំង​មន្ត្រី​យ៉ាងតិច​៦០​នាក់​របស់​សម្តេចក្រុមព្រះ ក៏ត្រូវ​បានសម្លាប់​ដែរ​។ 
 
​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ និង ព្រឹត្តិការណ៍​ថ្ងៃទី​៥-​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ ក្រុម​អ្នកប្រឆាំង តែងតែ​ទាម​ទាម​ឲ្យ​រដ្ឋាភិបាល រក​យុត្តិធម៌​ជូន​អ្នកស្លាប់​និង​អ្នករបួស រួមទាំង​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​។ មកដល់ពេលនេះ គេ មិនទាន់​ឃើញ​ជនណាម្នាក់ ត្រូវបាន​នាំទៅ​កាត់ទោស ដោយសារ​បំផ្ទុះ​អាវុធ​ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​ទេ​។ 
 
​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន កំណត់ថា កម្ពុជា មាន​សន្តិភាព​ពេញ​លេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​មក ក្រោម​នយោបាយ​ឈ្ន​ឈ្នះ​របស់​សម្តេច ហ៊ុន សែន​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល តែង​ចាត់ទុក ​២៩​ធ្នូ ថា​ជា​ថ្ងៃទី​ដ៏​សំខាន់​មួយ សម្រាប់​ប្រវត្តិសាស្ត្រ ហើយ​តែង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ក្នុងថ្ងៃនេះ ជា​រៀងរាល់ឆ្នាំ​៕  
 

Tag:
 ហ៊ុន សែន​
  យុត្តិធម៌​
  កូវ សាមុត
  ព្រឹត្តិការណ៍​បំផ្ទុះ​អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com