COVID-19
អន្តរជាតិ
សិស្ស​មួយក្រុម​ហៅ​អ្នក​កើត COVID-19 ទៅ​ជប់លៀង ហើយ​ភ្នាល់​គ្នា​ថា «​អ្នកណា​ឆ្លង​មុនគេ​»
15, Jul 2020 , 6:29 am        
រូបភាព
ដោយ: ធីតា
​សិស្ស​មួយក្រុម​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង Tuscaloosa រដ្ឋ Alabama សហរដ្ឋអាមេរិក បាន​បង្កើត​គំនិត​ដ៏​មិន​នឹកស្មាន​ដល់​មួយ​ដោយ​យក​ករណី COVID-19 ទៅលេង​សើច​។ អ្នកស្រី Sonya McKinstry សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាន​អះអាង​ប្រាប់ ABC News ថា ពួកគេ​បាន​អញ្ជើញ​អ្នក​ផ្ទុក COVID-19 ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង ហើយ​បាន​ភ្នាល់​គ្នា​រក​អ្នក​ដែល​ត្រូវ​ឆ្លង​មុនគេ​ក្នុងចំណោម​អ្នកចូលរួម​។​

 
​លោក Randy Smith ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ​នៅ​ក្រុង Tuscaloosa បាន​បញ្ជាក់ថា លោក​ក៏​ទទួលបាន​សេចក្តីរាយការណ៍​ពី​ករណីនេះ​ផងដែរ ប៉ុន្តែ​ដំបូង​ឡើយ លោក​បាន​គិតថា វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​។ «​មិន​ត្រឹមតែ​ក្រុម​វេជ្ជបណ្ឌិត​ឡើយ សូ​ម្បូ​តែ​ថ្នាក់​រដ្ឋ ក៏បាន​បញ្ជាក់​ពី​ករណីនេះ​ដូចគ្នា​ផងដែរ​»​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ ABC News អ្នកស្រី Sonya និយាយ​ទាំង​មួរ​មៅ​ថា​៖ «​វា​គ្មាន​ន័យ​ទាល់តែសោះ​ដែល​ពួកគេ យកលុយ​ទៅ​ភ្នាល់​គ្នា​រឿង​បែបនេះ​... ហើយ​អ្នក​ដែល​ឆ្លង​មុនគេ ជា​អ្នកឈ្នះ​លើ​ការ​ភ្នាល់​»​។ អ្នកស្រី​បន្ត​សម្តែង​នូវ​ការហួសចិត្ត ដែលមាន​អ្នកចូលរួម​ធ្វើបែបនេះ ខណៈ​អាជ្ញាធរ​ប្តឹង​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដើម្បី​ទប់​ស្កាល់​ការ​រាលដាល COVID-19​។​
 
​សាកលវិទ្យាល័យ Alabama បាន​ផ្អាក​កម្មសិក្សា​ផ្ទាល់ (Face-to face courses) តាំងពីដើម​ខែមីនា មក ហើយ​ពលរដ្ឋ​ទាំងអស់​ត្រូវបាន​ណែនាំ​ឲ្យ​រស់នៅ​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។ អ្នក​ដែល​រំលោភបំពាន​វិធាន​សុខាភិបាល ត្រូវ​រង​ពិន័យ​ក្នុង​ម្នាក់​ចាប់ពី​៥០០​ដុល្លារ​ឡើងទៅ​។​
 
​នា​បទ​បង្ហាញ​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ក្រុង លោក Randy Smith ដែល​ពាក់​ម៉ាស់​ផងដែរ​ន៉ មិនបាន​បញ្ជាក់​ពី​ប្រភព​របស់​និស្សិត​ទាំង​នោះឡើយ​។ Tuscaloosa ជាទី​ក្រុង​ធំជាងគេ​លំដាប់​ទី​៧​នៅ​រដ្ឋ Alabama ដោយមាន​សាកលវិទ្យាល័យ Alabama និង​គ្រឹះស្ថាន​អប់រំ​ជាច្រើន​ទៀត​។​
 
​មកដល់ពេលនេះ គេ​មិនទាន់​រកឃើញ​ករណី​ឆ្លង​ពី​ពិធីជប់លៀង​នោះឡើយ​។ លោក Richard Rush អ្នកនាំពាក្យ​សាលាក្រុង បាន​ថ្លែងប្រាប់ ABC News ថា អាជ្ញាធរ ព្យាយាម​សហការ​ជាមួយ​ស្ថាប័ន​តំបន់​គ្រប់ផ្នែក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលដាល COVID-19៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com