លោក រស់ ផា​រិ​ទ្ធ​៖ បន្លែ​សរីរាង្គ​ពី​ស្វាយរៀង​មាន​លក់​នៅក្នុង​ផ្សារ​ទំនើប​ធំៗ​នៅ​ភ្នំពេញ​
ជាតិ
លោក រស់ ផា​រិ​ទ្ធ​៖ បន្លែ​សរីរាង្គ​ពី​ស្វាយរៀង​មាន​លក់​នៅក្នុង​ផ្សារ​ទំនើប​ធំៗ​នៅ​ភ្នំពេញ​
15, Jul 2020 , 12:29 am        
រូបភាព
​ភ្នំពេញ​៖ ទិន្នផល​កសិកម្ម​នៅក្នុង​ខេត្តស្វាយរៀង នៅតែមាន​ការកើនឡើង ដោយ​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​នៅក្នុង​ខេត្ត​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ទំនើប​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​។ នេះ​បើតាម​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ខេត្តស្វាយរៀង​» នាទី​ស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៧ ខែកក្កដា​នេះ លោក  រស់ ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង បាន​លើកឡើងថា ប្រជាកសិករ​ក្នុង​ខេត្តស្វាយរៀង​បានធ្វើ​ទំនើបកម្ម ពី​ការធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី​លក្ខណៈ​គ្រួសារ ដោយ​ជំនួស​មកវិញ​នូវ​ការប្រើប្រាស់​គ្រឿងយន្ត និង​បច្ចេកទេស​កសិកម្ម​ទំនើប​។ 
 
​បើតាម​អភិបាលរង​រូបនេះ ក្រៅពី​ការ​ដំណាំ​ស្រូវ កៅស៊ូ ស្ករអំពៅ ខេត្តស្វាយរៀង ក៏មាន​ការដាំ​បន្លែ​សរីរាង្គ​នៅលើ​ផ្ទៃដី ២១០​ហិកតា ដែល​អាច​ផ្ដល់​ផល​បាន​ប្រមាណ ២៥០​តោន​នៅក្នុង​មួយឆ្នាំ​។ លោក  រស់ ផា​រិ​ទ្ធ បន្តថា បន្លែ​សរីរាង្គ​ទាំងនេះ ត្រូវបាន​គេ​នាំយកទៅ​លក់​នៅតាម​បណ្ដា​ផ្សារ​ទំនើប​ធំៗ ក្នុង​រាជធានី​ភ្នំពេញ​។ 


 
​សូមបញ្ជាក់ថា ខេត្តស្វាយរៀង​មាន​ប្រជាជន ៦១% ប្រកប​របរ​កសិកម្ម​។ ខេត្ត​នេះ​មាន​ផ្ទៃដី​កសិកម្ម​សរុប ២១៣,០០១៤​ហិកតា ក្នុងនោះ​ផ្ទៃដី​សម្រាប់​ធ្វើស្រែ​មាន ១៨៨,០០០​ហិកតា​(​ស្រូវវស្សា​មាន​១៦៨,០០០​ហិកតា ស្រូវប្រាំង​២០,០០០​ហិកតា​) ក្រៅពីនេះ​សុទ្ធសឹងតែ​ជា​ដំណាំ​បន្ទាប់បន្សំ និង​ដំណាំ​ឧស្សាហកម្ម ដែល​ដាំ​ដុះ​លក្ខណៈ​គ្រួសារ​៕




 
​ព័ត៌មាន​ក្នុង ThmeyThmey25
 
 

© រក្សាសិទ្ធិដោយ thmeythmey.com