សង្គមអន្តរជាតិ
អន្តរជាតិ
អង់គ្លេស ហាមក្រុមហ៊ុនគមនាគមន៍ទាំងអស់ប្រើបរិក្ខារ 5G របស់ Huawei រូបភាព AFP
× ទីបំផុតទៅ រដ្ឋាភិបាលអង់គ្លេសសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជំនាន់ទី 5G របស់ក្រុមហ៊ុនចិន Huawei ដូចដែលអាមេរិកបានស្នើសុំ។ អង់គ្លេសសុខចិត្តធ្វើតាមអាមេរិក ទោះជាចិនបានព្រមានពីផលវិបាកជាមុនក្ដី ខណៈក្រុមហ៊ុន Huawei បានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តនេះដោយចាត់ទុកជារឿងនយោបាយ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអង់គ្លេសនិយាយនៅថ្ងៃទី១៤ ខែកក្កដា ថា វាជាការគិតគូរសន្តិសុខជាតិ។
ថ្លែងក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីឌីជីថលរបស់អង់គ្លេស Oliver Dowden បញ្ជាក់ថា រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនគមនាគមន៍ទាំងអស់ឈប់ទិញគ្រឿងបរិក្ខារប្រព័ន្ធអ៊ីនធឺណិត 5G ពីក្រុមហ៊ុន Huawei ចាប់ពីឆ្នាំក្រោយទៅ ហើយរើចោលគ្រឿងបរិក្ខារមានស្រាប់ចាប់ពីពេលបច្ចុប្បន្នដល់ទៅឆ្នាំ២០២៧ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ការសម្រេចចិត្តហាមឃាត់នេះ ជាពិតជាធ្វើឲ្យអាមេរិកសប្បាយចិត្ត ប៉ុន្តែក្រុមហ៊ុនគមនាគមន៍អង់គ្លេស នឹងជួបបញ្ហាច្រើនព្រោះបានពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះក្នុងការបង្កើតបណ្ដាញអ៊ីនធឺណិតច្រើនជំនាន់ក្នុងពេលជាច្រើនឆ្នាំមកហើយ។ លោក Dowden ចាត់ទុកការសម្រេចចិត្តនេះ មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែជារឿងត្រឹមត្រូវសម្រាប់បណ្ដាញគមនាគមន៍អង់គ្លេស សម្រាប់សន្តិសុខជាតិ និងសេដ្ឋកិច្ចផងដែរ។
អាមេរិកដែលស្នើសុំប្រទេសផ្សេងឲ្យឈប់ប្រើ 5G របស់ Huawei ពេញចិត្តពេញថ្លើមខ្លាំងនឹងជំហររបស់អង់គ្លេសដែលជាដៃគូជិតស្និទ្ធមួយ។ សេតវិមានអាមេរិកលើកឡើងថា ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីកុងសង់ស៊ីសរបស់អន្តរជាតិទល់នឹងក្រុមហ៊ុនចិនដែលអាចបង្កការគំរាមដល់សន្តិសុខជាតិ ព្រោះក្រមហ៊ុននេះជាដៃជើងរបស់បក្សកុម្មុយនីស្តចិន។
យ៉ាងណាមិញ ការហាមប្រាមនេះ នឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងអង់គ្លេស និងមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ហើយវាក៏នឹងបង្កបញ្ហាប្រឈមសម្រាប់ទីក្រុងឡុងដ៍ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយចាកចេញពីសហភាពអឺរ៉ុបផងដែរ។ ក្រោយការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស ក្រុមហ៊ុន Huawei ក៏ចេញមុខចាត់ទុកជាការសម្រេចចិត្តនយោបាយ ហើយវានឹងធ្វើឲ្យបណ្ដាញអ៊ីនធឺណិតអង់គ្លេសយឺតយ៉ាវ។
អគ្គរដ្ឋចិនប្រចាំអង់គ្លេសឯណោះ ក៏ចេញសេចក្ដីថ្លែងការណ៍រិះគន់អង់គ្លេសផងដែរ។ លោក Liu Xiaoming ហៅការសម្រេចចិត្តនេះ ជារឿងខុសឆ្គង និងគួរឲ្យខកចិត្ត។ «វាក្លាយជាទៅរឿងងឿងឆ្ងល់ថា តើចក្រភពអង់គ្លេសអាចផ្ដល់បរិយាកាសបើកចំហ យុត្តិធម៌ និងមិនរើសអើងសម្រាប់ក្រុមហ៊ុនមកពីប្រទេសផ្សេងឬយ៉ាងណា។» នេះជាការលើកឡើងរបស់លោក Liu នៅលើបណ្ដាញសង្គម Twitter របស់លោក។
អាចនិយាយបានថា ការសម្រេចចិត្តរបស់អង់គ្លេស ជាជោគជ័យមួយរបស់អាមេរិកដែលតែងតែដាក់សម្ពាធប្រទេសផ្សេងឲ្យធ្វើតាមខ្លួន។ ជារឿយៗ អាមេរិកអះអាងថា ការប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei នឹងប៉ះពាល់សន្តិសុខជាតិ ព្រោះរដ្ឋាភិបាលចិនអាចលួចទិន្នន័យបាន ហើយម្យ៉ាងចិនអាចបញ្ជាឲ្យក្រុមហ៊ុនខ្លួនផ្ដាច់បណ្ដាញអ៊ីនធឺណិតនេះទៀតផង។ ទាំង Huawei ទាំងរដ្ឋាភិបាលប៉េកាំង សុទ្ធតែបដិសេធការចោទប្រកាន់នេះ៕
Tag:
អង់គ្លេស
អាមេរិក
Huawei
5G
© រក្សាសិទ្ធិដោយ thmeythmey.com