ជាតិ
អាល្លឺម៉ង់ ផ្ដល់ជំនួយជាង១លានដុល្លារថែមទៀត សម្រាប់គាំទ្របច្ចេកទេសផ្ទេរប្រាក់ដល់ជនក្រីក្រ អាជ្ញាធរកំពុងចុះស្រង់ទិន្ន័យពលរដ្ឋក្រីក្រ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា)
× ភ្នំពេញ៖ អាល្លឺម៉ង់ផ្តល់ថវិកាជាង១លានដុល្លារបន្ថែមទៀត សម្រាប់គាំទ្របច្ចេកទេស ក្នុងកម្មវិធីឧបត្ថម្ភប្រាក់របស់រដ្ឋាភិបាលកម្ពុជា ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានអាល្លឺម៉ង់ប្រចាំកម្ពុជាចេញថ្ងៃទី១៤ កក្កដា។
អាល្លឺម៉ង់និងអូស្ត្រាលី កំពុងធ្វើការជាមួយក្រសួងផែនការតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តការអាល្លឺម៉ង់(GIZ) ក្នុងការស្រង់ទិន្ន័យនិងកំណត់អត្តសញ្ញាណនៃគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា។ ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រនេះ មានសារៈសំខាន់ សម្រាប់គ្រប់គ្រងការផ្ទេរសាច់ប្រាក់ទៅជនក្រីក្រជាច្រើនម៉ឺននាក់។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានមានប្រសាសន៍ថា៖«រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិបត្តិសុខភាពយ៉ាងជោគជ័យ។ តាមរយៈការគាំទ្រដល់គ្រួសារក្រីក្រ កម្ពុជាបង្ហាញចំណាត់ដ៏ត្រឹមត្រូវក្នុងការគាំពារផលប៉ះពាល់សេដ្ឋកិច្ច។ ប្រទេសអាល្លឺម៉ង់មានសេចក្តីរីករាយនឹងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការដ៏សំខាន់នេះតាមរយៈជំនាញបច្ចេកទេសរបស់ខ្លួន»។
រយៈពេលជាង១០ឆ្នាំហើយ ដែលអាល្លឺម៉ង់បានចូលរួមជួយលើកម្មវិធីនេះ ដែលគិតជាទឹកប្រាក់មានប្រមាណ៨លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អូស្ត្រាលីក៏បានចូលរួមជួយដូចគ្នាដែរ គឺមានទឹកប្រាក់ប្រមាណ១០លានដុល្លារ។ នៅអំឡុងពេលមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩ អាល្លឺម៉ង់បានផ្ដល់១,៧លានដុល្លារ ដើម្បីពង្រឹងការវិភាគរកមេរោគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្នុងឱកាសចុះទៅទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង និង បានជួបសំណេះសំណាលជាមួយកសិករ នាព្រឹកថ្ងៃទី១៤ កក្កដានេះ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ដល់ពលរដ្ឋក្រីក្រប្រមាណ៥២ម៉ឺនគ្រួសារហើយ ដោយគិតជាទឹកប្រាក់ មានប្រមាណ៣២លានដុល្លារ៕
Tag:
បណ្ណសមធម៌
អាល្លឺម៉ង់
បច្ចេកទេស
© រក្សាសិទ្ធិដោយ thmeythmey.com