លោក ត្រាំ ចុះហត្ថលេខា​បញ្ជា​ប្រតិបត្តិ​បញ្ចប់​«​ឋានៈ​ពិសេស​»​របស់​ហុងកុង​
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ចុះហត្ថលេខា​បញ្ជា​ប្រតិបត្តិ​បញ្ចប់​«​ឋានៈ​ពិសេស​»​របស់​ហុងកុង​
15, Jul 2020 , 11:13 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ នាពេលកន្លងទៅ (Reuters)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ នាពេលកន្លងទៅ (Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៤ ខែកក្កដា បាន​និយាយថា លោក​បាន​ចុះហត្ថលេខា​បញ្ជា​ប្រតិបត្តិ​មួយ​បញ្ចប់​ឋានៈ​ពិសេស​ហុងកុង និង​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​និង​ស្ថាប័ន​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង​។ ចិន​វិញ​ក៏​ប្រកាស​សងសឹក​ដែរ​។

 
 
«​គ្មាន​ទៀតឡើយ​ឋានៈ​ពិសេស គ្មាន​ទៀត​ទេ​ការអនុគ្រោះ​សេដ្ឋកិច្ច​ពិសេស ហើយក៏​គ្មាន​ការនាំចេញ​បច្ចេកវិទ្យា​រសើបៗ​ទៀត​ដែរ​»​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក​។ លោក​បន្តថា​៖«​ឥឡូវនេះ ហុងកុង​នឹងត្រូវ​ចាត់ទុក​ដូចគ្នា​នឹង ចិនដីគោក​»​។ 
 
​បច្ចេកវិទ្យា​រសើបៗ​ទាំងនេះ សំដៅលើ​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​ដែល​អាច​ប្រើ​បាន​ក្នុង​ការរក្សា​សណ្ដាប់ធ្នាប់​ដូចជា​ដ្រូ​ន​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាដើម ដែល​ធ្លាប់ប្រើ​ក្នុងការ​បង្ក្រាប​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង​។ 
 
​ក្រៅពី​បញ្ជា​ប្រតិបត្តិ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​ចុះហត្ថលេខា​លើស​សេចក្តីព្រាងច្បាប់​មួយ​ដែល​អនុម័ត​ដោយ​សភា​អាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ធនាគារ​ទាំងឡាយណា​ដែល​ធ្វើ​ជំនួញ​ជាមួយ​មន្ត្រី​ចិន ដែល​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​លើ​ទីក្រុង​ហុងកុង​របស់​ប៉េកាំង​។ 
 
​ត្រង់ចំណុច​នេះ លោក​បាន​ប្រាប់​អ្នកកាសែត​ថា លោក​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្វ័យភាព​ហុងកុង (Hong Kong Autonomy Act) ដែល​ត្រូវ​បានអនុម័ត​ដោយ​ឯកច្ឆ័ន្ទ​កាលពីដើម​ខែកក្កដា​នេះ​។ បើតាម Reuters លោក ត្រាំ បន្តថា ច្បាប់​នេះ​ផ្ដល់​អំណាច​ឲ្យ​រដ្ឋបាល​លោក​ដើម្បី​ដាក់ទោស​លើ​បុគ្គល​និង​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កា​រំលោភបំពាន​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង​។ 
 
​រដ្ឋាភិបាល​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស បានប្រកាស​វាយបក​លើ​ទង្វើ​របស់លោក​ត្រាំ​នេះ ដោយ​អះអាងថា ច្បាប់​ស្វ័យភាព​ហុងកុង (Hong Kong Autonomy Act) ប៉ះពាល់​ដល់​តម្លៃ​ច្បាប់​សន្តិ​សុខា​ជាតិ​ដែល​ដាក់​ដោយ​ប៉េកាំង​លើ​ទីក្រុង​ហុងកុង​។  
 
«​ចិន​នឹង​ដាក់ចេញ​ការឆ្លើយតប​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ខ្លួន និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​និង​ស្ថាប័ន​អាមេរិក​ពាក់ព័ន្ធ​»​។ ក្រសួងការបរទេស​ចិន សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ AFP​។ 
 
​រដ្ឋបាល​លោក​ត្រាំ កាលពី​ចុងខែ​ឧសភា បានប្រកាស​ផ្ដើម​នីតិវិធី​ដកហូត​ឋានៈ​ពិសេស​របស់​ទីក្រុង​រដ្ឋបាល​ពិសេស​ហុងកុង​ក្រោម​ច្បាប់​អាមេរិក ដោយ​កាលនោះ ពួកគេ​បាន​ចោទថា ប៉េកាំង​ថា ជាន់ឈ្លី​ស្វយ័តភាព​របស់​ទីក្រុង​នេះ ក្រោយ​ប៉ង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​របស់​ហុងកុង​។ ហើយ​នេះ​គឺជា​បុព្វសិទ្ធិ​ពិសេស​ដែល​ទីក្រុង​នេះ​ទទួលបាន​ក្រោយ​ត្រូវប្រគល់​ឲ្យ​ចិន​វិញ​ពី​សំណាក់​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​១៩៩៧​។​
 
​ក្រោម​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​ត្រូវបាន​ព្រមព្រៀង​មុន​ចក្រភព​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​វិញ ស្វ័យភាព​របស់​ទីក្រុង លើកលែង​កិច្ចការ​ការពារជាតិ និង​ការបរទេស ត្រូវ​ធានា​យ៉ាង​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល​ចិន រហូតដល់​ឆ្នាំ​២០៤៧ មាន​ជាអាទិ៍​ប្រព័ន្ធតុលាការ​ឯករាជ្យ និង​កិច្ចការ​សេដ្ឋកិច្ច​ជាដើម​។​
 
​ក្រោយ​អស់​ឋានៈ​ពិសេស​នេះ ទីក្រុង​ហុងកុង នឹង​បាត់បង់​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ខ្លួន រួមមាន ការជាប់​ពន្ធ​ទាប​ជាង​ចិនដីគោក ជាមួយ​សហរដ្ឋអាមេរិក​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក​។ ការបាត់បង់​បុព្វសិទ្ធិ​ដែល​ធានា​ដោយ​សហរដ្ឋអាមេរិក​នេះ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ទីក្រុង​ហុងកុង ជាពិសេស​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​តែម្ដង​។ ការធ្វើ​ពាណិជ្ជកម្ម​ទៅមក​ប្រមាណ​៣៨​ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ រវាង​សហរដ្ឋអាមេរិក និង​ទីក្រុង​ហុងកុង អាច​ជួប​បញ្ហា​។​
 
​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី នៃ​ក្រុមហ៊ុន Daiwa Capital Markets ប្រាប់​កាសែត​អាមេរិក Washington Post ថា​៖«​យូរ​ទៅ អ្នកជំនួញ​អាច​គិត​ឡើងវិញ នៅពេល​ពួកគេ​ចង់​ធ្វើ​ជំនួញ ក្នុង​ទីក្រុង​ហុងកុង​»​។ លោក Steve Tsang នាយក​វិទ្យាស្ថាន​ចិន នៃ​សកល​វិទ្យាល័យ​ក្រុង​ឡុង​ដ៍ អះអាងថា វា​នឹង​ក្លាយជា​ជម្រើស​ដ៏​អន្តរាយ​មួយ ហើយ​ជា​ចំណុច​ចាប់ផ្ដើម នៃ​អវសាន​របស់​ទីក្រុង​ហុងកុង​៕
 
 

Tag:
 ​សហរដ្ឋអាមេរិក​
  ហុងកុង​
  ឋានៈ​ពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com