អន្តរជាតិ
អាមេរិក ហៅក្រុមហ៊ុនចិនមួយចំនួនជាក្រុមហ៊ុនឥណ្ឌាខាងកើតសម័យថ្មី លោក David Stilwell ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីខាងកើត។ រូបភាព៖ AFP
× មន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី១៤ ខែកក្កដា បានប្រដូចក្រុមហ៊ុនចិនមួយចំនួន ទៅនឹងក្រុមហ៊ុនឥណ្ឌាខាងកើត (East India Company) ដែលជាក្រុមហ៊ុនអង់គ្លេសនាំអាភៀនទៅលក់នៅចិន ក្នុងសតវត្សរ៍ទី១៩។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលចិន និងអាមេរិក កំពុងមានភាពតានតឹងជាមួយគ្នានៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ថ្លែងនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ លោក David Stilwell ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីខាងកើត បានបញ្ជាក់ថា ក្រុមហ៊ុនរដ្ឋចិន បានបញ្ជូនទូកស្រាវជ្រាវ ទូកនេសាទ និងសាងសង់កន្លែងបូមប្រេង កាន់តែច្រើនឡើង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ លោក Stilwell បានចាត់ទុកក្រុមហ៊ុនប្រេងរបស់រដ្ឋចិន CNOOC និងក្រុមហ៊ុនផ្សេងទៀត ក្លាយជាអាវុធរបស់ចិនក្នុងការសម្លុតប្រទេសដទៃ។
ទន្ទឹមនេះ លោក Stillwell បានបន្ថែមថា ប្រជាជន គួរតែដឹងពីភាពខុសគ្នារវាងក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុនដែលជាឧបករណ៍បម្រើផលប្រយោជន៍ឲ្យរដ្ឋបរទេស។ ត្រង់នេះ លោក Stillwell បានប្រដូចយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនរដ្ឋចិនទាំងនេះ គឺដូចទៅនឹងក្រុមហ៊ុនឥណ្ឌាខាងកើតនៅក្នុងសម័យទំនើប»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ឥណ្ឌាខាងកើត គឺជាក្រុមហ៊ុនមួយរបស់អង់គ្លេសដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះ ធ្វើពាណិជ្ជកម្មកប្បាស គ្រឿងទេស និងទំនិញផ្សេងទៀតផងដែរ។ នៅពាក់កណ្តាលសតវត្សរ៍ទី១៩ ក្រុមហ៊ុននេះ គឺជាអ្នកនាំអាភៀនចេញទៅចិន ក្នុងចំនួនជាច្រើន។ បញ្ហាអាភៀននេះហើយ ទើបធ្វើឲ្យចិន និងអង់គ្លេស ត្រូវផ្ទុះសង្គ្រាមអាភៀនជាមួយគ្នានៅក្នុងសម័យនោះ។ លោក Stillwell ទំនងចង់សំដៅថា ក្រុមហ៊ុនចិន ក៏ដើរបង្ករឿងដូចក្រុមហ៊ុនអង់គ្លេសពីបុរាណដែរ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានចាត់ទុកសកម្មភាពចិននៅសមុទ្រចិនខាងត្បូងចាប់ពីការរុករកធនធានធម្មជាតិ ការធ្វើយោធូបនីយកម្ម និងការទាមទារកម្មសិទ្ធិរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺជាសកម្មភាពខុសច្បាប់។
សូមបញ្ជាក់ថា ជម្លោះសមុទ្រចិនខាងត្បូង មានប្រទេសជម្លោះចំនួន ៥ គឺចិន ម៉ាស៊ីឡេ ព្រុយណេ ហ្វីលីពីន វៀតណាម។ ជម្លោះមួយនេះ មិនងាយនឹងដោះស្រាយឡើយ ព្រោះនៅក្នុងតំបន់ជម្លោះដែនទឹកខ្លះ មានការទាមទារជាន់គ្នា ពោលគឺមានប្រទេសរហូតដល់ប្រទេស៣ទាមទារ៕
© រក្សាសិទ្ធិដោយ thmeythmey.com