COVID-19
អន្តរជាតិ
រដ្ឋាភិបាល​អាមេរិក ប្ដូរ​ចិត្ត​ឲ្យ​និស្សិត​បរទេស​បន្ត​ស្នាក់នៅ​វិញ ទោះ​ត្រូវ​រៀន​តាម​អន​ឡាញ​ក្ដី​
15, Jul 2020 , 7:29 pm        
រូបភាព
និស្សិតកំពុងដើរក្នុងបរិវេណសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ រូបភាព AFP
និស្សិតកំពុងដើរក្នុងបរិវេណសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ រូបភាព AFP
​រដ្ឋាភិបាល​អាមេរិក បាន​ប្ដូរ​ចិត្ត​លុបចោល​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​ក្នុងការ​បញ្ចប់​ទិដ្ឋាការ​របស់​និស្សិត​បរទេស​ក្នុងករណី​ពួកគេ​ត្រូវ​រៀន​អន​ឡាញ​នៅ​ឆមាស​ខាងមុខ ខណៈ​ជំងឺ COVID-19 បន្ត​រាលដាល​។ នេះ​បើតាម​ការប្រកាស​របស់​ចៅក្រម​មួយរូប​នៅ​ថ្ងៃទី​១៤ ខែកក្កដា ។ បញ្ជា​នេះ រង​ប្រតិកម្ម​ខ្លាំង​ពី​គ្រឹះស្ថាន​អប់រំ​របស់​អាមេរិក ព្រោះ​ប៉ះពាល់​ដល់​ចំណូល​របស់​ពួកគេ ក៏ដូចជា​ការសិក្សា​រប​ស់​និស្សិត​រាប់ម៉ឺន​នាក់​ផងដែរ​។

 
​ក្នុង​សវនាការ​ថ្ងៃទី​១៤ ខែកក្កដា ចៅ​ក្រុម Allison Burroughs នៃ​រដ្ឋ​ម៉ាសាឈូសេត ប្រកាសថា រដ្ឋាភិបាល​អាមេរិក​បាន​លុបចោល​ការសម្រេចចិត្ត​មិន​ឲ្យ​និស្សិត​បរទេស​ស្នាក់នៅ​អាមេរិក បើ​ត្រូវ​រៀន​តាម​អន​ឡាញ និង​ការអនុវត្ត​ផែនការ​នេះ​ទាំងអស់​។ លោក​ចៅក្រម​បន្តថា រដ្ឋាភិបាល​អាមេរិក និង​គ្រឹះស្ថាន​អប់រំ បាន​ឯកភាពគ្នា​ឲ្យ​រក្សា​ស្ថានភាព​ដើម​ដដែល​។​
 
 
​សាកលវិទ្យាល័យ Havard និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត (MIT) ដែល​គាំទ្រ​ដោយ​គ្រឹះស្ថាន​អប់រំ​មួយចំនួនទៀត ជា​អ្នកប្ដឹង​ជំទាស់​ការសម្រេចចិត្តរ​បស់​អង្គភាព​អន្តោប្រវេសន៍ និង​ការអនុវត្ត​គយ​របស់​អាមេរិក (ICE) ដែល​បាន​ដាក់ចេញ​វិធាន​ការបិទ​ទិដ្ឋាការ​របស់​និស្សិត​កាលពីដើម​ខែកក្កដា​នេះ​។ មកទល់ពេលនេះ សាលា​នៅ​អាមេរិក​មិនទាន់​សម្រេចចិត្ត​លើ​ការរៀន​តាម​អន​ឡាញ​នៅឡើយ​ទេ ស្រប​ពេលដែល​ជំងឺ COVID-19 មិនទាន់​ស្រាកស្រាន្ត​នោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​បណ្ដឹង​របស់ខ្លួន សាលា​ឧ​ត្ត​មសិ​ក្សា​ទាំងពីរ​នេះ​អះអាងថា វិធានការ​បណ្ដេញ​និស្សិត​បរទេស ប៉ះពាល់​និស្សិត​ខ្លាំង​ទាំង​ការសិក្សា និង​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ​។ ក្នុង​របាយការណ៍​រប​ស់​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​អាមេរិក​មាន​ចំនួន​ជាង​មួយ​លាន​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ។ ពី​តំបន់​អាស៊ី ភាគរយ​ច្រើន​នៃ​និស្សិត​បរទេស​មាន​ជនជាតិ​ចិន និង​កូរ៉េខាងត្បូង​ជាដើម​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា អាមេរិក​មាន​ករណី​សរុប​ឆ្លង​ជាង​បី​លាន​បី​សែន​នាក់ និង​ស្លាប់​ជិត​១៤​ម៉ឺន​នាក់​៕
 
 

Tag:
 ​អាមេរិក​
  COVID-19
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com