ជាតិ
អភិបាលរង​ខេត្តកោះកុង​៖ ការទិញ​-​លក់​ដី​ខុសច្បាប់​នៅ​ខេត្តកោះកុង នឹងត្រូវ​ចាត់ទុកជា​មោ​ឃៈ​
15, Jul 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ រាល់​ការទិញ​-​លក់​ដីធ្លី​នៅ​ខេត្តកោះកុង ដោយ​គ្មាន​ការដឹង​ឭ​ពី​អាជ្ញាធរ គឺ​ខុសច្បាប់ ។ អាជ្ញាធរ​ខេត្តកោះកុង នឹងមិន​ទទួលខុសត្រូវ​លើ​បញ្ហាដីធ្លី​ដែល​កើតឡើង​ឡើយ​។



​អភិបាលរង​ខេត្តកោះកុង​លោក សុខ សុ​ទ្ធី បាន​បញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ មាន​ពលរដ្ឋ​នាំគ្នា​ទិញ​-​លក់​ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ និង​គម្រោង​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ ដែលមាន​ទីតាំងនៅ​ស្រុក​បូ​ទុម​សាគរ ស្រុក​កោះកុង ស្រុក​គិរីសាគរ ស្រុក​ថ្មបាំង និង​នៅតាម​តំបន់​មួយចំនួនទៀត​។​
 
​ជុំវិញ​ការទិញ​លក់​ដី​នេះ លោក សុខ សុ​ទ្ធី បញ្ជាក់ថា បើ​ពលរដ្ឋ​ទិញ​លក់​ដី​តំបន់​ការពារ ឬ​ដី​រដ្ឋ គឺ​ខុស​ច្បាស់​។ ប៉ុន្តែ​បើ​ពួកគេ​ទិញ​-​លក់​ដីធ្លី ដែលមាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ គឺ​មិនមាន​បញ្ហា​ចោទ​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៥ កក្កដា លោក សុខ សុ​ទ្ធី បានបញ្ជាក់​ដូច្នេះ​ថា​៖ «​រាល់​ការទិញ​លក់​ដី​ត្រូវតែមាន​ការចូលរួម​ទទួល​ដឹង​ឭ ឬ​ចុះ​ពិនិត្យ​ដោយ​អាជ្ញាធរ ព្រោះ​អាជ្ញាធរ​ដឹង​ច្បាស់​ថា តំបន់​ដី​ណា​ជា​របស់​រដ្ឋ និង​លក្ខខណ្ឌ​ច្បាប់​ទិញ​លក់​ដីធ្លី​។ បើ​ការទិញ​លក់​ដី​ទាំងអស់​គ្មាន​លក្ខណៈ​ផ្លូវច្បាប់​ត្រឹមត្រូវ​និង​អា​ជ្ញ​ធរ​ចូលរួម ហើយ​បើ​រកឃើញ​នោះ នឹងត្រូវ​កាត់ទោស​តាមច្បាប់​»​។​
 
​អាជ្ញាធរ​ខេត្តកោះកុង ក៏​នឹង​ចាត់ទុកជា​មោ​ឃៈ និង​បដិសេធចោល​នូវ​រាល់​ការលក់​-​ទិញ​ដីធ្លី​ទាំងអស់ ដែល​ពុំមាន​លក្ខណៈ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ។ អភិបាលរង​ខេត្តកោះកុង​រូបនេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការទិញ​-​លក់​ដី​រដ្ឋ ជាពិសេស​ការទិញ​-​លក់​ដោយ​គ្មាន​អាជ្ញាធរ​ដឹង​ឭ​ទៀត ដើម្បី​បញ្ចៀស​បញ្ហាដីធ្លី ដែលនាំឱ្យ​ខាតបង់​ផលប្រយោជន៍​៕
 

Tag:
 ដីធ្លី​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com