COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ដាស់តឿនឲ្យត្រៀមទប់ទល់ការកើនឡើង COVID-19 ជាថ្មី នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern (ខាងឆ្វេង) និងរដ្ឋមន្រ្តីសុខាភិបាល នៅក្នុងសន្និសីទកាសែតស្តីពី COVID-19 នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Facebook, Jacinda Ardern
× នូវែលសេឡង់ ត្រូវតែត្រៀមខ្លួនទុកជាមុន ដើម្បីប្រឈមមុខជាមួយនឹងការផ្ទុះឡើងនៃCOVID-19 ម្តងទៀតនៅក្នុងប្រទេស។ នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានលើកឡើងបែបនេះ នាសន្និសីទសារព័ត៌មានស្តីពីCOVID-19 នៅថ្ងៃទី១៥ ខែកក្កដា ខណៈដែលករណីឆ្លងជំងឺនេះ កើនឡើងក្នុងប្រទេសខ្លះដែលអនុវត្តវិធានការតឹងរ៉ឹងក្ដី។
រយៈពេល ៧០ថ្ងៃហើយ ដែលនូវែលសេឡង់គ្មានករណីឆ្លងCOVID-19 ជាសហគមន៍នៅក្នុងប្រទេស ខណៈប្រទេសមួយចំនួន ដែលមានវិធានការទប់ស្កាត់ម៉ឺងម៉ាត់ដូចជា អូស្ត្រាលី, ហុងកុង, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង កំពុងតែមានករណីកូរ៉ូណាវីរុសហក់ឡើងជាបន្តបន្ទាប់។
ទាក់ទិននឹងករណីឆ្លងកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួននេះ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានលើកឡើងយ៉ាងដូច្នេះថា៖ « គ្មានប្រព័ន្ធដឹកនាំណាមួយ (ប្រទេស) មិនមានការខ្វះចន្លោះ ១០០ភាគរយនោះទេ ហើយនៅជុំវិញពិភពលោកដូចយើងកំពុងឃើញ សូម្បីតែប្រទេសមានវិធានតឹងរ៉ឹង ក៏មានករណីឆ្លង COVID-19 ដែរ»។
ដោយមើលឃើញពីករណីឆ្លងហក់ឡើងនៅតាមបណ្តាប្រទេសដទៃ នូវែលសេឡង់ ត្រូវតែត្រៀមខ្លួនទុកជាមុន។ សរសេរនៅលើគណនី Facebook របស់ខ្លួន នាយករដ្ឋមន្ត្រីនូវែលសេឡង់រូបនេះ បានបញ្ជាក់ថា នូវែលសេឡង់ បានដាក់ចេញគម្រោងមួយចំនួន ដែលនឹងដាក់ឲ្យអនុវត្ត ប្រសិនបើនូវែលសេឡង់មានករណីឆ្លងជាសហគមន៍ម្តងទៀត។ ចំណែក យុទ្ធសាស្ធ្រលុបបំបាត់ COVID-19 ដែលរដ្ឋាភិបាលនូវែលសេឡង់ដាក់ចេញនៅពេលកន្លងមក នៅតែបន្តរក្សាទុកនៅដដែល ក្នុងករណីមានការឆ្លងក្នុងសហគមន៍។
គម្រោងថ្មីទាំងនោះមានដូចជា ការត្រួតពិនិត្យតាមព្រំដែន ការរឹតបន្តឹងមជ្ឈមណ្ឌចត្តាឡីស័ក ការពង្រឹងលើការត្រួតពិនិត្យអ្នកត្រលប់មកពីបរទេស ការជំរុញឲ្យប្រជាជនពាក់ម៉ាស់ឲ្យត្រឹមត្រូវ ការបិទក្រុង ការដាក់ឲ្យប្រើប្រាស់កម្មវិធីស្វែងរកCOVID-19 និងវិធានការផ្សេងទៀត។
បើតាមវេបសាយ Wordometer នូវែលសេឡង់មានករណីឆ្លងCOVID-19 សរុបចំនួន ១៥៤៧ករណី អ្នកស្លាប់មានចំនួន ២២នាក់ និងអ្នកជាសះស្បើយមានចំនួន ១៤៩៨នាក់៕
Tag:
នូវែលសេឡង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com