ជាតិ
លោក ថង សាវុន៖ រតនគិរីប្តូរពីខេត្តដាច់ស្រយាលទៅជាខេត្តសក្ដានុពលទេសចរណ៍នៃភាគឦសាន
× ខេត្តរតនគិរីបានប្រែក្លាយពីខេត្តដាច់ស្រយាល ទៅជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយកន្លែងនៃតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដោយសារមានផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធស្អាត ជួយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ នេះបើតាមលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឃនភាពរបស់ខេត្តរតនគិរី នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក ថង សាវុន បានបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ទេសចរណ៍សរុបចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិមាន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ជាតិចំនួន២កន្លែង ហើយរមណីយដ្ឋានធម្មជាតិ៨កន្លែង ត្រូវបានគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។
អភិបាលខេត្តរូបនេះ បានអះអាងថា៖ «កាលពីឆ្នាំ២០១៩កន្លងមក មានភ្ញៀវទេសចរជាង២៣ម៉ឺននាក់បានមកលេងកម្សាន្តនៅខេត្តរតនគិរីដែលចំនួននេះ មានការកើនឡើង៤,៣៤%បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨»។
បើតាមលោក ថង សាវុន ក្នុងចំណោមភ្ញៀវទេសចរជាង២៣ម៉ឺននាក់នោះ មានភ្ញៀវជាតិចំនួន២០៦,៦៨២នាក់ កើនឡើង ៤,៧៦ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ២៥,១៩១នាក់កើនឡើង ១,១ភាគរយ។
ដ្បិតខេត្តរតនគិរី កំពុងមានសក្ដានុពលទេសចរណ៍ក្តី ប៉ុន្តែនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ទទួលរងនៅផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដូចបណ្ដាខេត្តដទៃទៀតដែរ។ ក្នុងនោះសេវាកម្មកម្សាន្តមួយចំនួនដូចជា មជ្ឈមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ និងកន្លែងម៉ាស្សា ត្រូវបានផ្អាក ដែលធ្វើឱ្យបុគ្គលិកបម្រើសេវាកម្មនេះ និងផ្នែកផ្សេងៗទៀតប្រមាណ២០ភាគរយ បានបាត់បង់ការងារ។ នេះបើតាមអភិបាលខេត្តរតនគិរី៕
© រក្សាសិទ្ធិដោយ thmeythmey.com