នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ សុំ​ចិន​ឲ្យ​ពិចារណា​នាំចូល​កសិផល​ពី​ថៃ​បន្ថែម​
COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ សុំ​ចិន​ឲ្យ​ពិចារណា​នាំចូល​កសិផល​ពី​ថៃ​បន្ថែម​
15, Jul 2020 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ស្ដាំ) កំពុងនិយាយតាមទូរសព្ទជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីសាទរខួបទី៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ (រូបពីវិមានរដ្ឋាភិបាលថៃ)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ស្ដាំ) កំពុងនិយាយតាមទូរសព្ទជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីសាទរខួបទី៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ (រូបពីវិមានរដ្ឋាភិបាលថៃ)
នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​សុំ​ទៅ​ភាគី​ចិន​ឲ្យ​ពិចារណា​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ថៃ​បន្ថែមទៀត ។ ជាមួយគ្នានេះ មេដឹកនាំ​ថៃ​រូបនេះ ក៏បាន​ទទូច​ឲ្យ​អ្នកវិនិយោគ​ចិន​វិល​ត្រលប់​ទៅកាន់​ប្រទេស​ថៃ​វិញ ខណៈ​ស្ថានការណ៍ COVID-19 ក្នុងប្រទេស​ទាំងពីរ​បាន​ធូរស្រាល​ច្រើន​។

 
​ការស្នើសុំ​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បានធ្វើ​ឡើង​អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី ១៤ ខែកក្កដា​។ កិច្ចសន្ទនា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​នេះ គឺ​ដើម្បី​សាទរ​ខួប​ទី​៤៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ថៃ​-​ចិន​។​
 
«​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បានស្នើ​សុំ​ចិន​ឲ្យ​ពិចារណា​នាំចូល​កសិផល​បន្ថែមទៀត​ពី​ប្រទេស​ថៃ​។ ប្រធានាធិបតី​ចិន ធ្លាប់បាន​សន្យា​ជំរុញ​ការនាំ​ចូល​នេះ​តាមរយៈ​យន្តការ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ដែលមាន​ស្រាប់​»​។ កាសែត បាងកក​ប៉ុស្តិ៍ សរសេរ​បែបនេះ ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ 
 
​បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បញ្ជាក់ទៀតថា ភាគី​ទាំងសងខាង បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងអស់ រួមមាន សេដ្ឋកិច្ច​ឌីជីថល បច្ចេកវិទ្យា​ព័ត៌មាន និង​វិស័យ​នវានុវត្តន៍​ជាដើម​។ ចិន​ក៏​សន្យា​ជំរុញ​កិច្ច​គាំទ្រ​លើ​គោលនយោបាយ ៤.០ ថៃ​របស់​រដ្ឋាភិបាល និង​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC) ផងដែរ​។​
 
​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ដដែល នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ក៏បាន​សន្យា​ដែរ​ថា ប្រទេស​ថៃ នឹង​ដំណើរការ​ឡើងវិញ​នូវ​គម្រោង​ដែល​ត្រូវបាន​លើក​ពេល​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ឲ្យ​បាន​ឆាប់​កាលណា​ស្ថានការណ៍​ជំងឺ​នេះ​ធូរស្រាល​ច្រើន​។ 
 
«​ថៃ នៅតែ​ចាប់អារម្មណ៍​រៀនសូត្រ​ពីបទ​ពិសោធ​របស់​ចិន ក្នុងការ​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ និង​ការលុបបំបាត់​អំពើពុករលួយ​ជាដើម​»​។ លោក ប្រា​យុទ្ធ និយាយ​ដូច្នេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​បាងកក​ប៉ុស្តិ៍​។ ជា​ចុងក្រោយ អំឡុង​កិច្ចសន្ទនា​ជាមួយ​លោក​ស៊ី លោក ប្រា​យុទ្ធ ក៏បាន​ចែករំលែក​បទពិសោធ​ក្នុងការ​ទប់ទល់ COVID-19 ហើយក៏​បាន​លើកសរសើរ​ប្រធានាធិបតី​ចិន​សម្រាប់​ការចាត់ចែង​ការផ្ទុះ​រាលដាល​យ៉ាង​ល្អ​ក្នុងប្រទេស​ចិន​ផងដែរ​៕
 
 

Tag:
 ថៃ​
  ចិន​
  កសិកម្ម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com