កីឡាអន្តរជាតិ
អន្តរជាតិ
ក្តីសង្ឃឹមរបស់ Drogba ដើម្បីក្លាយជាប្រធានសហព័ន្ធបាល់ទាត់កូតឌីវ័រ ហាក់រលាយព្រោះគ្មានអ្នកគាំទ្រ
× ក្តីសង្ឃឹមរបស់ Didier Drogba វីរបុរសតោខៀវ Chelsea ក្នុងការក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កូតឌីវ័រ (IFF) បានជួបការលំបាកខ្លាំង និងប្រឈមនឹងបរាជ័យផង បន្ទាប់ពីកីឡាករដទៃទៀតមិនបង្ហាញការគាំទ្របេក្ខភាពរបស់ខ្លួន។
អតីតខ្សែប្រយុទ្ធឆ្នើម Chelsea និងជម្រើសជាតិកូតឌីវ័រ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៣ រូបផ្សេងទៀតដែលឈរឈ្មោះបោះឆ្នោតជ្រើសដើម្បីរើសជាប្រធាន IFF នៅក្នុងខែកញ្ញាខាងមុខ។ ប៉ុន្តែរូបគេមិនទាន់ទទួលបានការយល់ព្រមគាំទ្រពីក្រុមណាមួយក្នុងចំណោមក្រុមពិសេសទាំង ៥ ដែលត្រូវការដើម្បីចូលរួមការបោះឆ្នោតនៅឡើយទេ។
Drogba ដែលសព្វថ្ងៃវ័យ ៤២ ឆ្នាំ ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រពីសំណាក់សហព័ន្ធកីឡាករបាល់ទាត់អាជីពក្នុងស្រុកដែលដឹកនាំដោយអតីតមិត្តរួមក្រុមជម្រើសជាតិកូតឌីវ័រ លោក Cyrille Domoraud ប៉ុន្តែពួកគេបែជាទៅគាំទ្រលោក Idriss Diallo ដែលជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនពីរនាក់ផ្សេងទៀតទៅវិញ។
តាមរយៈសេចក្តីប្រកាសមួយរបស់សមាគមកីឡាករបាល់ទាត់កូតឌីវ័រ (AIF) សមាជិកភាគច្រើនរបស់ពួកគេបានសម្រេចចិត្តយល់ព្រមគាំទ្រលើការដឹកនាំរបស់លោក Idriss Diallo។ AIF បន្ថែមយ៉ាងច្បាស់ទៀតថា ពួកគេនៅមានភាពស្មោះត្រង់ចំពោះសមាគមដែលមានលោក Diallo ធ្លាប់ជាសមាជិកផង។ មិនត្រឹមតែប៉ុណ្ណោះ លោក Diallo ថែមទាំងទទួលបានការគាំទ្រពីសំណាក់សមាគមគ្រូបង្វឹកក្នុងស្រុកទៀតផង។
ដោយឡែក Drogba ឯណោះវិញ ក្រៅពីមិនទទួលបានការគាំទ្រពីសមាជិក AIF រូបគេក៏បរាជ័យក្នុងការទទួលបានការគាំទ្រពីក្រុមអាជ្ញាកណ្តាល និងសមាគមអតីតអ្នកកីឡាបាល់ទាត់អាជីពដែលកំពុងគាំទ្រគូប្រជែងរបស់គេ គឺលោក Sory Diabate ផងដែរ។
ដោយសារបញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យ Drogba ដែលធ្លាប់នាំក្រុមជម្រើសជាតិកូតឌីវ័របង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន៣លើក និងឈានដល់វគ្គផ្តាច់ព្រ័ត្រពានក្របខណ្ឌអាហ្វ្រិក Africa Cup of Nations ពីរលើកជាប់គ្នានោះ ពិបាកក្នុងការឈ្នះការបោះឆ្នោត ដើម្បីក្លាយជាប្រធាន IFF នៅអាណត្តិនេះណាស់៕
Tag:
Didier Drogba
IFF
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com