កំពូល​តម្កល់​សេចក្តីសម្រេច​ឧទ្ធរណ៍​លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ីសេរី ខណៈ​អ្នកបកប្រែ​ឱ្យ​RT ត្រូវ​ជម្រះ​ឡើងវិញ​
ជាតិ
សង្គមជាតិ
កំពូល​តម្កល់​សេចក្តីសម្រេច​ឧទ្ធរណ៍​លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ីសេរី ខណៈ​អ្នកបកប្រែ​ឱ្យ​RT ត្រូវ​ជម្រះ​ឡើងវិញ​
15, Jul 2020 , 5:21 pm        
រូបភាព
រាប់​ពីឆ្វេង លោក រ៉ាត់ រត្ន​មុនី អ្នកបកប្រែ និង​សម្របសម្រួល​ការផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (​ដៃ​ជាប់​ខ្នោះ ដើរ​ងើយ​មុខ ជាមួយ​បុរស​ឱន​មុខ​) ។ អតីត​អ្នកកាសែត​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ឈរ​សម្ភាស​ជាមួយ​អ្នកកាសែត ពាក់​ម៉ាស់​។​
រាប់​ពីឆ្វេង លោក រ៉ាត់ រត្ន​មុនី អ្នកបកប្រែ និង​សម្របសម្រួល​ការផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (​ដៃ​ជាប់​ខ្នោះ ដើរ​ងើយ​មុខ ជាមួយ​បុរស​ឱន​មុខ​) ។ អតីត​អ្នកកាសែត​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ឈរ​សម្ភាស​ជាមួយ​អ្នកកាសែត ពាក់​ម៉ាស់​។​
ភ្នំពេញ​៖ តុលាការ​កំពូល បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ីសេរី​២​រូប ខណៈ​សំណុំរឿង​អ្នកបកប្រែ​ទូរទស្សន៍​RT ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​ឡើងវិញ​។​


​តុលាការ​កំពូល​បាន​បើក​សវ​នាពីរ​ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១៥ កក្កដា​នេះ លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ដែល​ជាប់​ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារជាតិ​» និង​បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស តាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៩​នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។ សំណុំរឿង​អ្នក​ទាំងពីរ​នេះ ត្រូវបាន​តុលាការ​កំពូល ប្រកាស​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ឱ្យ​ស៊ើបអង្កេត​ឡើងវិញ​។​
 
​ថ្លែង​ក្រោយ​សេចក្តីសម្រេច​តុលាការ​កំ​ពូ​ល​នេះ លោក យាង សុធា​រិន្ទ បាន​បកស្រាយ​ថា ខ្លួន​មិន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​នោះទេ ។លោក យល់ថា នីតិវិធីតុលាការនេះ ជាការអូសបន្លាយពេលវេលាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងជាសម្ពាធផ្លូវចិត្តសម្រាប់លោក។ ជាពិសេសវាជាគំនាប  ដែលធ្វើឱ្យលោក ពិបាកបញ្ចេញមតិ ក៏ដូចជាធ្វើសកម្មភាពផ្ទាល់ខ្លួនផ្សេងៗ ដោយសារស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។   «​ខ្ញុំ​ធ្វើការ​នៅ​ស្ថាប័ន​សារព័ត៌មាន​បរទេសមួយ ប៉ុន្តែ​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​មិន​ពាក់ព័ន្ធ​អ្វី​ស៊ីជម្រៅ​នោះទេ ដោយសារតែ​ទីមួយ ព្រួយបារម្ភ​ពី​ខ្លួន​យើង ទី​ពីរ​ព្រួយបារម្ភ​ពី​ស្ថាប័ន​របស់គេ​។ អ៊ីចឹង​អត្ថបទ​ដែល​យើង​សរសេរ គឺជា​អត្ថបទ​សាមញ្ញៗ​»​។​ នេះជាការលើកឡើងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរី។
 
​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយមក​ត្រូវបញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​។ អ្នក​ទាំងពីរ​ត្រូវបាន​ដោះ​លែងឱ្យ​ស្ថិត​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ កាលពី​ខែសីហា ឆ្នាំ​២០១៨​។​
 
​ដោយឡែក​ករណី​សំណុំរឿង​លោក រ៉ាត់ រត្ន​មុនី អ្នកបកប្រែ និង​សម្របសម្រួល​ការផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (Russia Today) វិញ ត្រូវបាន​តុលាការ​កំពូល​សម្រេច​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សំណុំរឿង​ប្រឆាំង​លោក​ឡើងវិញ ក្រោយពេល​រកឃើញថា សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ មិន​ត្រឹមត្រូវ​។​
 
​លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពីបទ​«​ញុះញង់​ឱ្យមាន​ការរើសអើង​» តាម​មាត្រា​៤៩៤​នៃ​ក្រមព្រហ្មទណ្ឌ និង​តម្រូវឱ្យ​លោក​បង់​សំណង​ដល់​ដើមបណ្ដឹង​ដែលជា​តួអង្គ​ម្ដាយកូន ក្នុង​ភាពយន្ត​ឯកសារ «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ជិត​២​ម៉ឺន​ដុល្លារ​ទៀតផង​។ លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក ហើយ​បញ្ជូនមក​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០១៨​។ បើ​គិត​មកដល់ពេលនេះ អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT​រូបនេះ ជាប់ពន្ធនាគារ​១៩​ខែ​ហើយ​។​
 
​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ហៅ​កាត់​ថា ខេ​ម​បូ​ចា ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​លើ​ទាំងបី​រូបនេះ គឺ​លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ យាង សុជា​មេត្តា អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី និង​លោក រ៉ា​ត រត្ន​មុនី អ្នកបកប្រែ​ខាងលើនេះ ដោយ​មិនត្រូវ​បន្ត​រាល់​នីតិវិធី មិនចាំបាច់​ទាំងឡាយណា ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​យុត្តិធម៌​របស់​ពួកគេ​ឡើយ​។ ខេ​ម​បូ​ចា យល់ឃើញថា ការបន្ត​នីតិវីធី​នានា នឹង​កាន់តែ​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​ជីវភាព​រស់នៅ​របស់​ពួកគេ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ លោក ណុប វី នាយក​ប្រតិបត្តិ​ខេ​ម​បូ​ចា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ​ជា​និន្នាការ​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដែល​រឹតត្បិត​ដល់​សិទ្ធិសេរីភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន សិទ្ធិ​បញ្ចេញមតិ និង​វិស័យ​សារព័ត៌មាន​ទាំងមូល ដែលជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​នៃ​សង្គម​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចេតនា ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​យុត្តិធម៌​»​។​
 
​ខេ​ម​បូ​ចា ក៏​អំពាវ​ឱ្យ​រដ្ឋាភិបាល ស្ដារ​សេរីភាព​សារព័ត៌មាន​ឡើងវិញ តាមរយៈ​ការទម្លាក់​ចោលការ​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​ដទៃទៀត ដូចជា​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​សារព័ត៌មាន​TVFB និង​លោក សុខ ឧ​ត្ត​ម ម្ចាស់​ស្ថានីយ៍​វិទ្យុ​រិ​ទ្ធិ​សែន ជាដើម​៕
 

Tag:
 អាស៊ីសេរី​
  រ៉ាត់ រត្ន​មុនី​
  សេរីភាព​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com