​ករណី​អ្នកជំងឺ​គ្រុនឈាម និង​គ្រុនចាញ់ នៅ​កម្ពុជា​សុទ្ធតែ​ថយចុះ​ច្រើន នា​រយៈពេល​៦​ខែ​ដំបូង​
ជាតិ
សុខភាព
​ករណី​អ្នកជំងឺ​គ្រុនឈាម និង​គ្រុនចាញ់ នៅ​កម្ពុជា​សុទ្ធតែ​ថយចុះ​ច្រើន នា​រយៈពេល​៦​ខែ​ដំបូង​
15, Jul 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ កម្ពុជា មាន​ពលរដ្ឋ​សរុប ៧,៨៧៩​នាក់ កើត​ជំងឺគ្រុនឈាម និង​ជំងឺគ្រុនចាញ់​។ ក្នុងនោះ​មាន​៣,៣៣៩​នាក់​កើត​ជំងឺគ្រុនឈាម ដោយមាន​៤​នាក់​បាន​ស្លាប់​។ នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ខែកក្កដា​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់ ករណី​នៃ​អ្នក​ដែល​កើត​ជំងឺគ្រុនឈាម​ទាំង​ជាង​៣​ពាន់​នាក់​នេះ គឺ​បាន​ថយចុះ​រហូត​៨៨​ភាគរយ និង​អ្នក​កើត​ជំងឺគ្រុនចាញ់​បាន​ថយចុះ​៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ 
 
​ក្រសួង​អះអាងថា ថ្វី​ដ្បិត ស្ថានភាព​នៃ​ជំងឺគ្រុនឈាម​និង​គ្រុនចាញ់​បាន​ថយចុះ​យ៉ាងគំហុគ​នៅក្នុង​ឆ្នាំ​២០២០  ប៉ុន្តែ​ក៏​នៅមាន​ករណី​ការកើត​ជំងឺ​ពីរ​ប្រភេទ​នេះ​លើ​ប្រជាពលរដ្ឋ​ដោយ​ភាព​រាយប៉ាយ​ខ្ពស់​និង​រាយប៉ាយ​ដោយ​ដុំៗ នៅតាម​ទីតាំង​ភូមិសាស្ត្រ​ផ្សេងៗ​ពីគ្នា​ផងដែរ​។ ជាក់ស្តែង ចំពោះ​ជំងឺគ្រុនឈាម គឺមាន​កើត​ឡើងជា​លក្ខណៈ​រាយប៉ាយ​ដុំៗ​នៅតាម​ភូមិ​ប្រជុំជន​មួយចំនួន ពិសេស​នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ​។  
 
​ដោយឡែក​ជំងឺគ្រុនចាញ់​វិញ បន្ត​កើតឡើង​ដោយ​ភាព​រាយប៉ាយ​ខ្ពស់ គឺមាន​នៅតាម​ទីតាំង​ភូមិសាស្ត្រ​ឬ​តំបន់​មានព្រៃ​-​ភ្នំ ក្រៅពី​នៅ​ខេត្តមណ្ឌលគិរី រតនគិរី ក៏មាន​កើតឡើង​នៅក្នុង​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់់ និង​ស្ទឹងត្រែង​។​
 
​ដើម្បី​បង្ការ និង​ទប់ស្កាត់​នៃ​ការកើត​ជំងឺ​ទាំងនេះ ក្រសួង​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​គ្រប់រូប​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​សកម្មភាព​នានា​តាម​វិធាន​ការពារ​នានា​។ ចំពោះ​វិធាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេច​យក​មុង​ជ្រលក់​ថ្នាំ​ទៅតាម​ពេល​ចូល​ព្រៃភ្នំ ទៅ​តំបន់​ប្រឈម​ចម្លងជំងឺ​គ្រុនចាញ់ ដោយ​ត្រូវ​សំរាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជាប្រចាំ​។ ប្រសិន​អ្នក​សង្ស័យ​ខ្លួន​កើត​ជំងឺគ្រុនចាញ់ ត្រូវ​ស្វែងរក​សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដែល​នៅ​ជិត​អ្នក​បំផុត​។​
 
​សម្រាប់​ការបង្ការ និង​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺគ្រុនឈាម​វិញ គឺជា​កាតព្វកិច្ច​របស់​បុគ្គល​ម្នាក់ៗ ដែល​ចូលរួម​ទទួលខុសត្រូវ​លើ​ការងារ​ទាំងអស់នេះ​។ ដូចជា ការលុបបំបាត់​ភ្នាក់ងារ​ចម្លង​មូស​ខ្លា និង​ដង្កូវទឹក (​ក្នុង​ពាង អាងទឹក សំបក​កង់​យានយន្ត និង​ប្រភព​ដក់​ទឹក​ផ្សេងៗ​)​។ ក្នុងករណី​សង្ស័យ​សមាជិក​ក្នុង​គ្រួសារ ពិសេស​កូនតូចៗ​កើត​ជំងឺគ្រុនឈាម គឺ​ត្រូវ​រួសរាន់​ទៅ​បញ្ជូនទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ណា​ដែល​នៅ​ជិត​ផ្ទះ​បំផុត ដើម្បី​ទទួលបាន​សេវា​ធ្វើ​រោគវិនិច្ឆ័យ​-​ព្យាបាល​ថែទាំ​ជំងឺ​បាន​ទាន់ពេលវេលា​។​
 
​ក្រសួងសុខាភិបាល​នៅតែ​បន្ត​ផ្តល់​ថ្នាំ​បាណក​ឃា​ជ​(​ថ្នាំ​អា​បែ​ត​)​ឥតគិតថ្លៃ សម្រាប់​ដាក់ចូល​ក្នុង​ភាជន៍​ទឹក​ទុក​ប្រើប្រាស់​មួយឆ្នាំ​២​ដង (​ដើមរដូវ​វស្សា និង​ចុងរ​ដុ​វ​ប្រាំង​) នៅតាម​ផ្ទះ​នីមួយៗ​តាម​តំបន់​គោលដៅ​ភូមិសាស្ត្រ​នៃ​ភ្នាក់ងារ​ចម្លង​មូល​ខ្លា​៕ 
 

Tag:
 ជំងឺគ្រុនឈាម​
  ជំងឺគ្រុនចាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com