ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ជំរុញឲ្យរដ្ឋាភិបាល និងធនាគារជាតិកម្ពុជា ធ្វើអន្តរាគមន៍ជាបន្ទាន់ ឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ផ្អាកទារបំណុលពីប្រជាពលរដ្ឋ ក្នុងអំឡុងរងវិបត្តិកូវីដ-១៩។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មើលឃើញថា អ្នកជាប់បំណុល មិនអាចបំពេញការទូទាត់បំណុល ហើយប្រឈមនឹងការលក់ដីនិងផ្ទះសម្បែងរបស់ពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស អះអាងទៀតថា ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក គឺមិនទាន់គ្រប់គ្រាន់ ក្នុងការការពារអ្នកខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ តែផ្ទុយមកវិញ ថែមទាំងធ្វើឲ្យប៉ះពាល់សិទ្ធិរបស់ពួកគេ ក្នុងការមានជីវភាពនិងផ្ទះសម្បែងសមរម្យ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មិនបានទទួលខុសត្រូវផ្នែកសិទ្ធិមនុស្ស ចំពោះកូនបំណុលដែរ។
សម្តីរបស់លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីថ្លែងការណ៍នោះ យ៉ាងដូច្នេះថា៖«ប្រជាពលរដ្ឋកម្ពុជាជាច្រើន បារម្ភពីការបាត់បង់ដីធ្លី ជាងការបារម្ភឆ្លងជំងឺកូវីដ-១៩ទៅទៀត ដោយសារតែពួកគេ មិនអាចសងបំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយរដ្ឋាភិបាល ជួយពួកគេតិចតួចប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាមិនស្គាល់កម្ពុជា ទើបបានជាទាមទារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកទារបំណុលពីប្រជាពលរដ្ឋ។ លោក បកស្រាយ រដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិ អាចត្រឹមសម្របសម្រួលជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ឲ្យបន្ថូរបន្ថយដល់កូនបំណុល ដោយផ្នែកលើគោលការណ៍អនុគ្រោះ តែរដ្ឋាភិបាល មិនអាចទៅបង្គាប់បញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកយកបំណុលពីកូនបំណុលតែម្តងនោះទេ ព្រោះកម្ពុជា ជាទីផ្សារសេរី។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យ ចោទជាសំណួរទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា៖«ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសដូចកុម្មុយនីស្តឬយ៉ាងម៉េច? សូមអធ្យាស្រ័យ យើង ធ្វើមិនកើតទេ»។
លោក បន្ថែមថា បើត្រូវធនាគារ រឹបអូសយកដីធ្លីឬផ្ទះសម្បែង ប្រជាពលរដ្ឋ អាចប្តឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌។ ប៉ុន្តែ លោក អះអាងថា ការរឹបអូសនេះ គឺមានតិចណាស់។
អ្នកនាំពាក្យ ថែមទាំងចោទជាសំណួរទៀតថា បណ្តាប្រទេសនានាលើពិភពលោក ដូចជា អាមេរិក អង់គ្លេស និង បារាំង ជាដើម តើមានបញ្ជាឲ្យធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ផ្អាកយកបំណុលពីប្រជាពលរដ្ឋដែរឬទេ? ចោទជាសំណួរបែបនេះហើយ លោក រុញអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឲ្យទៅប្រាប់ប្រទេសទាំងនោះវិញ មិនចាំបាច់ឲ្យប្រជាពលរដ្ឋ សងបំណុលទៅធនាគារទេ ហើយមិនបាច់មកប្រាប់កម្ពុជាឡើយ។
សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីអ្នកស្រី ជា សេរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិឡើយ ដោយសារតែអ្នកស្រី មិនទទួលការហៅចូល។
យ៉ាងណា កន្លងមក លោក តុងងី ប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ ធ្លាប់សារព័ត៌មានថ្មីៗថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានដោះស្រាយជូនពលរដ្ឋ ដែលជាប់បំណុល ប៉ុន្តែមិនមែនអ្នកខ្ចីទាំងអស់ សុទ្ធតែទទួលបានការពន្យារពេលសងការប្រាក់ និងប្រាក់ដើមនោះទេ។
លោក តុងងី សង្កត់ធ្ងន់ថា៖«បើពន្យារពេលសងគ្រប់គ្នា គឺខុសលក្ខខណ្ឌ ដែលតម្រូវឲ្យអ្នកជាប់កម្ចីទាំងអស់ដាក់ពាក្យស្នើសុំ ហើយអ្នកទាំងនោះទៀតសោត ត្រូវតែជាអ្នកជួបបញ្ហាសេដ្ឋកិច្ចឬបាត់ប្រភពចំណូល ទើបខាងស្ថាប័នហិរញ្ញវត្ថុអនុគ្រោះលើការបង់ការប្រាក់និងដើម»។
បើតាមលោក តុងងឺ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង២,២លាននាក់ កំពុងជំពាក់បំណុលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕