ជាតិ
សុខភាព
ក្រសួងសុខាភិបាល​៖ ករណី​ជំងឺគ្រុនចាញ់​ថយចុះ​៧០​ភាគរយ ក្នុងពេល​៦​ខែ​ដើមឆ្នាំ​២០២០
16, Jul 2020 , 7:59 pm        
រូបភាព
បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ចំនួន​ករណី​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​៧០​ភាគរយ​គឺ​ពី​ចំនួន​១៥១៦៥​ករណី​ក្នុងពេល​៦​ខែ​ដើមឆ្នាំ​២០១៩​មក​នៅត្រឹម​ចំនួន​៤៥៤០​ករណី​ក្នុងពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​កម្ពុជា​។​

 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​ខែកក្កដា បញ្ជាក់​បន្ថែមថា​មិនមាន​អ្នកស្លាប់​ទេ​ក្នុងករណី​ជំងឺគ្រុនចាញ់​ទាំង​៤៥៤០​នោះ​។ ស្ថានភាព​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២០​នេះ​មាន​រាយប៉ាយ​នៅ​តំបន់​ព្រៃភ្នំ ពិសេស​នៅ​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិសាត់ និង​ស្ទឹងត្រែង​។​
 
​ការប្រកាស​របស់​ក្រសួងសុខាភិបាល​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​ក្រោយពី​មានការ​ចេញផ្សាយ​ការសិក្សា​ថ្មី​មួយ​ដែល​ព្រមាន​ថា ជំងឺ​កូ​វីដ​១៩​អាចមាន​សក្តានុពល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​សេវាកម្ម​សុខាភិបាល​ដែល​ផ្តោតទៅលើ​ជំងឺអេដស៍ របេង​និង​គ្រុនចាញ់​ក្នុងប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម​នេះ​។​
 
​ការសិក្សា​ដែល​បាន​ចុះផ្សាយ​នៅលើ​ទិ​ន្ទា​នុប្ប​វ​ត្តិ​សុខភាព​សកល The Lancet នេះ​រកឃើញថា ការអាក់ខាន​ការផ្តល់​សេវាកម្ម​សុខាភិបាល​ទៅលើ​ជំងឺគ្រុនចាញ់​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​អាច​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​កើនឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។​
 
​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិក​គ្រប់គ្រង​និង​បង្ការ​ជំងឺ​នៅតែ​ដាក់​កម្ពុជា​ស្ថិតក្នុង​ប្រទេស​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺគ្រុនចាញ់​នៅឡើយ ជាពិសេស​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​(P. falciparum)​។​
 
​ក្រសួងសុខាភិបាល​កម្ពុ​ជា​លើកឡើងថា ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​នេះ​មាន​ចំនួន​៣៨១​ករណី​គឺ​ថយចុះ​៨០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com