អន្តរជាតិ
ចិន គំរាមចាត់វិធានការតបអង់គ្លេសដែលហាមប្រើ 5G របស់ Huawei អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែកក្កដា។ រូបភាពពីក្រសួងការបរទេសចិន
× ទីក្រុងប៉េកាំង បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei ។ នៅថ្ងៃទី១៥ ខែកក្កដា ក្រសួងការបរទេសចិន បានចោទអង់គ្លេសថា ជឿតាមការបោកប្រាស់របស់អាមេរិក ដែលសកម្មភាពបែបនេះ នឹងរងការវាយបកវិញមិនខាន។ ក្រុងប៉េកាំងក៏រិះគន់ក្រុងឡុងដ៍ថា មិនគោរពតាមគោលការណ៍ទីផ្សារសេរីទៀតផង។
ចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែកក្កដា ប្រកាសថា នឹងលែងទិញគ្រឿងបរិក្ខារអ៊ីនធឺណិត 5G ពីក្រុមហ៊ុន Huawei ចាប់ពីឆ្នាំ២០២១ ទៅ ហើយនឹងរើចោលគ្រឿងបរិក្ខារមានស្រាប់ក្នុងរយៈពេល៧ឆ្នាំខាងមុខ។ វិធានការការពារសន្តិសុខជាតិដែលត្រូវបានមើលឃើញថា ធ្វើតាមការទាមទាររបស់អាមេរិក ធ្វើឲ្យទីក្រុងប៉េកាំងខាងសម្បារយ៉ាងខ្លាំងដោយបានរិះគន់អង់គ្លេសខ្លាំងៗ រហូតគំរាមចាត់វិធានការតបវិញទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying ចាត់ទុកការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់បច្ចេកវិទ្យាក្រុមហ៊ុនចិន ជាវិធានការធ្វើឡើងដោយគ្មានព័ស្តុងតាងជាក់ស្ដែង និងពឹងផ្អែកលើហានិភ័យដែលមិនបានកើតឡើងអ្វីសោះ។ ពោលគឺ អង់គ្លេសចូលដៃចូលជើងជាមួយអាមេរិកដើម្បីរុញក្រុមហ៊ុនចិនទៅម្ខាងប៉ុណ្ណោះ ដែលវាបានបំពានច្បាស់ៗគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងបញ្ញត្តិពាណិជ្ជកម្មសេរី ក៏ដូចជាប៉ះពាល់កិច្ចសហប្រតិបត្តិការចិន-ចក្រភពអង់គ្លេសផងដែរ។
«ចិននឹងវាយតម្លៃការវិវត្តស្ថានការណ៍មួយនេះដោយម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារភាពស្របច្បាប់ និងប្រយោជន៍តាមផ្លូវច្បាប់របស់ក្រុមហ៊ុនចិន។» នេះជាការលើកឡើងរបស់អ្នកស្រី Hua តបនឹងសំណួររបស់សារព័ត៌មានអង់គ្លេស BBC ពាក់ព័ន្ធជំហររបស់ចិនអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដា។ មន្ត្រីចិនរូបនេះមិនបញ្ជាក់ឲ្យច្បាស់ពីការឆ្លើយឡើយ តែថែមមួយឃ្លាថា «ទទួលផលនូវអ្វីដែលបានធ្វើ»។
អ្នកនាំពាក្យរូបនេះក៏ចោទជាសំណួរទៅអង់គ្លេសវិញថា តើចង់មានការសម្រេចចិត្តដោយខ្លួនឯង ឬក៏សុខចិត្តធ្វើជាកូនចៅ ឬធ្វើតាមការបញ្ជារបស់អាមេរិក?
Huawei បានក្លាយជាចំណុចមួយក្នុងចំណោមសំណុំរឿងរាប់ជំពូកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ អាមេរិក បានទទូចឲ្យប្រទេសនានាកាត់ផ្ដាច់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនមួយនេះ បើពួកគេមិនចង់រងគ្រោះដោយសារការលួចទិន្នន័យនោះ។ មុនអង់គ្លេស អាមេរិកបានអូសកាណាដាឲ្យចូលក្នុងសង្វៀននេះតាមរយៈការចាប់ខ្លួនមន្ត្រីហិរញ្ញវត្ថុ Huawei ។ បច្ចុប្បន្ន ទំនាក់ទំនងចិន និងកាណាដា ធ្លាក់ដល់ចំណុចទាបបំផុត៕
Tag:
5G
Huawei
ចិន
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com