ជាតិ
ដាំ​ដើមឈើ​ជួយ​បន្ថយកម្តៅ​លើ​ថ្ម​ប្រាសាទ​
16, Jul 2020 , 10:35 am        
រូបភាព
រូបភាព៖ លោក ហង់ ពៅ (ពាក់វែនតា) ព្រះសង្ឃ និងសហការីដាំកូនឈើនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០។
រូបភាព៖ លោក ហង់ ពៅ (ពាក់វែនតា) ព្រះសង្ឃ និងសហការីដាំកូនឈើនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០។
​សៀមរាប​៖ ក្រៅពី​ការងារ​អភិរក្ស​ប្រាសាទ ការបង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជា​កាតព្វកិច្ច​សំខាន់​របស់​អាជ្ញាធរ ។ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បានលើកឡើង​ក្នុង​ពិធី​ដាំ​កូនឈើ ថា ការរួម​គ្នា​ដាំ​ដើមឈើ​ឡើងវិញ គឺ​ស្មើនឹង​ការចូលរួម​អភិរក្ស​ប្រាសាទ​យ៉ាង​ដូច្នោះ​ដែរ​។​

 
«​ព្រៃឈើ បានផ្តល់​ជា​ម្លប់ ទាក់ទាញ​ទឹកភ្លៀង ផ្តល់​សំណើម កាត់បន្ថយ​ការបំពុល​បរិស្ថាន ក៏ដូចជា​ការប្រើប្រាស់រ​បស់​ពលរដ្ឋ​...​ប្រាសាទ​របស់​យើង​ដែល​នៅទីនេះ មិនមែន​តែ​អង្គរវត្ត​មួយ​ទេ គឺ​ប្រាសាទ​ទាំងអស់​ក៏ត្រូវ​ការការពារ និង​ថែរក្សា​ដោយ​ដើមឈើ​នេះដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​បរិវេណ​ខាងត្បូង​ប្រាសាទអង្គរវត្ត នា​ថ្ងៃទី​១៥ កក្កដា​។ 


 
​លោក ហង់ ពៅ បាន​លើក​ពី​គុណ​តម្លៃ​មួយចំនួនទៀត​របស់ព្រៃ​ឈើ លើ​ប្រាង្គ​ប្រាសាទ ដូចជា​រួមចំណែក​កាត់បន្ថយ​កម្តៅលើ​ថ្ម ដែល​តាម​ការសិក្សា​កន្ល​ង​មក ព្រោះ​នៅពេល​ថ្ងៃ ថ្ម​ប្រាសាទ​ឡើង​កម្ដៅ​ជិត ៨០​ដឺ​ក្រេ និង​នៅពេល​យប់​កម្ដៅ​ធ្លាក់​នៅត្រឹម​២០​ដឺ​ក្រេ​។ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​យល់ថា ដើមឈើ​រួមចំណែក​កាត់បន្ថយ​សម្ពាធ​កម្តៅលើ​ថ្ម ហើយ​ការដាំ​ដើម​ឡើងវិញ​នេះ ជាការ​រួមចំណែក​អភិរក្ស​ប្រាសាទ បង្ការ​ពី​ភាព​ពុកផុយ​ថ្ម​យ៉ាង​ដូច្នោះ​ដែរ​។​
 
​លោក ហង់ ពៅ បាន​បន្ថែមថា​៖« តួនាទី​ដើមឈើ​ពេល​វា​ធំ ជួយផ្តល់​សំណើម ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ថ្ម​ដែលជា​ការអភិរក្ស​រប​ស់​យើង ទប់​លំនឹង​ទឹក​ក្រោម​ដី ទប់​ខ្យល់​មិនឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ថ្ម​ប្រាសាទ ព្រោះ​ប្រាសាទ​យើង​មិនមាន​ចាក់​បេតុង​អី​ទេ​...​នេះ​ជា​សារ​អំពាវនាវ​ដល់​បងប្អូន​ដែល​កាប់​ដើមឈើ គួរតែ​ពិចារណា​ពី​តួនាទី​របស់​ដើមឈើ​»​។ 


 
​បន្ថែម​ពីនេះ ក្នុង​ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ដាំ និង​ចែកចាយ​កូនឈើ​ចម្រុះ​ដល់​គ្រប់​ស្ថាប័ន និង​សាធារណជន រហូតដល់​ជាង​១០​ម៉ឺន​ដើម ក្នុងន័យ​បរិស្ថាន និង​បង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ​ក្នុងប្រទេស​កម្ពុជា​។​
 
​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​ដែល​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​ដើមឈើ​៤០០​ដើម​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត លោក គី តិច ដែលជា​ប្រធាន ថ្លែងថា​ការដាំ​កូនឈើ​នៅ​តំបន់​បេតិកភណ្ឌ​នៅពេលនេះ គឺមាន​សារសំខាន់ និង​បង្ហាញថា អ្នកច្បាប់​ក៏​ចូលរួម​ក្នុង​ការងារ​សង្គម ជួយ​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ក្លាយជា​គំរូ​ដល់​យុវជន​ក្រោយៗ​។ 


 
​គួរ​បញ្ជាក់ថា ដើមឈើ​ដែល​ត្រូវ​ដាំ​ក្នុង​ពិធី​ខាងលើ​ក្រោម​ប្រធានបទ «​សន្ដិភាព យុត្ដិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន​» សរុប ៤០០​ដើម មាន​ឈើ​គ្រញូង បេង ធ្នង់ នាងនួន សុ​ក្រំ រំដួល និង​ថ្កុ​លមាស​៕
 



Tag:
 បរិស្ថាន​
  ឧទ្យាន​អង្គរ​
  ហង់ ពៅ​
  អាជ្ញាធរ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com