ពីនេះ ពីនោះ
រូបត្លុក
កូ​វីដ​-១៩ ជំរុញ​ឲ្យ​កូន​ខ្មែរ​ស្គាល់ និង​ស្រឡាញ់​សម្បត្តិ​ទេសចរណ៍​ខ្មែរ​កាន់តែ​ខ្លាំង​!
16, Jul 2020 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​អស់​រយៈពេល​ជាង​១​សប្តាហ៍​ហើយ ដែល​ក្លើ សំណាង និង​សុធីរ មិនបាន​ជួបគ្នា ហើយក៏​មិន​ទាក់ទង​គ្នា​តាម​បណ្តាញ​សង្គម​ដែរ ព្រោះ មិត្ត​ទាំងពីរ​បានធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចង់ដឹង​ឲ្យ​ច្បាស់​ថា តើ​កូន​ខ្មែរ​ចាប់អារម្មណ៍​នឹង​សម្បត្តិ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ​នៃ​ដែនដី​សុវណ្ណ​ភូមិ​យ៉ាងដូចម្តេច​ដែរ​ក្នុង​បរិបទ​កូ​វីដ​នេះ​។

 

 
​សុធីរ​៖ ខ្មែរ​យើង​ដើរ​កម្សាន្ត​ច្រើន​មែនទែន​ទៅតាម​ខេត្ត​ក្រុង ក្នុង​រយៈពេល​២ ឬ​៣​ខែ​ចុង​ក្រោយនេះ​។ 
 
​សំណាង​៖ អើ​! ដើរ​ច្រើន​មែនទែន​។ ពួកគេ​ធ្វើដំណើរ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ជាពិសេស តំបន់ភ្នំ តំបន់​ខ្ពស់​រាប តំបន់​សមុទ្រ តំបន់​ប្រាសាទ និង​តំបន់​ជនជាតិភាគតិច​។​ល​។ 
 
​សុធីរ​៖ ហេតុអ្វី​បានជា​មាន​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​ច្រើន​ម្ល៉េះ​? 
 
​សំណាង​៖ អានេះ សួរ​ដូច​អត់​ដឹងអី​សោះតែ​ម្តង​! កូ​វីដ ស្ទាក់​ពួកគេ​មិន​ឲ្យ​ដើរទៅ​ក្រៅប្រទេស​បាន​ហ្នឹង​ណា៎​! 
 
​សុធីរ​៖ អ៊ីចឹង បើ​អត់​មាន​កូ​វីដ ពួកគេ​មិន​ដើរ​កម្សាន្ត​ក្នុងស្រុក​ទេ​? 
 
​សំណាង​៖ ថា​អ៊ីចឹង ក៏​មិន​ខុស​ដែរ​។ តាមពិត បើ​គ្មាន​កូ​វីដ កូន​ខ្មែរ​មួយចំនួន​ដើរ​កម្សាន្ត​ក្នុងប្រទេស តែ​មួយចំនួនទៀត​ជាប់​ស្នេហ៍​ជាមួយ​ទេសភាព និង​សម្ភារ​នៅឯ​បរទេស​។ អ្នកទេសចរ​ប្រភេទ​ទី​ពីរ​នេះ ភាគច្រើន​ជា​«​បរទេស​និយម​»​។ 
 
​សុធីរ​៖ អា សំណាង​! អញ​លឺ​តែ​គេ​អួតថា ទេសភាព​នៅ​បរទេស និង​ស្រុក​គេ​ល្អ​ណាស់​។ ប្រទេស​គេ​ទំនើប​ណាស់​។​ល​។ មែន​អត់​អ្ហា​! 
 
​សំណាង​៖ ថា អ៊ីចឹង​ក៏​មិន​ខុស​ដែរ​! តែ​ទេសភាព​នៅ​ខ្មែរ ក៏​អស្ចារ្យ​ដែរ​។ អ្ហែង​ត្រូវ​ដឹងថា ស្រុក​ខ្មែរ​ជា​ដែនដី​សុវណ្ណ​ភូមិ​។ បើ​និយាយ​ពី​ទេសភាព​នៅ​ស្រុកស្រែ​វិញ វា​ប្រៀបដូចជា​ផ្ទាំងគំនូរ​ក្នុង​រឿងនិទាន​អ៊ីចឹង​។ ល្អ និង​ស្អាត​ណាស់​។ ល្អ ស្អាត អស្ចារ្យ រហូតដល់​អញ​មិនអាច​ពិពណ៌នា​ប្រាប់​ឯង​បានឡើយ​។ អ៊ីចឹង អ្វីដែល​គេ​និយាយថា ទេសភាព​ស្រុក​គេ​ល្អ អស្ចារ្យ​លើស​ស្រុក​ខ្មែរ គឺ​មិន​ត្រឹមត្រូវ​ទេ​។ តែបើ​គេ​និយាយថា ទេសភាព​ល្អ ស្អាត ម្យ៉ាង​ម្នាក់ គឺ​ត្រឹមត្រូវ​ជាង​។ 
 
​សុធីរ​៖ បើ​អញ​ស្តាប់​អ្ហែង​និយាយ មានន័យថា កូ​វីដ​ធ្វើ​ឲ្យ​កូន​ខ្មែរ​ស្គាល់​តម្លៃ​នៃ​សម្បត្តិ ឬ​សក្តានុពល​ទេសចរណ៍​ខ្មែរ​កាន់តែខ្លាំង មិន​ថា អ៊ីចឹង​?​។ 
 
​សំណាង​៖ រឿង​កូ​វីដ​នេះ មិនល្អ​ទេ និយាយ​ជារួម​។ តែ​និយាយ​ដោយឡែក កូ​វីដ​បានធ្វើ​ឲ្យ​កូន​ខ្មែរ​ស្គាល់​សម្បត្តិ​ធម្មជាតិ ជាពិសេស តំបន់​ទេសចរណ៍​ព្រហ្មចារី​ខ្មែរ​កាន់តែ​ច្រើនជាង​មុន​។ បើ​កូន​ខ្មែរ​មិនដឹង បើ​មិន​ស្គាល់ កូន​ខ្មែរ​ពិតជា​មិន​ឲ្យ​តម្លៃ​លើ​សម្បត្តិ​របស់​ខ្មែរ​ខ្លួនឯង​ឡើយ​។ សរុប​មកវិញ សូម​ឲ្យ​កូន​ខ្មែរ​ស្គាល់​រមណីយដ្ឋាន​ទេសចរណ៍ ឬអ្វី​ជា​របស់​ខ្មែរ​ឲ្យ​អស់​សិន មុននឹង​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​គេ​។ ប្រទេស​គេ ល្អ​របៀប​គេ ខ្មែរ​យើង​ល្អ​របៀប​ខ្មែរ​យើង​។ សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់​នាំគ្នា​ផ្សព្វផ្សាយ​សម្បត្តិ​ទេសចរណ៍​យើង​ទៅកាន់​ប្រទេស​គេ​! ចូរ​កុំ​នាំគ្នា​អួត​តែ​ពី​ប្រទេស​គេ​មកកាន់​ជនជាតិ​យើង​!​។ អា សុធីរ​! អញ​សួរ​អ្ហែង​មើលថា តើ​កូន​ខ្មែរ​ម្នាក់ៗ​អាច​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​ខ្មែរ​ទៅកាន់​បរទេស​បាន​ឬទេ​? 
 
​សុធីរ​៖ ត្រូវតែ​ធ្វើបាន​។ ខ្មែរ​អាចធ្វើ​បាន​! បើ​ធ្វើ​ប៉ុន​ហ្នឹង​មិនបាន «​កូន​ខ្មែរ​»​មិនចាំបាច់​ធ្វើ​អ្វី​ផ្សេង​ទៀតឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com