ចិន ហៅទណ្ឌកម្មអាមេរិកលើហុងកុង គឺជាកាយវិការរបស់ «បងធំ និងសម្លុត» អ្នកដទៃ
អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ហៅទណ្ឌកម្មអាមេរិកលើហុងកុង គឺជាកាយវិការរបស់ «បងធំ និងសម្លុត» អ្នកដទៃ
16, Jul 2020 , 1:58 pm        
រូបភាព
បុរសហុងកុងម្នាក់ដើរកាត់បដា ដែលសរសេរថាច្បាប់សន្តិសុខជាតិ។ រូបភាព៖ EFE
បុរសហុងកុងម្នាក់ដើរកាត់បដា ដែលសរសេរថាច្បាប់សន្តិសុខជាតិ។ រូបភាព៖ EFE
ការិយាល័យកិច្ចការហុងកុងរបស់ចិននៅថ្ងៃទី១៥ ខែកក្កដា បានចេញមុខរិះគន់អាមេរិកយ៉ាងខ្លាំង និងចាត់ទុក ការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្វ័យភាពហុងកុង (Hong Kong Autonomy Act) និងបញ្ជាប្រតិបត្តិ ដែលបញ្ចប់ «ឋានៈពិសេស» របស់ហុងកុង គឺជាអំពើរបស់បងធំ និងសម្លុតគេឯង។



បញ្ជាប្រតិបត្តិបញ្ចប់ឋានៈពិសេសហុងកុង និងសេចក្តីស្នើច្បាប់ស្វ័យភាពហុងកុង ត្រូវបានប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចុះហត្ថលេខារួចហើយ នៅថ្ងៃទី១៤ ខែកក្កដាកន្លងទៅ។ បញ្ជាប្រតិបត្តិនេះ នឹងបញ្ចប់ការអនុគ្រោះសេដ្ឋកិច្ចពិសេស និងការនាំចេញសម្ភារបច្ចេកវិទ្យាមួយចំនួន។ ចំណែកច្បាប់ស្វ័យភាពហុងកុងវិញ នឹងបើកផ្លូវឲ្យអាមេរិក ដាក់ទណ្ឌកម្មលើមន្រ្តីចិន ដែលត្រូវបានចូលរួមបំផ្លាញសេរីភាពហុងកុង និងធនាគាមួយចំនួន ដែលរកស៊ីជាមួយមន្រ្តីចិនទាំងនោះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលមានប្រើពាក្យធ្ងន់ៗ ការិយាល័យកិច្ចការហុងកុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលូកដៃដោយគ្មានហេតុផល និងការគំរាមកំហែងដោយគ្មានការខ្មាសអៀន ដោយទង្វើអាមេរិក គឺជាសកម្មភាពបងធំ និងសម្លុតអ្នកដទៃ»។ ក្នុងន័យនេះ ការិយាល័យហុងកុង គឺចាត់ទុកការបញ្ចប់ឋានៈពិសេសហុងកុង និងការចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្វ័យភាពហុងកុងរបស់អាមេរិក គឺធ្វើឡើងតាមទំនើងចិត្ត និងដកហូតតាមតែចិត្តឯង។

យ៉ាងណាក៏ដោយ ការិយាល័យកិច្ចការហុងកុង បានបញ្ជាក់ថា ការដកហូតរបស់អាមេរិកនូវឋានៈពិសេសមួយនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ហុងកុងឡើយ ប៉ុន្តែវាមានតែបំផ្លាញផលប្រយោជន៍អាមេរិកទៅវិញទេ។ បើតាមការិយាល័យរបស់ចិនប្រចាំនៅទីក្រុងហុងកុងមួយនេះ គ្មានកម្លាំងបរទេសណា អាចរារាំងការប្តេជ្ញា និងទំនុកចិត្តរបស់ចិន ក្នុងការការពារអធិបតេយ្យជាតិ និងសន្តិសុខហុងកុងបានទេ។ កិច្ចការរបស់ទីក្រុងប៉េកាំង គឺដើម្បីស្តារស្ថិរភាព និងវិបុលភាពរបស់ទីក្រុង ក្នុងរយៈពេលវែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បន្ទាប់ពីចុះហត្ថលេខារបស់លោកត្រាំ លើបញ្ជាប្រតិបត្តិ និងសេចក្តីស្នើច្បាប់ស្វ័យភាពហុងកុង ទីក្រុងប៉េកាំង បានព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្ម លើមន្រ្តី និងស្ថាប័នអាមេរិកបកវិញ។

សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា បានរិះការរិះគន់យ៉ាងខ្លាំងពីសំណាក់បរទេស។ ច្បាប់នេះ ត្រូវបានបរទេសមើលឃើញថា គឺជាការបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជន និងបំផ្លាញគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ហុងកុងថែមទៀត៕

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com