ជួយ​ចែករំលែក​! មិនសូវ​សម្បូរ​ទឹកដោះ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! មិនសូវ​សម្បូរ​ទឹកដោះ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
16, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពេល​សម្រាល​អ្វីដែល​ស្ត្រី​ជា​ម្ដាយ​គួរ​ធ្វើ​ដើម្បី​ខ្លួនឯង​និង​កូន គឺ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​និង​ទទួលទាន​អាហារ​សុខភាព​ល្អ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​របប​អាហារ​ត្រឹមត្រូវ​ក៏​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយផ្ដល់​ថាមពល​បន្ថែម​និង​បង្កើន​ទឹកដោះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ ក៏ដូចជា​គន្លឹះ​ងាយៗ​ដែល​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ ៖

 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​មួយ​ក្នុងចំណោម​គន្លឹះ​ដ៏​ងាយ​បំផុត​ដើម្បី​បង្កើន​ការផលិត​ទឹកដោះ គឺ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​។ ការទទួល​ទាន​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​ចាំ​សម្រាប់​ដំណើរការ​នៃ​ការផលិត​ទឹកដោះ​។​
 
២. ស្អំ​កម្ដៅ​
 
​ចរន្តឈាម​ហូរ​ខ្សោយ​ក៏​ជះឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃ​ការផលិត​ទឹកដោះ​ផងដែរ​។ ទោះជា​យ៉ាងណា​ការ​ស្អំ​កម្ដៅ​អាចជួយ​សម្រួល​ចរន្តឈាម​ហូរ​ទៅកាន់​សុដន់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​កូនកន្សែង ឬ​ក្រណាត់​ស្អាត​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ​ខ្លះ បន្ទាប់មក​ស្អំ​ម៉ាស្សា​លើ​ទ្រូង និង​សុដន់​ដោយ​សង្កត់​ថ្នមៗ​បន្តិច​ផង​ដើម្បី​ជម្រុញ​ចរន្តឈាម​ហូរ​។​
 
៣. ទទួលទាន​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​ម្សៅ​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។​
 
៤. រួមបញ្ចូល​ការ៉ុត​ក្នុង​របប​អាហារ​
 
​បន្លែ​មើម​នេះ​ក៏​ជួយ​បង្កើន​ការផលិត​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផងដែរ​តាមរយៈ​សារធាតុ beta carotene ដែល​វា​មាន​ផ្ទុក​។​
 
៥. កុំ​ភ្លេច​គ្រាប់ល្ង​
 
​គ្រាប់ល្ង​ក៏​ល្អ​សម្រាប់​ជួយ​បង្កើន​ការផលិត​ទឹកដោះ​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​។​
 
៦. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បង្កើន​ការផលិត​ទឹកដោះ​។ ទោះជា​យ៉ាង​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ដែលមាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ទាប ឬ​គ្មាន​អំបិល​តែម្ដង និង​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com