ដឹង​ទេ​? ខ្វះ​វីតាមីន E ហើយ​បើ​អាកា​រៈទាំង​នេះ​លេចឡើង​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ដឹង​ទេ​? ខ្វះ​វីតាមីន E ហើយ​បើ​អាកា​រៈទាំង​នេះ​លេចឡើង​
16, Jul 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កង្វះ​វីតាមីន E អាច​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈ​អ្វី​ខ្លះទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​ប្រសិនបើ​រាងកាយ​ខ្វះ​វីតាមីន E ៖

 
១. ស្បែក​ឆាប់​ចាស់​និង​ស្ងួត​
 
​តើ​អ្នក​សម្គាល់​ឃើញ​ស្បែក​ហាក់ដូចជា​ឆាប់​ចាស់​ជាង​វ័យ​ជ្រីវជ្រួញ ហើយ​ស្ងួត​មែន​ទេ​? វា​ដល់​ពេលដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ហើយ​។ សារធាតុចិញ្ចឹម​នេះ​សំខាន់​ណាស់​ក្នុងការ​រក្សា​សំណើម​នៃ​រាល់​កោសិកា​ស្បែក​ដើម្បី​បន្ថយ ឬ​ទប់ស្កាត់​ភាព​ចាស់​ឆាប់​ជ្រួញ​មុន​វ័យ​នៃ​ស្បែក​។ លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វីតាមីន E ក៏​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​តែង​ជះឥទ្ធិពល​ដល់​សុខភាព​ស្បែក​ដោយ​ព​ន្លឿ​នភា​ព​ចាស់​តាម​វ័យ​ផងដែរ​។​
 
២. ជ្រុះ​សក់​
 
​ប្រសិនបើ​សក់​របស់​អ្នក​ហាក់ដូចជា​ស្ដើង​ទៅៗ ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​សម្បូរ​វីតាមីន E ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ នេះ​ក៏​ព្រោះតែ​ភាពរឹងមាំ​នៃ​ឬ​ស​សក់ គឺ​អាស្រ័យ​លើ​វីតាមីន E ដែល​ជួយ​រក្សា​សុខភាព​ស្បែកក្បាល​ល្អប្រសើរ​។​
 
៣. កោសិកា​គ្រាប់​ឈាមក្រហម​ធ្លាក់ចុះ​
 
​វីតាមីន E ក៏​សំខាន់​ណាស់ដែរ​សម្រាប់​រក្សាសុខ​ភាព​ភ្នាស​កោសិកា​គ្រាប់​ឈាមក្រហម​ការពារ​ពី​ការបំផ្លាញ​។ ដូច្នេះ​ប្រសិនបើ​ខ្វះ​វីតាមីន E នោះ​បរិមាណ​គ្រាប់​ឈាម​ក៏​អាច​ថយចុះ​ដែរ​។ ចូរ​ប្រាកដថា​អ្នក​បាន​ទទួលទាន​អាហារ​សម្បូរ​វីតាមីន E គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​កោសិកា​គ្រាប់​ឈាមក្រហម​សុខភាព​ល្អ​និង​មាន​សមត្ថភាព​ក្នុងការ​ដឹកជញ្ជូន​អុកស៊ីសែន​។​
 
៤. ចំណង់​ផ្លូវភេទ​ថយចុះ​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​នោះ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ប្រាកដជា​ថយចុះ​ខុសពី​ធម្មតា​។ នេះ​ក៏​ព្រោះតែ​កង្វះ​វីតាមីន E បណ្ដាលឱ្យ​កោសិកា​គ្រាប់​ឈាម​ត្រូវ​ខូចខាត ដូច្នេះ​សមត្ថភាព​ក្នុងការ​ដឹកជញ្ជូន​អុកស៊ីសែន​ក៏​ថយចុះ ហើយ​លំហូរ​ឈាម​ទៅកាន់​ប្រដាប់ភេទ​ក៏​អាច​នឹង​ខ្សោយ​ជាង​មុន​ដែលនាំឱ្យ​ជះឥទ្ធិពល​ដល់​ចំណង់​ផ្លូវភេទ​។​
 
៥. ភាពចុះ​ខ្សោយ​នៃ​សាច់ដុំ​
 
​វីតាមីន E គឺ​ចាំបាច់​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​កណ្ដាល​។ កង្វះ​វី​តា​មីនេះ​ជា​លទ្ធផល​នៃ​បញ្ហា Oxidative stress ដែល​អាច​បណ្ដាលឱ្យ​សាច់ដុំ​ចុះខ្សោយ​។​
 
៦. មើល​លែង​សូវ​ច្បាស់​
 
​ប្រសិនបើ​អ្នក​ជួបប្រទះ​អា​ការៈមើលឃើញ​លែង​សូវ​ច្បាស់ ឬ​ពិបាក​មើលឃើញ​នៅពេល​យប់​វា​អាច​បណ្ដាលមកពី​កង្វះ​វីតាមីន E ហើយ​។ នេះ​ក៏​ព្រោះតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​វីតាមីន E ជួយ​ការពារ​រ៉េ​ទីន​ភ្នែក​ពី​ការខូចខាត​។ ដូច្នេះ​ប្រសិនបើ​មិន​ទទួលទាន​បាន​វីតាមីន E គ្រប់គ្រាន់​ទេនោះ​ការមើលឃើញ​របស់​អ្នក​ប្រាកដ​ជាមាន​បញ្ហា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com