ជាតិ
កម្ពុជារារាំងការនាំចូលជ្រូក១លានក្បាលពីថៃ ដើម្បីការពារប្រយោជន៍កសិករក្នុងស្រុក
× ភ្នំពេញ៖ ក្រុមហ៊ុនឯកជននៅកម្ពុជា បានស្នើសុំនាំចូលជ្រូករស់ ១លានក្បាល ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញបន្តទៅវៀតណាម។ ប៉ុន្តែសំណើនេះ ត្រូវបានរដ្ឋាភិបាល បដិសេធ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង កាលពីថ្ងៃទី ១៤ កក្កដា សម្ដេច ហ៊ុន សែន បានបញ្ជូនសំណើនាំចូលជ្រូកនេះ ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន ឱ្យត្រួតពិនិត្យ និងពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន់ សូរស័ក្តិ ហើយ។ ប៉ុន្តែបើតាមគោលគំនិតរបស់សម្ដេចវិញ គឺសម្ដេចមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននោះ នាំចូលជ្រូករស់ ១លានក្បាលនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាកសិករចិញ្ចឹមជ្រូកនៅកម្ពុជា។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគ្រាន់តែចារទៅឱ្យអ្នកបច្ចេកទេសសិក្សាទេ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន ។ ខ្ញុំមិនយល់ស្របចំណុចហ្នឹងទេ»។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើសិនបើឱ្យមានការនាំចូលជ្រូកពីប្រទេសថៃនោះ វាគឺដូចជាបើកឱកាសទីផ្សារឱ្យថៃ និងវៀតណាម ជាងកម្ពុជា។
បច្ចុប្បន្ននេះកម្ពុជា មានតម្រូវការសាច់ជាង២៩ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈដែលកម្ពុជាអាចផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯង បានជាង២៣ម៉ឺនតោន ដែលស្មើ៨២ភាគារយប៉ុណ្ណោះ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានជំរុញឱ្យកសិករទាំងអស់ ខិតខំបង្កើនផល ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលនៅសល់១៨ភាគរយទៀត ស្របពេលដែលរដ្ឋាភិបាល កំពុងលើកទឹកចិត្ត និងគាំទ្រ ដើម្បីកាត់បន្ថយការនាំចូលនេះ។
«បើយើងនាំចូល(សត្វ) គឺនាំចូលតែចំណុចដែលខ្វះ ហើយឥឡូវយើងខ្វះតែ១៨ភាគរយ ហើយបើយើងចិញ្ចឹមឱ្យគ្រប់ គឺមិនបាច់នាំចូលសត្វមកពីគេទេ ព្រោះបើទីផ្សារយើងគ្រប់ហើយ យើងចាំបាច់នាំសត្វពីគេធ្វើអី»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
រដ្ឋាភិបាលគាំទ្រការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប (ចិញ្ចឹមត្រី បង្កង កង្កែប អន្ទង់ កន្ធាយ) ដើម្បីចូលរួមបង្កើនផលិតភាពផលិត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ក្នុងកាល:ទេស:នៃវិបត្តិជំងឺឆ្លងកូវីដ១៩ ។ សម្ដេច ក៏បានប្រកាសថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩ នេះ ឱ្យទៅជាឱកាសនៃវិស័យកសិកម្ម ដោយប្រើប្រាស់កម្លាំងដែលបាត់បង់ពីវិស័យឧស្សាហកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញទៀតផង។
«មិនត្រូវភ្លេចថាយើងជាប្រទេសកសិកម្ម ដោយវាមិនគ្រាន់តែមិនប៉ះពាល់ទេ ប៉ុន្តែវាបែរជាមានឧត្តមភាពត្រឡប់ទៅវិញ នៅក្នុងវិស័យកសិកម្ម ដូច្នេះហើយបានជារាជរដ្ឋាភិបាល បានប្ដូរទិសយ៉ាងឆាប់ ទៅក្នុងការជំរុញវិស័យកសិកម្មឱ្យមានលូតលាស់ឡើង ។ហើយយើងក៏នឹងចូលរួមចំណែក មួយផ្នែកដោះស្រាយ និងធានាសន្តិសុខស្បៀងក្នុងស្រុក តែមួយផ្នែកទៀត យើងក៏នឹងចូលរួមសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងពិភពលោកផងដែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឱ្យក្រសួងមុខងារសាធារណៈ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបញ្ជូនមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ទៅជួយដល់កសិករ នៅក្នុងផ្នែកវារីវប្បកម្មនេះទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com