COVID-19
អន្តរជាតិ
ម៉ា​ល់​ឌី​វ បើក​ប្រទេស​ទទួលភ្ញៀវ​ទេស​ចរប​រទេស​ឡើងវិញ
16, Jul 2020 , 8:29 pm        
រូបភាព
ប្រភពរូប៖ CGTN
ប្រភពរូប៖ CGTN
ដោយ:
​ម៉ា​ល់​ឌី​វ បានសម្រេច​បើក​ប្រទេស​ឡើងវិញ នៅ​ថ្ងៃទី​១៥ ខែកក្កដា ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​លើកដំបូង​ក្នុងពេល​ជាង​៣​ខែ​។ ភ្ញៀវទេសចរ ពុំ​តម្រូវ​ឲ្យ​ធ្វើតេស្ត​រក COVID-19 ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​គ្មាន​វីរុស ដើម្បី​អាច​ចូលទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះឡើយ​។​

 
​ក្រោយ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airway ដែល​ចេញពី​រដ្ឋធានី ដូ​ហា បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​មួយ​ក្នុង​ទីក្រុង​ម៉ា​ល ប្រទេស ម៉ា​ល់​ឌី​វ អ្នកដំណើរ​ទាំង​១០៤​នាក់ ត្រូវបាន​បាញ់សម្លាប់​មេរោគ​។ នេះ​ជាការ​មកដល់​លើកដំបូង​របស់​អ្នកទេសចរ​អន្តរជាតិ​លើ​ដែន​កោះ​មួយ​នេះ​
 
«​ខណៈ​ដាក់ចេញ​វិធានការ​សុវត្ថិភាព​កាន់តែខ្លាំង យើង​អាច​មានឱកាស​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដែល​គ្មាន​វីរុស​»​។  រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ា​ល់​ឌី​វ លោក Fayyaz Ismail និយាយ​បែបនេះ ពេល​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​មកដល់​។ លោក​បន្តថា​៖«​ខ្ញុំ​គិតថា យើង​នឹងមិន​ត្រូវ​ការបិទ​ព្រំដែន​ឡើងវិញ​នោះទេ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ភ្ញៀវទេសចរ ពុំ​តម្រូវ​ឲ្យ​ធ្វើតេស្ត​រក COVID-19 ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​គ្មាន​វីរុស ដើម្បី​ចូល​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ​។ យ៉ាងណាមិញ ការធ្វើ​តេស្ត​ដោយ​ឥតគិតថ្លៃ នឹងត្រូវ​ផ្ដល់​ឲ្យ​អ្នកដំណើរ​ដែល​បង្ហាញ​រោគសញ្ញា​ក្តៅខ្លួន ឬ​ក្អក ជាដើម​។ ពួកគេ ក៏​នឹង​អាចធ្វើ​តេស្ត​ដោយ​គ្មាន​បង់ប្រាក់ នៅពេល​ចាក​ចេញពី​ប្រទេស​ម៉ា​ល់​ឌី​វ​ផងដែរ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ម៉ា​ល់​ឌី​វ​។ 
 
​មែនទែនទៅ វិស័យ​ទេសចរណ៍ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​សំខាន់​សម្រាប់​ប្រទេស​ម៉ា​ល់​ឌី​វ ដែល​ត្រូវបាន​ចាត់ទុកជា ឋានសួគ៌​ក្រោម​មេឃ​ដ៏​ពេញនិយម​សម្រាប់​គូស្នេហ៍​ក្រេបទឹក​ឃ្មុំ និង​តារា​ល្បីៗ ក្នុងការ​ដើរលេង​កម្សាន្ត​។ កន្លែង​លំហែកាយ​ចំនួន ៣៣ ក្នុងចំណោម​១៥៩​ទីតាំង ក្នុងប្រទេស​ម៉ា​ល់​ឌី​វ បាន​អះអាងថា ពួកគេ នឹង​បើកទ្វារ​ទទួល​អ្នកទេសច​រ ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា តទៅ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ ដូចជា Qatar Airways, Sri Lankan Airlines, Emirates និង Etihad បានរៀបចំ​ជើងហោះហើរ​ពួកគេ​ឆ្ពោះទៅកាន់​ម៉ា​ល់​ឌី​វ​ក្នុង​ខែកក្កដា ។ ចំណែក​ខ្លះទៀត ដូចជា Singapore Airline និង Hong Kong Airlines គ្រោង​បើក​ជើងហោះហើរ​ខ្លួន​ឡើងវិញ​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ ចាប់ពី​ខែសីហា ខាងមុខ​។ 
 
​បច្ចុប្បន្ន ដែន​កោះ​ដែលមាន​ប្រជាជន​រស់នៅ​សរុប ៣៤​ម៉ឹ​ន​នាក់​នេះ មាន​ករណី​ឆ្លង COVID-19 ចំនួន ២៨០០​ករណី ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់ ១៤​នាក់​។ ករណី​ឆ្លង​ភាគច្រើន គឺជា​ពលករ​អន្តោប្រវេសន៍​ក្រីក្រ​។  
 
​កន្លងទៅ អ្នកទេសចរ បាន​ជាប់គាំង​ក្នុងប្រទេស​ម៉ា​ល់​ឌី​វ នៅពេល​ជើងហោះហើរ​អន្តរជាតិ​ត្រូវបាន​ផ្អាក​ចាប់ពី​ចុងខែ​មីនា ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ។ អ្នក​ទាំងនោះ បាន​ចាក​ចេញពី​ប្រទេស​នេះ​វិញ ដោយមាន​ជំនួយ​ពី​រដ្ឋាភិបាល​ពួកគេ ឬ​តាមរយៈ​ជើងហោះហើរ​ឯកជន ។ បើតាម​ទិន្នន័យ​រដ្ឋាភិបាល ម៉ា​ល់​ឌី​វ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ១,៧​លាន​នាក់ កាលពី​ឆ្នាំ​២០១៩ ៕ 
 
 

Tag:
 ម៉ា​ល់​ឌី​វ​
  ទេសចរណ៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com