សង្គមអន្តរជាតិ​
អន្តរជាតិ
ទោះ​មិនត្រូវ​គ្នា​ជា​សាធារណៈ អាមេរិក​និង​កូរ៉េខាងជើង​លួច​ជជែក​គ្នា​ស្ងាត់ៗ​
16, Jul 2020 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បង្ហើប​ថា អាមេរិក និង​កូរ៉េខាងជើង​មានការ​ជជែក​គ្នា​នៅ​ខាងក្រោយ​ឆាក ដែល​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​លម្អិត​ឡើយ​។ ខណៈ​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ជាប់គាំង លោក ប៉ុ​ម​ប៉េ​អូ ក៏​សង្ឃឹមថា ភាគី​ទាំងពីរ​អាចមាន​ជំនួប​ថ្នាក់ខ្ពស់​នៅពេល​ខាងមុខ ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​អាច​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ម្ដងទៀត​ដែរ បើ​ការអនុវត្ត​កិច្ចព្រមព្រៀង​សិង្ហ​បុរី​ឆ្នាំ​២០១៨ មាន​ផ្លែផ្កា​។​

 
​អាមេរិក និង​កូរ៉េខាងជើង នៅតែ​មិន​ទៅណា​ឆ្ងាយ​ពីគ្នា បើទោះជា​លើក​ឆាក​ប្រទេស​ទាំងពីរ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពីគ្នា​ក្ដី​។ ម្ដង​ជា​ពីរដង មន្ត្រី​កូរ៉េខាងជើង​ដែល​ទទួលបន្ទុក​កិច្ចការ​អាមេរិក និង​សូម្បីតែ​អ្នកនាង គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន តែង​ចេញមុខ​ប្រកាសថា ព្យុងយ៉ាង​គ្មាន​ពេល​ចូល​តុ​ចរចា​ជាមួយ​វ៉ាស៊ីនតោន​ឡើយ​។ 
 
​ជា​សាធារណៈ គេ​ពិតជា​មិនឃើញ​ការចរចា​ណាមួយ​រវាង​កូរ៉េខាងជើង និង​អាមេរិក​មែន តែ​ផ្ទៃក្នុង​គឺមាន ហើយ​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ជា​អ្នក​បញ្ច​ញ​ដោយផ្ទាល់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ប៉ុ​ម​ប៉េ​អូ និយាយ​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ថា​៖ «​មានការ​ជជែក​គ្នា​ច្រើនជាង​អ្វីដែល​ត្រូវ​កត់សម្គាល់​ជា​សាធារណ​ជាមួយ​ជាមួយ​កូរ៉េខាងជើង​។​» លោក​មិនបាន​និយាយ​ឲ្យ​ច្បាស់​ឡើយ​ពី​រឿងនេះ​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ ក៏​បែរជា​បង្ហាញ​ក្ដី​សង្ឃឹមថា នឹងមាន​ជំនួប​ថ្នាក់ខ្ពស់​រវាង​អាមេរិក និង​កូរ៉េខាងជើង​មុនពេល​វេលា​ទៅ​ឆ្ងាយ​ពេក ហើយ​ដើម្បី​ជំរុញ​អ្វីដែល​បាន​ជជែក​កន្លងមក​។ ត្រង់នេះ លោក ប៉ុ​ម​ប៉េ​អូ ក៏​មិន​បញ្ជាក់​ឲ្យ​លម្អិត​ពី​កម្រិត​ខ្ពស់​ដែល​លោក​បានលើកឡើង​ដែរ​។ ប៉ុន្តែ​លោក និយាយ​ច្បាស់​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​ជួប​លោក គីម ជុង​អ៊ុន ម្ដងទៀត ក្នុងករណី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ មានដំណើរ​ការ​។​
 
​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ត្រាំ និង​លោក គីម អំឡុង​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី​។ កិច្ចព្រមព្រៀង​ដែលមាន​អត្ថន័យ​ទូលាយ​នេះ បានកំណត់​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ហើយ​អាមេរិក​ប្ដេជ្ញា​ចិត្តនឹង​លើក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង បើ​ការរំសាយ​នុយក្លេអ៊ែរ​ចេញ​ជា​លទ្ធផល​។ ប៉ុន្តែ​មកទល់ពេលនេះ ទោះបីជា​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​ពីរដង​ទៅហើយ ស្ថានការណ៍​នៅតែ​ដដែល​។ 
 
​ពី​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នេះ លោក ប៉ុ​ម​ប៉េ​អូ បាន​បដិសេធថា វា​អាច​ធ្វើឡើង​នៅមុន​ខែវិច្ឆិកា​ពេល​អាមេរិក​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ បើសិន​សភាពការណ៍​អំណោយផល ទាំង​លោក ត្រាំ និង​លោក គីម ប្រាកដជា​យល់ឃើញ​ដូចគ្នា​ពី​ប្រយោជន៍​នេះ​មិន​ខាន​៕ 
 
 
 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com