កីឡាជាតិ
ជាតិ
ប្រវត្តិ និង​ស្នាដៃ​ខ្លះៗ​របស់លោក ហែម លំផាត់ ក្នុង​វិស័យ​កីឡាហែលទឹក​
16, Jul 2020 , 9:29 pm        
រូបភាព
ដោយ:
​លោក ហែម លំផាត់ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ជា​កូនប្រុស​បង្កើត​ទី​ពីរ​របស់លោក ថែម ថុ​ន ក្នុងចំណោម​បងប្អូន​៥​នាក់​។ លោក បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាហែលទឹក​នៅ​ឆ្នាំ​១៩៨៦ និង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក​ក្នុងអំឡុង​ឆ្នាំ​២០០០​។ ពេល​នៅ​ជា​កីឡាករ លោក ធ្លាប់​តំណាង​កម្ពុជា​ចូលរួម​ការប្រកួត​លំដាប់​អន្តរជាតិ​ជាច្រើន ហើយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​កីឡាករ​កីឡាការិនី​ជនពិការ​ចូលរួម​ព្រឹត្តិការណ៍ ASEAN Para Games និង​ឈ្នះ​មេដាយ​ជាច្រើន​ផងដែរ​។ លោក បានទទួល​មរណភាព​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​ធ្លាយ​ក្រពះ និង​បាន​បន្សល់ទុក​កូនប្រុស​ចំនួន​៣​នាក់​។​

 
​លោក ហែម លំផាត់ កើត​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​១៩៧១ (​លិខិតឆ្លងដែន ១៩៧៦)​នៅ​ភូមិ​បក្សី ឃុំ​ចំបក់​ប្រាំ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ លោក ជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​៥​នាក់​(​ស្រី​២​នាក់​)​របស់លោក ថែម ថុ​ន អតីត​កីឡាករ​ឆ្នើម​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​អាយុ​៧៦​ឆ្នាំ​។​
 
​ដោយមាន​ឪពុក​ជា​អតីត​កីឡាករ​ហែល​ទឹក​ឆ្នើម ដែល​ធ្លាប់​ដណ្តើមបាន​មេដាយមាស​កម្រិត​អាស៊ីអាគ្នេយ៍​ជូន​ជាតិ​មាតុភូមិ បាន​ទាក់ទាញ​ចិត្ត​ឲ្យ​លោក ហែម លំផាត់ ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ទឹក​នៅ​អំឡុង​ឆ្នាំ​១៩៨៦ ព្រោះ​ចង់​ស្នង​តំណែង​ពី​ឪពុក​។ នៅ​ចន្លោះ​ឆ្នាំ​១៩៨៦-១៩៩៣ លោក លំផាត់ ត្រូវបាន​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េខាងជើង​រយៈពេល​១៧​ខែ​។ 
 
​នៅ​ឆ្នាំ​១៩៩២ លោក បានបញ្ចប់​ការសិក្សា និង​ប្រឡង​ចូល​ជា​គរុ​សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ជំនា​ន់ទី​៤ ហើយ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​។ ប៉ុន្តែ​នៅពេលនោះ លោក ក៏​ជា​កីឡាករ​ហែល​ទឹក ដ៏​ឆ្នើម​មួយរូប​ផងដែរ​។ 
 
​លោក​បាន​ចូលរួម​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA Games លើកដំបូង​នៅ​ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ តែ​លោក​ពុំ​ទទួលបាន​មេដាយ​នោះទេ​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៩៦ លោក​ស្ថិត​ក្នុងចំណោម​អត្ត​ព​លិ​ក​ដំបូង​៥​នាក់​របស់​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នា​ក្រោយ​សម័យ​ខ្មែរក្រហម​។ 


 
​លោក​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ការប្រកួត​កីឡា Olympic Games នៅ​ទីក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក រួមជាមួយ​អត្ត​ព​លិ​ក​៤​នាក់​ទៀត ក្នុងនោះ​មាន ប្អូនស្រី​របស់លោក គឺ​កីឡាការិនី ហែម រស្មី លើ​វិញ្ញាសា​ហែល​ទឹក​ដូចគ្នា លោក អ៊ុក ចាន់ថន លោក តូ រិ​ទ្ធិ​យ៉ា លើ​កីឡា​អត្ត​ពលិកម្ម និង​លោក វ៉ា​ត់ ចំរើន សម្រាប់​កីឡា​ចំបាប់​។ ការចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នេះ ជា​បទពិសោធ​ខ្ពស់បំផុត​ក្នុង​អាជីព​ជា​កីឡាករ​ហែល​ទឹក​សម្រាប់​លោក លំផាត់​។ 
 
 


 
 
​ក្រោយមក​នៅ​ឆ្នាំ​១៩៩៧ លោក បាន​ចូលរួម​ការប្រកួត​កីឡា SEA Games ជា​លើក​ទី​ពីរ​នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូណេស៊ី និង​ចូលរួម​ការប្រកួត SEA Games នៅ​ប្រទេស​ព្រុយ​ណេ​នៅ​ឆ្នាំ​១៩៩៩​។ ប៉ុន្តែ​ពុំមាន​របាយការណ៍​ណាមួយ​បង្ហាញ​ពី​សមិទ្ធផល​ល្អ និង​កំណត់ត្រា​(Record) ដែល​លោក លំផាត់ ទទួលបាន​ពី​ការចូលរួម​ការប្រកួត​ទាំង​៤​ខាងលើ​នោះឡើយ​។ 
 
​លោក​បាន​វិ​វត្ត​ខ្លួន​ពី​កីឡាករ​ទៅជា​គ្រូបង្វឹក​នៅ​អំឡុង​ឆ្នាំ​២០០០​។ លោក បាន​បន្តធ្វើ​ការងារ​នេះ​រហូត​បាន​ក្លាយជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡាហែលទឹក​រហូតដល់​បច្ចុប្បន្ន​។ បុរស​មកពី​ខេត្តពោធិ៍សាត់​រូបនេះ បាន​ធ្វើជា​គ្រូបង្វឹក​ក្រុម​កីឡាករ​កីឡាការិនី​ជនពិការ​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០២០​។ 
 
​ក្នុងអំឡុងពេល​ធ្វើជា​គ្រូបង្វឹក​កីឡាហែលទឹក​ជនពិការ​រយៈពេល​៩​ឆ្នាំនេះ លោក ហែម លំផាត់ ធ្លាប់​ដឹកនាំ​កីឡាករ​កីឡាការិនី​ជនពិការ​ទៅ​ចូលរួម​ការប្រកួត​កីឡា ASEAN Para Games ចំនួន​៤​លើក និង​ទទួលបាន​មេដាយ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​។ ក្នុងនោះ​នៅ​ឆ្នាំ​២០១១ លោក បាន​ដឹកនាំ​កីឡាករ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤​។ នៅ​ឆ្នាំ​២០១៣ គ្រូបង្វឹក​រូបនេះ​បាន​ដឹកនាំ​កីឡាករ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៧​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ដណ្តើមបាន​មេដាយ​មេដាយមាស​១​។​


 
​បន្ទាប់មក លោក បាន​ដឹកនាំ​កីឡាករ​កីឡាការិនី​ហែល​ទឹក​ជនពិការ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ ដោយ​កាលនោះ​ទទួលបាន​មេដាយ​សំរឹទ្ធ​១​។ នៅ​ឆ្នាំ​២០១៧ លោក បាន​ដឹកនាំ​កីឡាករ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​។​
 
​តាមរយៈ​សមិទ្ធផល​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​៦​នេះ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​គ្រោង​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណៈកម្មការ​នេះ ផ្តល់​មេដាយ​មច្ឆា​មរណៈ​ជូន​លោក ហែម លំផាត់ ដើម្បី​ជាការ​ដឹងគុណ និង​តម​ស្នង​នូវ​ស្នាដៃ ដែល​បាន​សាង​កន្លងមក​។ 
 
​លោក ហែម លំផាត់ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី អ៊ិត សុខ​ដា​នី ដោយមាន​កូនប្រុស​៣​រូប​ជា​ចំណងដៃ​។ កូនប្រុស​ច្បង ដែលមាន​អាយុ​ទើប​១០​មានឈ្មោះ ហែម ថុ​ន​ពុទ្ធា​វង្ស​, កូន​ទី​២​ឈ្មោះ ហែម ថុ​ន​រ៉ូ​ណា​ល់ និង​កូនពៅ​ឈ្មោះ ហែម ថុ​ន​រ៉ូ​ណូ​។ លោក បានទទួល​មរណភាព​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​អាយុ​៤៤​ឆ្នាំ ដោយសារ​ធ្លាយ​ក្រពះ​។ លោក​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​បាន​រយៈពេល​ពីរ​ថ្ងៃ​៕
 

Tag:
 ហែល​ទឹក​
  ហែម លំផាត់
© រក្សាសិទ្ធិដោយ thmeythmey.com