ជាតិ
សង្គមជាតិ
សិស្សសាលា​ឯកជន ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​១៧-១៨ ខែសីហា
16, Jul 2020 , 10:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ)
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ)
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន រៀបចំ​វិញ្ញាសា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ថ្ងៃទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០ ទៅតាម​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន​។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ឯកជន ត្រូវតែ​រៀបចំ​វិញ្ញាសា​ទៅតាម​ស្តង់ដា​ដែល​ក្រសួង​បាន​ដាក់ចេញ​កន្លងមក​។ មុននឹង​រៀបចំ​ការប្រឡង ក្រសួង​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​ប​ញ្ចូ​នប​ញ្ជី​ឈ្មោះ​ទៅ​ឲ្យ​ក្រសួង​ឲ្យ​បាន​មុន​ខែសីហា​។

 
​សម្រាប់​មុខវិជ្ជា​ប្រឡង​បាក់​ឌុប ក្រសួង​កំណត់​ដូចនឹង​មុខវិជ្ជា ដែល​ក្រសួង​ធ្លាប់​ចេញ​កន្លងមក​។ មុខវិជ្ជា​ប្រឡង​បាក់​ឌុប​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មានដូចជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មានដូចជា ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។ 
 
​ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ប្រកបដោយ​គុណភាព ក្រសួង​អប់រំ​នឹង​កំណត់​ឲ្យ​បេក្ខជន​ប្រឡង​តែ​១០ ទៅ​១៥​នាក់ ក្នុង​មួយ​បន្ទប់​។ គ្រឹះស្ថានសិក្សា​ឯកជន ក៏ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ដាច់ដោយឡែក​រវាង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ជាមួយគ្នា​ដែរ សាលា​ក៏ត្រូវ​ចាត់ចែង​ឲ្យ​មាន​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​សម្រាប់​តាមដាន និង​ត្រួតពិនិត្យ​នូវ​ដំណើរការ​ប្រឡង​។ 
 
​នៅពេល​បញ្ចប់​ដំណើរ​ការប្រឡង​រួច គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​វិញ្ញាសា​ដាក់​ក្នុង​ស្រោម​បិទ​សោ​សម្ងាត់ ដើម្បី​បញ្ជូនមក​ឲ្យ​ក្រសួង​ត្រួតពិនិត្យ​។ ក្រោយពី​ក្រសួង​ពិនិត្យ​រួចរាល់​ហើយ ក្រសួង​អប់រំ​ក៏​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​ឲ្យ​មាន​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​កណ្តាល គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ គណៈកម្មការ​ស្រង់ បូក​ពិន្ទុ ផ្ទៀងផ្ទាត់​ពិន្ទុ និង​គូស​ជាប់ និង​ធ្លាក់​។ ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​រាល់​ដំណើរ​ការប្រឡង​បាក់​ឌុប​។   
 
​ទាក់ទង​នឹង​កាលបរិច្ឆេទ​សម្រាប់ធ្វើ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប និង​កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ មិនទាន​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។  ម្យ៉ាងទៀត លោក​ក៏​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​សាលា​ឯកជន​ដែល​បាន​ផ្តល់ព័ត៌មាន​ទៅ​ឲ្យ​ក្រសួង និង​មានឈ្មោះ​បេក្ខជន​ប្រឡង​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​។ តែ​យ៉ាងណា​លោក​នឹង​បញ្ជាក់ នៅពេលណា​មាន​សេចក្តីជូនដំណឹង​។   
 
​ក្រសួង​អប់រំ​បាន​អះអាងថា ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​បាក់​ឌុប​ទេ ក្រសួង​នឹង​អនុគ្រោះ​ឲ្យ​ប្រឡង​ជាមួយ​គ្រឹះស្ថានសិក្សា​រដ្ឋ​នៅតាម​ក្រោយ​ផងដែរ​។ ក្រសួង មិនទាន់​កំណត់​ទេ​ថា សិ​ក្ស​សាលា​រដ្ឋ នឹងត្រូវ​ប្រឡង​បាក់​នៅពេលណា​៕ 
 
 

Tag:
 ក្រសួង​អប់រំ​
 ​គ្រឹះស្ថានសិក្សា​
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com