តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បញ្ជាក់​ការប្ដេជ្ញាចិត្ត​ការពារ​ទឹកដី​
សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បញ្ជាក់​ការប្ដេជ្ញាចិត្ត​ការពារ​ទឹកដី​
16, Jul 2020 , 3:48 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​តៃវ៉ាន់ នៅ​ថ្ងៃទី​១៦ ខែកក្កដា បានធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​មិនល្អ​។ លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​លើកឡើងថា សមយុទ្ធ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ទប់ទល់​ការឈ្លានពាន​ពី​សំណាក់​បរទេស និង​វាយតម្លៃ​ពី​ការអភិវឌ្ឍ​នៃ​សមត្ថភាព​យោធា​របស់ខ្លួន​។


«Han Kuang» គឺជា​ឈ្មោះ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់​តៃវ៉ាន់ ដែលមាន​វត្តមាន​យន្តហោះ​ចម្បាំង​ប្រភេទ F-16 យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក Ching-kuo រថពាសដែក និង​ទាហាន​ប្រមាណ ៨​ពាន់​នាក់​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ ក្បែរ​ទីក្រុង Taichung ដែល​ស្ថិតនៅ​ភាគ​កណ្តាល​របស់​តៃវ៉ាន់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ដើម្បី​វាយតម្លៃ​ពី​ការអភិវឌ្ឍ​នៃ​សកម្មភាព​ប្រយុទ្ធ​របស់​តៃវ៉ាន់​។ លោកស្រី​ប្រធានាធិបតី Tsai Ing-wen បានបញ្ជាក់​បែបនេះ​ទៅកាន់​កងទ័ព​របស់ខ្លួន ដោយ​បន្ថែមថា វា​ក៏​បង្ហាញ​ពី​ការប្តេជ្ញា​របស់​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ដែរ​។ 
 
​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​មួយ​នេះ ធ្វើឡើង​ស្របពេល​ដែល​ចិន បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​យ៉ាងខ្លាំង នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ កន្លងមក ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​របស់​ទីក្រុង​ប៉េកាំង បាន​ហោះ​ចូលមកក្នុង​ដែនអាកាស​របស់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​តៃវ៉ាន់ បញ្ជា​យន្តហោះ​ចម្បាំង​របស់ខ្លួន​ឲ្យ​ណ្តេ​ញ​ផងដែរ​។ 
 
​ទន្ទឹមនេះ លោកស្រី Tsai ក៏បាន​សន្យាថា លោកស្រី​នឹង​ឈរ​តទល់​ជាមួយ​ចិន តាមរយៈ​ការធ្វើ​ទំនើបកម្ម​យោធា​។ បើតាម​លោកស្រី​ប្រធានាធិបតី សន្តិសុខ​ជាតិ​តៃវ៉ាន់ មិនមែន​បានមក​ដោយសារ​ការ​ឱនលំទោន​នោះទេ ប៉ុន្តែ​វា​កើតចេញ​កម្លាំង​ការពារជាតិ​ដ៏​រឹងមាំ និង​មាន​យោធា​ជា​ស្នូល​។ 
 
​សូមបញ្ជាក់ថា ក្រោម​ក្រសែភ្នែក​របស់​ចិន តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់ខ្លួន ដោយ​ផ្អែក​ទៅតាម «​គោលនយោបាយ​ចិន​តែមួយ​» ប៉ុន្តែ​តៃវ៉ាន់ មិន​គិត​ដូច្នេះ​ឡើយ​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី Tsai តៃវ៉ាន់​តែងតែ​បង្ហាញ​ពី​សញ្ញា​ចង់​ប្រកាស​ឯករាជ្យ​។ ដោយសារ​បញ្ហា​នេះ ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា លទ្ធភាព​ចុងក្រោយ គឺ​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​វាយ​សង្គ្រប់​យក​កោះ​តៃវ៉ាន់ ប្រសិនបើ​ហ៊ាន​ប្រកាស​ឯករាជ្យ​៕

Tag:
 តៃវ៉ាន់​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com