ជាតិ
​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន មកជួយ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​
17, Jul 2020 , 8:29 am        
រូបភាព
 លោក Masahiro និងលោក វេង សាខុន ក្នុងពិធីចុះអនុស្សរណៈ
លោក Masahiro និងលោក វេង សាខុន ក្នុងពិធីចុះអនុស្សរណៈ
ដោយ:
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Yamato Green Co.,Ltd របស់​ជប៉ុន ស្តីពី "​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​" ក្នុង​គោលបំណង​អភិវឌ្ឍ​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​រីកចម្រើន​ស្របតាម​តម្រូវការ​ទីផ្សារ​បន្លែ​។ កម្មវិធី​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែកក្កដា មានការ​ចូលរួម​ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក Masahiro Mikami តំណាង​ក្រុមហ៊ុន​ជប៉ុន​។​

 
​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខ្លឹមសារ​ចំនួន ៤ ត្រូវបាន​ចុះហត្ថលេខា​ក្នុងនោះ​
​មាន ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ តាមរយៈ​ការចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និ​យោគ និង​អភិវឌ្ឍ​លើ​ផលិតកម្ម​បន្លែ​ទាំង​ការដាំដុះ កែច្នៃ វេច​ខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​បរទេស​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ​ពី​ប្រទេស​ជប៉ុន​។​
 


លោក Masahiro និងលោក វេង សាខុន ក្នុងពិធីចុះអនុស្សរណ



​រួម​ជាមួយគ្នានេះ ភាគី​ទាំងពីរ​នាំគ្នា​ចូលរួម​លើកកម្ពស់​គុណភាព សុវត្ថិភាព​បន្លែ​និង​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ឬ​តាម​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ទីផ្សារ​នាំចេញ រួមទាំង​ការ​​លើកកម្ពស់​សមត្ថភាព​អ្នក​ផលិត តាមរយៈ ការប្រើប្រាស់​បច្ចេកវិទ្យា ខ្សែចង្វាក់​តម្លៃបន្ថែម និង​និន្នាការ​ទីផ្សារ​) និង​ការប្រើប្រាស់​ធាតុ​ចូល​។​
 
​ក្រសួងកសិកម្ម បាន​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​ក្នុងទិសដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែ​ល​លក្ខណៈ​គ្រួសារ ទៅជា​ផលិតកម្ម​បែប ក​សិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​។ ក្រុមហ៊ុន​ជប៉ុន​ចំនួន ១០ នឹងចូលរួម​អភិវឌ្ឍ​លើ​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com