COVID-19
អន្តរជាតិ
ចិន នឹងបើករោងកុនជាថ្មីនាសប្តាហ៍ក្រោយ តែត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាព ប្រភពរូប៖ AFP
× រោងភាពយន្តភាគច្រើនក្នុងប្រទេសចិន នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរឡើងវិញ នាសប្តាហ៍ក្រោយ ដោយត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាពខ្ជាប់ខ្ជួន។ អាជ្ញាធរចិន និយាយបែបនេះ នៅថ្ងៃទី ១៦ ខែកក្កដា ខណៈគ្មានករណីឆ្លង COVID-19 ក្នុងស្រុក១០ថ្ងៃជាប់គ្នា។
រដ្ឋបាលភាពយន្តចិន បានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា រោងភាពយន្តក្នុងតំបន់មានហានិភ័យ COVID-19 ទាប អាចបើកដំណើរការឡើងវិញ នាថ្ងៃទី២០ ខែកក្កដាខាងមុខ ក៏ប៉ុន្តែត្រូវពិនិត្យកម្ពៅអ្នកចូលទស្សនា និងប្រាប់ឲ្យពួកគេពាក់ម៉ាស់ជាដាច់ខាត។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បណ្ដារោងកុនចិន ក៏តម្រូវឲ្យលក់សំបុត្រចូលទស្សនាមិនឲ្យលើស៣០ភាគរយនៃកៅអីអង្គុយសម្រាប់ការចូលមើលម្ដងៗ។ ទន្ទឹមនេះ ខាងរោងកុន ក៏ត្រូវរក្សាគម្លាតអ្នកទៅមើលរឿងយ៉ាងហោចណាស់ ១ ម៉ែត្រពីគ្នាផងដែរ។
អាជ្ញាធរភាពយន្តចិន កាលពីខែមីនាកន្លងទៅ បានប្រកាសថា ពួកគេ នឹងអនុញ្ញាតឲ្យបើករោងកុនឡើងវិញ ដែលត្រូវបានបិទទ្វារចាប់តាំងពីចុងខែមករា មក។ យ៉ាងណាមិញ ពួកគេបានសម្រេចដកហូតបញ្ជានេះវិញ ក្រោយពីមានផ្ទុះករណីឆ្លង COVID-19 ជាចង្កោមក្នុងប្រទេស ជាពិសេសនៅទីក្រុងប៉េកាំង។
រដ្ឋាភិបាលចិន នៅថ្ងៃទី ១៦ ខែកក្កដានេះ បានរាយការណ៍តែករណីឆ្លង COVID-19 មួយករណីប៉ុណ្ណោះ ហើយនេះគឺជាករណីនាំចូលពីបរទេសទៀតផង។ តំបន់ភាគច្រើននៃប្រទេសចិន ត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាបនៃការផ្ទុះរាលដាល COVID-19 ។
ម្ចាស់រោងភាពយន្ត រងគ្រោះខ្លាំងបំផុតខាងផ្នែករកចំណូលក្នុងឆ្នាំនេះ ខណៈពួកគេស្ថិតក្នុងចំណោមអាជីវកម្មចុងក្រោយបង្អស់ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ទោះបីជាករណីឆ្លងធ្លាក់ចុះក៏ដោយក្តី។ ក្រុមហ៊ុនរោងកុនធំបំផុតរបស់ចិន Wanda Film នៅថ្ងៃទី ១៥ ខែកក្កដា បានអះអាងថា ក្រុមហ៊ុនខ្លួន រំពឹងខាតបង់ចំណូលរហូតដល់ ២១៤លានដុល្លារសម្រាប់៦ខែដើមឆ្នាំ២០២០នេះ៕
Tag:
ចិន
រោងកុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com