ជាតិ
សង្គមជាតិ
អាល្លឺម៉ង់ បង្ហាញឆន្ទៈបន្តជួយកម្ពុជា លើកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ
16, Jul 2020 , 6:00 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ និង លោក Christian Berger ឯករដ្ឋទូតអាល្លឺមង់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ
ជំនួបរវាងសម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ និង លោក Christian Berger ឯករដ្ឋទូតអាល្លឺមង់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ
នៅចំពោះមុខសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក គ្រីស្ទាន បែកហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការបន្តគាំទ្រកម្ពុជា លើដំណើរការកំណែទម្រង់ប្រព័ន្ធវិមជ្ឈការនិងវិសហមជ្ឈការ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឥស្សរជនទាំង២ ដែលត្រូវបានបង្ហោះទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង។



ឥស្សរជនទាំង២ បានជួបពិភាក្សាគ្នា នៅទីស្តីការក្រសួងមហាផ្ទៃ កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ បើតាមប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត  រដ្ឋាភិបាលអាល្លឺម៉ង់ យល់យ៉ាងច្បាស់ថា កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពីព្រោះអាល្លឺម៉ង់ មានបទពិសោធខ្លួនឯងផ្ទាល់។

ជាមួយគ្នានេះ លោក សរសើរក្រសួងមហាផ្ទៃ ក្នុងការជំរុញនិងការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ បានកាន់តែច្រើន។ លោក ចាត់ទុក ការងារនេះ ថាជាជោគជ័យមួយ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា។

លើសពីនេះ លោក ក៏បានសរសើរក្រសួងមហាផ្ទៃដែរ ដែលបានផ្ទេរសមត្ថកិច្ច ក្នុងការផ្ដល់សេវាមួយចំនួន ដូចជា ការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ ជាដើម ឲ្យកាន់តែទៅជិតពលរដ្ឋ។ លោក យល់ថា ការបង្ខិតសេវាឲ្យកាន់តែទៅកៀកពលរដ្ឋនេះ គឺជាលទ្ធផលវិជ្ជមានមួយ ក្នុងដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានផ្ដល់សិទ្ធិអំណាចឲ្យអាជ្ញាធរមូលដ្ឋានកាន់តែច្រើន ដើម្បីងាយស្រួលក្នុងការផ្ដល់សេវាជូនពលរដ្ឋ កាន់តែរហ័ស និងមានប្រសិទ្ធភាព។

កាលពីថ្ងៃទី១ ខែកក្កដា សម្តេច ស ខេង បានចេញប្រកាសមួយ ដោយសម្រេចថា សៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ និង ការផ្លាស់ប្តូរទីលំនៅ  ដែលពីមុន អធិការនគរបាលក្រុង-ស្រុក-ខណ្ឌ ជាអ្នកពិនិត្យនិងផ្តល់ជូនពលរដ្ឋ ត្រូវបានប្រគល់ទៅឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ជាអ្នកពិនិត្យនិងផ្តល់ជូនវិញ។

ចំណែក ការពិនិត្យនិងការផ្តល់សៀវភៅគ្រួសារ និង ការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារ ដែលជាសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានី-ខេត្ត  ត្រូវបានផ្ទេរទៅឲ្យអធិការនគរបាលក្រុង-ស្រុក-ខណ្ឌ។

ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានសរសេរដូច្នេះថា៖«ឯកឧត្តម [ឯកអគ្គរដ្ឋទូត] ផ្ដល់ការគាំទ្រ និងបន្តជំរុញលើកទឹកចិត្តជូនសម្ដេច [ស ខេង] និងក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធនឹងដំណើរការកំណែទម្រង់នេះ ក្នុងការបន្តកិច្ចការដ៏មានសារៈសំខាន់នេះ កាន់តែខ្លាំងក្លាថែមទៀត»។

លោកឯកអគ្គរដ្ឋទូត ប្រាប់ថា បំណងរបស់លោក ដែលចូលជួបសម្ដេច ស ខេង នាពេលនេះ គឺចង់ពិភាក្សាពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោក ជម្រាបថា លោក ក៏ចង់ស្ដាប់ប្រសាសន៍របស់សម្ដេចដែរ ថាតើមកដល់ពេលនេះ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ បានដំណើរការដល់ចំណុចណា ហើយអ្វីជាទស្សនវិស័យបន្តទៀតរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការងារនេះ?

សម្តេច ស ខេង អរគុណលោកឯកអគ្គរដ្ឋទូត សម្រាប់ការវាយតម្លៃជាវិជ្ជមានលើដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ សម្ដេច ជម្រាប់ទៅលោកឯកអគ្គរដ្ឋទូតវិញថា រដ្ឋាភិបាលកម្ពុជា នៅតែមានការតាំងចិត្តមុតមាំ ក្នុងការធ្វើកំណែទម្រង់នេះ ឲ្យបានជោគជ័យតាមផែនការកំណត់។

សម្តេចរដ្ឋមន្រ្តី បន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានឈានដល់ការបញ្ចប់ដំណាក់កាលទី១ហើយ ដែលមានរយៈពេល១០ឆ្នាំ ហើយរដ្ឋាភិបាល កំពុងពិចារណាកសាងផែនការជំហានទី២បន្ទាប់ទៀត។ បើតាមសម្តេច រដ្ឋាភិបាល កំពុងពិចារណាថា ផែនការជំហានទី២នេះ គួរកំណត់យករយៈពេល១០ឆ្នាំដដែល ឬត្រឹមតែ៥ឆ្នាំ។  

រដ្ឋមន្រ្តីមហាផ្ទៃ បន្ថែមថា ក្នុងដំណើរការកំណែទម្រង់នេះ កម្ពុជា បានមកដល់ដំណាក់កាលមួយ ដែលត្រូវតែផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និង ថវិកា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ថា ការផ្ទេរនេះ គឺជាការអនុវត្តស្របទៅនឹងផែនការ១០ឆ្នាំនៃកំណែទម្រង់នេះ។

សម្តេច ជម្រាបទៅលោកឯករដ្ឋទូតទៀតថា ការងារពាក់ព័ន្ធនឹងច្រកចេញចូលតែមួយ មានវឌ្ឍនភាពជាច្រើន ជាក់ស្ដែង ក្រសួងបានរៀបចំការិយាល័យច្រកចេញចូលតែមួយនៅគ្រប់បណ្ដាខេត្តហើយ ដោយក្នុងនោះ ៥០ភាគនៃស្រុកទាំងអស់ បានរៀបចំដំណើរការរួចរាល់ និងនៅសល់៥០ភាគរយទៀត នឹងបន្តរៀបចំបន្ថែម។

រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងទៅកាន់លោកឯករដ្ឋទូត ដូច្នេះថា៖«ទោះបីជាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មិនទាន់ល្អឥតខ្ចោះក៏ដោយ ប៉ុន្តែនេះគឺជាការចេញដំណើរមួយដ៏ល្អ»។

រដ្ឋមន្រ្តីមហាផ្ទៃ បានអរគុណ ចំពោះការប្ដេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ជាពិសេសការគាំទ្រ និងការចូលរួមរៀបចំផែនការកំណែទម្រង់ដំណាក់កាលទី២ ដែលអាចមានរយៈពេល១០ឆ្នាំ ឬ៥ឆ្នាំ។  

«នេះគឺកិច្ចការមួយដ៏មានសារៈសំខាន់ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការជំរុញឲ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទទួលបានជោគជ័យ»។ នេះជាសម្តីរបស់រដ្ឋមន្រ្តីមហាផ្ទៃដដែល ទៅកាន់លោកឯកអគ្គរដ្ឋទូត។

សម្តេច ស ខេង ថែមទាំងអំណរគុណលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ជាពិសេសទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ រដ្ឋមន្រ្តីកម្ពុជាដល់ទៅរូប រួមមាន សម្តេច  ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និង សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ ដើម្បីសិក្សាឈ្វេងយល់ពីប្រព័ន្ធវិមជ្ឈការនិងវិសហមជ្ឈការ។

និយមន័យមួយ ក្នុងចំណោមនិយមន័យផ្សេងទៀត វិមជ្ឈការ គឺសំដៅលើការផ្ទេរសិទ្ធិអំណាចជាអចិន្ត្រៃយ៍ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវិសហមជ្ឈការ គឺជាការផ្ទេរសិទ្ធិអំណាចមិនអចិន្ត្រៃយ៍ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឧទាហរណ៍ថា ការធ្វើសៀវភៅគ្រួសារនិងធ្វើការអត្តសញ្ញាណបណ្ណ គឺហៅថាវិមជ្ឈការ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិឬអាជ្ញាធរមូលដ្ឋាន មានសិទ្ធិអំណាចពេញលេញនិងជាអចិន្ត្រៃយ៍ ក្នុងការធ្វើកិច្ចការនេះ ដោយមិនចាំបាច់សួរនាំទៅថ្នាក់ជាតិឡើយ។

ឧទាហរណ៍ថា រដ្ឋាភិបាល ទម្លាក់ថវិការក្នុងទំហំណាមួយ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កសាងធារាសាស្រ្ត ជូនប្រជាកសិករ គឺហៅថា វិសហមជ្ឈការ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវទទួលខុសត្រូវចំពោះថ្នាក់ជាតិ ដូចជា ក្រសួង ជាដើម ក្នុងការកសាងធារាសាស្រ្តនេះ ហើយសិទ្ធិអំណាចនេះ មិនអចិន្រ្តៃយ៍ឡើយ ដោយនឹងត្រូវបញ្ចប់ ពេលកសាងធារាសាស្រ្តរួច។

នៅឆ្នាំ២០២០ រដ្ឋបាលឃុំ-សង្កាត់នីមួយៗ ទទួលបានថវិកាប្រមាណ១,២សែនដុល្លារ។ បើធៀបនឹងឆ្នាំ២០១៩ ថវិកានេះ កើនឡើងទ្វេដង។

វិមជ្ឈការនិងវិសហមជ្ឈការ ត្រូវបានចាត់ទុក ជាយន្តការដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យនានានៅថ្នាក់ក្រោមជាតិ រួមទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ៕

Tag:
 ស ខេង
  វិជ្ឈការ
  វិសហមជ្ឈការ
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com