សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក នឹង​គាំទ្រ​ប្រទេស​ដែល​ដែន​អធិបតេយ្យ​ត្រូវ​ចិន​បំពាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
16, Jul 2020 , 11:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។ រូបភាព AFP
ដោយ:
​សហរដ្ឋអាមេរិក នឹង​គាំទ្រ​ប្រទេស​ដែល​ខ្លួន​ជឿថា មាន​ដែន​អធិបតេយ្យ​ដែល​ពួកគេ​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រង​ការបំពាន​ដោយ​ចិន​។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​ដូច្នេះ នៅ​ថ្ងៃទី​១៥ ខែកក្កដា​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា អាមេរិក​នឹងធ្វើ​បែប​នោះ ដោយ​ប្រើប្រាស់​វេទិកា​ពហុភាគី និង​ផ្លូវច្បាប់​។

 
 
«​វា​(​សមុទ្រ​ចិន​ខាងត្បូង​) ពុំមែន​ជា​អាណាចក្រ​ដែនទឹក​របស់​ចិន​ឡើយ​»​។ លោក​រដ្ឋមន្ត្រី ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​បែបនេះ អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​បន្ថែមថា ប្រសិនបើ​ចិន​រំលោភបំពាន​ច្បាប់​អន្តរជាតិ ហើយ​ប្រជាជាតិ​មាន​និន្នាការ​សេរី​មិន​ធ្វើ​អ្វី​សោះ​នោះ ប្រវត្តិសាស្ត្រ បង្ហាញថា  បក្ស​កុម្មុយនីស្ត​ចិន នឹង​ដណ្ដើមយក​ដែនដី​ថែមទៀត​។ លោក​សង្កត់ធ្ងន់ថា​៖«​វា​បាន​កើតឡើង​ក្នុងការ​ដឹកនាំ​របស់រ​ដ្ឋ​បាល​មុន​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការទូត​អាមេរិក​រូបនេះ បញ្ជាក់ទៀតថា ទីក្រុង​វ៉ាស៊ីនតោន នឹង​គាំទ្រ​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដែល​ទទួលស្គាល់ថា ចិន​បាន​រំលោភបំពាន​ការទាមទារ​ដែន​អធិបតេយ្យ​ស្របច្បាប់​ពួកគេ​។ 
 
​ត្រង់ចំណុច​នេះ លោក ប៉ុ​ម​ប៉េ​អូ អះអាង​ដូច្នេះ​ថា​៖«​យើង​នឹង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ជំនួយ​ដែល​យើង​អាច​ធ្វើបាន មិន​ថា​ក្នុង​ស្ថាប័ន​ពហុភាគី​និយម មិន​ថា​ក្នុង​អាស៊ាន មិន​ថា​តាមរយៈ​ការឆ្លើយតប​ផ្លូវច្បាប់ យើង​នឹង​ប្រើ​ឧបករណ៍​ទាំងអស់​ដែល​យើង​អាច​ធ្វើបាន​»​។ 
 
​កាលពីដើម​សប្តាហ៍​នេះ លោក​រដ្ឋមន្ត្រី ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា ការទាមទារ​ធនធាន​ធម្មជាតិ​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​សកម្មភាព​ខុសច្បាប់ ហើយ អាមេរិក នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង និង​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​។​
 
 
​មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ១៤ ខែកក្កដា ស្ថានទូត​ចិន​ប្រចាំ​វ៉ាស៊ីនតោន ចាត់ទុក​ការលើកឡើង​របស់​អាមេរិក ដែលថា​ចិន​រករឿង​ប្រទេសជិតខាង គឺ​មិន​យុត្តិធម៌​ទាល់តែសោះ​។ ចិន​ថា អាមេរិក មិនមែនជា​ភាគី​នៃ​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ប៉ុន្តែ​ប្រទេសមួយ​នេះ នៅតែ​បន្ត​ជ្រៀតជ្រែក​ចូលមក​។​
 
​នៅ​ថ្ងៃទី ១៥ ខែកក្កដា រដ្ឋាភិបាល​ចិន បានប្រកាស​ជំហរ​ទៀតថា ខ្លួន​មិន​ខ្លាចញញើត​ទណ្ឌកម្ម​អាមេរិក​ណាមួយ​ដែល​អាចដាក់​លើ​ខ្លួន​ជុំវិញ​ស្ថានការណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ជាមួយគ្នានេះ ចិន ក៏បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា ដំឡើង​សាច់ដុំ បង្កបញ្ហា​ចម្រូងចម្រាស និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​នៅក្នុង​តំបន់​។​
 
​ដោយ​ផ្អែកលើ​យុត្តាធិការ​ប្រវត្តិសាស្ត្រ ចិន​ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​នេះ​។  ក្រៅពី​វៀតណាម និង​ហ្វីលីពីន ភាគី​ផ្សេងទៀត​ដែល​ទាមទារ​ចំណែក​ពួកគេ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន ព្រុយ​ណេ ម៉ាឡេស៊ី និង​កោះ​តៃវ៉ាន់​។​
 
​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​សម្បូរ​ដ៏​ធនធានធម្មជាតិ​និង​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​មមាញឹក គឺជា​អាទិភាព​យុទ្ធសាស្ត្រ​គោល​មួយ​សម្រាប់​ចិន​។ តាំងពី​ដើមឆ្នាំ​២០១៥​មក ចិន​បាន​សាងសង់​កោះ សិប្បនិម្មិត​ចំនួន​៧​ក្នុង​ប្រជុំ​កោះ Spratly និង​ធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​វត្តមាន​ខ្លួន​ក្នុង​តំបន់​ជម្លោះ​នេះ​។​
 
​ក្រៅពី​ចិន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​ដែល​ទាមទារ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ឥណ្ឌូណេស៊ី​ដែល​ពុំមែន​ជា​ប្រទេស​ទាមទារ ក៏មាន​ជម្លោះ​ដាច់ដោយឡែក​ជាមួយ​ប៉េកាំង​ជុំវិញ​ផ្នែក​នៃ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន (EEZ) ។ រឿង​ដែល​ប៉ះពាល់​ប្រយោជន៍​រដ្ឋាភិបាល​ហ្សា​ការ​តា​នៅត្រង់ចំណុច​ថា ចិន​ទាមទារ​ទឹកដី​តាម​បន្ទាត់​៩​ឆ្នូត​(Nine-dash line) ដែល​យក​ជា​កម្មសិទ្ធិ​ដែនទឹក​ស្ទើរ​ទាំងស្រុង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​រាប់ទាំង​ផ្នែក​នៃ EEZ របស់​ឥណ្ឌូណេស៊ី​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com