ជាតិ
សម្ដេច ហ៊ុន សែន គ្រោង​ទម្លាក់​ថវិកា ៥​លាន​ដុល្លារ​ទៀត សម្រាប់​ជួយ​កសិករ​ទូទាំងប្រទេស​
17, Jul 2020 , 12:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​ទម្លាក់​ថវិកា​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​កសិករ​ទូទាំងប្រទេស នៅក្នុង​វិស័យ​វារីវប្បកម្ម​។ សម្ដេច ថ្លែង​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ត្រី​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កាលពី​ថ្ងៃទី ១៤ កក្កដា​។

 
​សម្ដេច ហ៊ុន សែន មើលឃើញថា វិស័យ​កសិកម្ម ជាពិសេស​វារីវប្បកម្ម (​ការចិញ្ចឹម​ត្រី កង្កែប អន្ទង់​ជាដើម​) មាន​លក្ខណៈ​ឋិត​ឋេ​រ និង​មិនសូវ​រង​ផលប៉ះពាល់​ឡើយ នៅក្នុង​អំឡុងពេល​កូ​វីដ​-១៩ នេះ ដែល​ផ្ទុយ​ពី​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ ដោយ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​កសិកម្ម ប្រមុខ​រដ្ឋាភិបាល គ្រោង​ទម្លាក់​ថវិកា​៥​លាន​ដុល្លារ​ទៀត ដើម្បី​ទុកឱ្យ​ពលរដ្ឋ​យកទៅ​ប្រើប្រាស់​ធ្វើជា​ដើមទុន និង​ពង្រីក​មុខរបរ​ក្នុង​ផ្នែក​វារីវប្បកម្ម​នេះ​។ បច្ចុប្បន្ននេះ រដ្ឋាភិបាល បាន​ទម្លាក់​ថវិកា​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​កសិករ​ហើយ​។​




 
​ថ្លែង​ចំពោះមុខ​ប្រជាកសិករ​នៅ​ខេត្តព្រៃវែង នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​ឥឡូវ​យក​ទើប​អស់​កន្លះ​លាន​(​ចំណាយ​៥០​ម៉ឺន​ដុល្លារ​)​។ ខ្ញុំ​ថា ឱ្យចំ​ណាយ​៥​លាន​ដុល្លារ​ថែមទៀត ក៏​វា​មិន​ហួសហេតុ​ដែរ ដើម្បី​ពង្រីក​ឱ្យ​កសិករ​យើង​ចិញ្ចឹម​ត្រី ។ អត់​ខ្លាច​វិនិយោគ​ទេ ព្រោះ​ការវិនិយោគ​នេះ ជាកា​រិ​និ​យោគ​បង្កើត​ការងារ​ឱ្យ​កសិករ បង្កើត​ប្រាក់ចំណូល​ឱ្យ​កសិករ វា​ក៏មាន​តម្លៃ មិន​អន់​ជាង​ការវិនិយោគ​ធ្វើ​សាលារៀន​នោះទេ ដូច្នេះ​អត់​មានរឿង​អី​ត្រូវ​ខ្លាច​វិនិយោគ​ទេ​»​។​
 
​បច្ចុប្បន្ននេះ មាន​កសិករ​ចិញ្ចឹម​ត្រី​ប្រមាណ ៤៦, ០០០​គ្រួសារ ខណៈ​សម្តេច​ចង់​ពង្រីក​បន្ថែម​ឱ្យបាន​ដល់ ១០​ម៉ឺន​គ្រួសារ ដើម្បី​បង្កើន​ការចិញ្ចឹម​ត្រី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។​
 
​បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម​ក្នុង​ឆ្នាំ​២០០៩ ការងារ​ចិញ្ចឹម​ត្រី​បាន ៥​ម៉ឺន​តោន​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​វិញ ការងារ​ចិញ្ចឹម​ត្រី​បាន​ចំនួន ៣៧,៤០៨​តោន ភ្ញាស់​កូន​ត្រី​បាន ២២២​លាន​ក្បាល ហើយ​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​មាន​កំណើន​ជា​មធ្យម ២០​ភាគរយ​ក្នុង​មួយឆ្នាំ​៕
 
 

Tag:
 កសិកម្ម​
  វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com