COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ត្រៀម​រុះរើ​រដ្ឋាភិបាល ក្រោយ​រដ្ឋមន្ត្រី​សំខាន់ៗ​លាលែង​ពី​តំណែង​
17, Jul 2020 , 9:50 am        
រូបភាព
​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៦ ខែកក្កដា បាន​បង្ហើប​ពី​គម្រោង​រុះរើ​រដ្ឋាភិបាល​របស់លោក បន្ទាប់ពី​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ និង​រដ្ឋមន្ត្រី​សំខាន់ៗ​ដែល​ទាក់ទង​វិស័យសេដ្ឋកិច្ច​លាលែង​ពី​តំណែង​រៀងៗ​ខ្លួន​។ ក្រៅពី​មន្ត្រី​ក្នុង​ជួរ​បក្ស​កាន់អំណាច​កម្លាំង​ប្រជារាស្ត្រ លោក ប្រា​យុទ្ធ ក៏​សម្លឹងមើល​បេក្ខជន​ខាងក្រៅ​ដើម្បី​បំពេញ​សមាសភាព​រដ្ឋាភិបាល​ថ្មី ស្របពេល​រដ្ឋាភិបាលរ​បស់​លោក​កំពុង​រក​ផ្លូវ​អូស​ថៃ​ចេញពី​វិបត្តិ COVID-19 ។​

 
​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច  Somkid Jatusripitak, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Uttama Savanaya, រដ្ឋមន្ត្រី​ថាមពល Sontirat Sontijirawong, រដ្ឋមន្ត្រី​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ Suvit Maesincee និង​អគ្គលេខាធិការ​រងការិយាល័យ​នាយករដ្ឋមន្ត្រី Kobsak Pootrakul បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៥ និង​ទី​១៦ ខែកក្កដា​។ ឧបនាយករដ្ឋមន្ត្រី Somkid និង​រដ្ឋមន្ត្រី​ទាំងបី ត្រូវបាន​ចាត់ទុកជា​ក្រុមការងារ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។​
 
​ពី​ខេត្ត​ស៊ីសាកេត នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទទួលយក​លាលែង​ពី​តំណែង​របស់​ថ្នាក់ក្រោម​លោក​។ លោក​អះអាងថា លោក​មិនមាន​សម្ពាធ​អ្វី​ឡើយ​ក្នុងការ​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី ហើយ​លោក​គ្រោង​បញ្ចេញ​បញ្ជី​ឈ្មោះ​ថ្មី​នៅ​ខែក្រោយ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ក៏​សារភាពថា បាន​ទាក់ទង​បុគ្គល​ជាច្រើន​ដើម្បី​បំពេញ​បញ្ជី​ក្រុមការងារ​សេដ្ឋកិច្ច​ជាថ្មី​ក្នុងការ​ស្រោចស្រង់​ប្រទេស​ពី​ជំងឺ COVID-19 ព្រមទាំង​សមាសភាព​រដ្ឋមន្ត្រី​ឯទៀត​។  
 
«​ការដោះដូរ​នឹងធ្វើ​ឡើង​ឆាប់ៗ​។ បញ្ជី​ឈ្មោះ​អាច​រួចរាល់​នៅ​ខែក្រោយ​។ ខ្ញុំ​បាន​ទាក់ទង​មនុស្ស​មួយចំនួន​ឲ្យ​ចូលរួម​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​មិនទាន់​ផ្ដល់​ចម្លើយ​តប​វិញ​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​បង្ហាញ​ការសោកស្ដាយ​ចំពោះ​ការចាកចេញ​របស់​មន្ត្រី​របស់លោក​ដែល​ធ្វើការ​ជាមួយគ្នា​។ បើតាម​មេដឹកនាំ​ថៃ​រូបនេះ ការលាលែង​របស់​មន្ត្រី​គ្រាក់ៗ​នេះ ផ្ដើមចេញពី​រឿង​នយោបាយ​តែម្ដង​។​
 
​តាមពិតទៅ ការលាលែង​របស់​រដ្ឋ​មន្ត្រី​ខាងលើ ធ្វើឡើង​ក្រោយ​ការរុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែលមាន​សំឡេង​ច្រើន​ក្នុង​សម្ព័ន្ធភាព​ចម្រុះ​ដឹកនាំ​រដ្ឋាភិបាល​។ ដ្បិត​បក្ស​នេះ​មាន​សមាសភាព​អ្នកនយោបាយ​មកពី​ក្រុម​ផ្សេងគ្នា ការបង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ក៏​នាំ​ឲ្យ​មានការ​លាលែង​ពេលនេះ​ដើម្បី​បើកផ្លូវ​ឲ្យ​សមាជិក​បក្ស​មកពី​ក្រុម​ផ្សេងទៀត​ដឹកនាំ​រដ្ឋាភិបាល​ម្ដង​។ សព្វថ្ងៃ ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ ប្រា​វីត វង្ស​សុវណ្ណ ជា​មេបក្ស​ជំនួស​លោក Uttama​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ដាក់ពាក្យ​លាលែង លោក Uttama លើកឡើងថា ក្រុម​របស់លោក​ឃើញ​ពេលវេលា​នេះ​ជា​ចំណុច​សក្តិសម​ត្រូវ​ដើរចេញ ដើម្បី​ឲ្យ​ថៃ​ឆ្ពោះទៅមុខ និង​បន្ធូរ​សម្ពាធ​នយោបាយ​ខ្លះ​៕ 
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com